ជាតិ
លោក មិន សារិន តួសម្ដែង​ជើង​ចាស់លក់​​ផ្ទះ​ដើម្បី​ព្យាបាល​ជំងឺ​
13, Oct 2022 , 4:36 pm        
រូបភាព
 លោក_មិន_សារិន_ហៅម៉ែ_តួសម្ដែង​ភាព​យន្ត​ជើង​ចាស់_រូបពីហ្វេសប៊ុក_មិន
លោក_មិន_សារិន_ហៅម៉ែ_តួសម្ដែង​ភាព​យន្ត​ជើង​ចាស់_រូបពីហ្វេសប៊ុក_មិន
 ភ្នំពេញ៖ ស្ថិត​ក្នុង​ជន្មាយុ​៨៣ឆ្នាំ លោក មិន សារិន ហៅ​ ម៉ែន ដែល​ជាតួសម្ដែង​ជើង​ចាស់នោះ ​កំពុង​មាន​ជំងឺ​ ស្ពឹក​ដៃ​ជើង លើស​ឈាម​ ក្រួស​ក្នុង​តម្រង​​នោម​ និង​ហត់​។ ព្រោះ​ជីវភាព​ខ្វះ​ខាត​ លោក​ បាន​សម្រេច​ចិត្ត​លក់​ផ្ទះនិង​ដី ក្នុង​តម្លៃ​២២​ម៉ឺន​ដុល្លារ​អាមេរិក​​ ដើម្បី​ព្យាបាល​ជំងឺ​។



​អ្នក​ស្រី មិន ស្រីទូច ត្រូវ​ជា​កូន​ស្រី​របស់​លោក មិន​ សារិន បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​តាម​ទូរសព្ទ​ថា​ ឪពុក​របស់​អ្នក​ស្រី​​មាន​ជំងឺលើស​ឈាម​​ប្រចាំ​កាយ​ យូរឆ្នាំ​​មក​ហើយ។ ដោយ​ឡែក​ជំងឺ​​​ស្ពឹក​ដៃ​ជើង ក្រួស​ក្នុង​តម្រង​នោម​ និង​ហត់​ ទើប​តែ​មាន​ប្រមាណ​ជា​៣ទៅ​៤​ខែ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ​។
 
អ្នក​ស្រី​ថា ជីវភាព​ក្នុង​គ្រួសាររបស់​អ្នក​ស្រី ​កំពុង​ជួប​ការ​ខ្វះ​ខាត ទើប​​បាន​ជា ​គ្រួសារ​ទាំង​មូល​សម្រេច​លក់​ផ្ទះ​និង​ដី ដើម្បី​យក​ប្រាក់​នោះ​ទៅ​ព្យាបាល​ជំងឺ​ឪពុក​។ ដី​ដែល​មាន​ទំហំ​ទទឹង​៨.៣ និង​បណ្ដោយ​​២៥​ម៉ែត្រ​ ​ដែល​ស្ថិតនៅ​ខាង​ក្រោយ​វត្ត​ច្បារ​អំពៅ ប្រមាណ​២៥០​ម៉ែត្រ ក្នុង​​​សង្កាត់​ច្បារ​អំពៅ​ ខណ្ឌ​ច្បារ​អំពៅ រាជធានីភ្នំពេញ អ្នក​ស្រី មិន ស្រីទូច លក់​ក្នុង​តម្លៃ​២២​ម៉ឺន​ដុល្លារ​អាមេរិក​។
 
អ្នក​ស្រី មិន ស្រីទូច បន្ថែម​៖«ឪពុក​ខ្ញុំ​អង្គុយ​មិន​បាន​យូរ​ទេ គាត់​ឆាប់​ហត់​ ហើយគាត់​ធ្ងន់​​ត្រចៀកខ្លាំង​ (ស្ដាប់​​មិន​សូវ​ឮ​)​។ ឥឡូវ​យើង​កំពុង​ខ្វះ​ខាត​ខ្លាំង​ យើង​ត្រូវ​ការ​ប្រាក់ ដើម្បី​ព្យាបាល​គាត់(លោក យិន សារិន)។ សព្វ​ថ្ងៃ​បាន​សមាគមន៍​​សិល្បករខ្មែរ​ឧបត្ថម្ភ​ជា​ប្រចាំ​ខែ​ បង​អ៊ឹម​ជីវ៉ា​គាត់​ក៏​ជួយ​ខ្លះ​ដែរ ហើយ​មាន​ឧកញ៉ាម្នាក់​ទៀត​ក៏​បាន​ជួយ​ខ្លះដែរ​»។ 
 
សូម​បញ្ជាក់​ថា លោក មិន សារិន ហៅម៉ែន បាន​សម្ដែង​ភាព​យន្ត​ប្រមាណ​ជា​៧០​រឿង មាន​រឿង “​ចិត្ត​ចង​ចាំ​” ជា​ស្នាដៃ​របស់​លោក ម៉ៅ អាយុទ្ធ។ រឿង “ទុក្ខ​ស្រីប្ដីព្រាត់” ស្នាដៃរបស់​លោក សោម ដូរិន្ទ។ រឿង “ម្ជុលបាតសមុទ្រ” របស់​ភូមិ​ពេជ្រភាពយន្ត​។ រឿង “ដងរែក” ជា​រឿង​បែប​អប់រំ ដែល​ស្រង់​ចេញ​ពី​គម្ពី​រ​ព្រះ​ពុទ្ធ​សាសនា រឿង “នរក៩ជាន់” ដែល​មាន​អ្នក​ស្រី អ៊ុំ សុវណ្ណនី ត្រូវ​ជា​កូន​ស្រី​ច្បង​របស់​លោក មិន​ សារិន​ សម្ដែង​ជា​តួឯក​ស្រី​ និង​មាន​រឿង​ជា​ច្រើន​ទៀត ​​ដែល​លោក​បាន​សម្ដែង​​។ ក៏​មាន​ដែរ​លោក​បាន​ថត​ស្ពត​នានា និង​ថតខារ៉ាអូខេ​​​ច្រើន​ទៀត​។
 
លោក មិន សារិន ធ្លាប់​បាន​ចូល​បម្រើ​កង​ទ័ពសម័យ​សង្គម​រាស្ត្រ​និយម នៅ​ឆ្នាំ​១៩៦៣។ លុះ​ដល់​ឆ្នាំ​១៩៧០-១៩៧៥ លោក​ជា​កង​ទ័ព​ក្នុង​របប​ លន់ នុល។ ពី​ឆ្នាំ​១៩៧៥-១៩៧៩ លោក​ក៏​ធ្លាក់​ក្នុង​សម័យ​សង្រ្គាម​ ត្រូវ​ធ្វើ​ការ​ហួស​កម្លាំង​ដូច​ពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត​ដែរ​។ 
 
បច្ចុប្បន្ន​លោក មិន​ សារិន ហៅ​ ម៉ែន រស់​នៅ​​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ច្បារ​អំពៅ​។ លោក​មាន​កូន​១៣​នាក់​។ ប្រពន្ធ​មុន​មាន​កូន​ម្នាក់​ គឺ​អ្នកស្រី អ៊ុំ សុវណ្ណនី ដែល​ជា​តួ​សម្ដែង​ល្បី​ឈ្មោះ​កាល​អំឡុង​ទសវត្សរ៍​៩០​​។ សម្រាប់​ប្រពន្ធ​ក្រោយ​ លោក​មាន​កូន​១២​នាក់ ​(កូន​មាន​សរសៃប្រសាទ​ម្នាក់​) ហើយ​បាន​ស្លាប់​៤​នាក់​។ នេះ​បើ​តាម​អ្នក​ស្រី មិន​ ស្រី​ទូច​ បញ្ជាក់​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​៕​
 
 

Tag:
 សិល្បៈ​
  តួសម្ដែង​
  ភាព​យន្ត​
  ជំងឺ​
 
© រក្សាសិទ្ធិដោយ thmeythmey.com