ជាតិ
យុវជនសកម្ម សេវាល្អ
កំពត៖ ទោះកម្លាំងនគរបាលមានតិច តែលោក ពៅ ទូច តាំងចិត្តការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ
12, Nov 2022 , 2:29 pm        
រូបភាព
ដោយ៖ កាយ ធីតា និង ណី ស្រីពៅ (យុវជនឃុំត្រពាំងធំ)
 
ស្រុកទឹកឈូ, កំពត៖ បច្ចុប្បន្ន ប៉ុស្តិ៍នគរបាលឃុំត្រពាំងធំ មានកម្លាំងសមត្ថកិច្ចតែចំនួន ៥នាក់ប៉ុណ្ណោះ នៅក្នុងការបម្រើសេវាសាធារណៈ និងការពារសុវត្ថិភាពជូនពលរដ្ឋ។ នេះបើតាមលោក ពៅ ទូច មេប៉ុស្តិ៍នគរបាលឃុំត្រពាំងធំ ដែលមានទីតាំងស្ថិតក្នុងស្រុកទឹក ឈូ ខេត្តកំពត។ 

 
បើតាមលោក ពៅ ទូច កម្លាំងនគរបាលឃុំនេះ គឺមានចំនួនតិច បើធៀបនឹងការកំណត់របស់ក្រសួងមហាផ្ទៃ ដែលតាមស្តង់ដារ ក្នុងប៉ុស្តិ៍នីមួយៗ ត្រូវមានកម្លាំងយ៉ាងហោចណាស់ ក៏ត្រូវមានកម្លាំង ៨ ឬ៩នាក់ដែរ។ ចំណែកប្រជាពលរដ្ឋនៅក្នុងឃុំត្រពាំងធំ មានសរុបជាង ៧០០គ្រួសារ ឬស្មើនឹងជាង ៣ ៥០០ នាក់។ 
 
ដ្បិតតែមានកម្លាំងតិច ប៉ុន្តែមេប៉ុស្តិ៍រូបនេះ បានគូសបញ្ជាក់ថា លោកអាចចាត់ចែងកម្លាំងក្នុងល្បាតចល័ត នៅតាមភូមិ ជាប្រចាំបាន ដើម្បីទប់ស្កាត់បទល្មើល និងការពារសុខ សុវត្ថិភាព ជូនពលរដ្ឋ ដោយមានការសហការជាមួយកម្លាំងប្រជាការពារភូមិ។ ក្នុងករណីមានការបង្ក្រាបករណីគ្រឿងញៀន ឬបញ្ហាពាក់ព័ន្ធនឹងបទឧក្រិដ្ឋជាដើម ប៉ុស្តិ៍នគរបាលឃុំ នឹងស្នើសុំកម្លាំងអន្តរាគមន៍ជំនាញពី អធិការស្រុក។
 

 
«កម្លាំងខ្ញុំមាន ៥នាក់ វាអាចថាតិច។ តែយើងបានសហការជាមួយប្រជាការពារ យើងចុះល្បាត ដើម្បីឱ្យប្រជាពលរដ្ឋយើង មានសុខសុវត្ថិភាព។ គឺអត់មានអីត្រូវមានផលលំបាកអីទេ។ គឺយើងអាចចុះល្បាតចល័តបាន។ កម្លាំងយើងមាន៥នាក់អ៊ីចឹង យើង(ឱ្យ)ចុះ(ល្បាត) ៤នាក់ ហើយមានប្រជាការពារ ៤-៥នាក់ទៀត។ យើងសហការគ្នា»។ នេះជាការបញ្ជាក់របស់លោក ពៅ ទូច មេប៉ុស្តិ៍ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត។
 
សម្រាប់មេប៉ុស្តិ៍រូបនេះ កង្វះខាតកម្លាំងនគរបាលឃុំ ធ្វើឱ្យមន្ត្រីមានការហត់នឿយខ្លះដែរ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្នុងនាមជាអាជ្ញាធរឃុំ លោក ពៅ ទូច និងមន្ត្រីនគរបាលផ្សេងទៀត មិនដែលរួញរា នឹងការបំពេញតួនាទីជាអ្នកការពារសុវត្ថិភាពជូនពលរដ្ឋឡើយ។ «តាមពិតទៅ លំបាក វាលំបាកហើយ ប៉ុន្តែធ្វើម៉េច យើងត្រូវតែប្រឹង ដើម្បីពលរដ្ឋយើង យើងត្រូវតែតស៊ូអ៊ីចឹង។ វាលំបាក ហើយការប្រឈមវាមានហើយ ក៏ប៉ុន្តែធ្វើម៉េចដើម្បីសុវត្ថិភាពពលរដ្ឋ ដើម្បីយើងល្អជាមួយពលរដ្ឋយើង គឺយើងត្រូវតែប្រឹង។ ទោះបី(កម្លាំង)តិច ក៏យើងត្រូវតែធ្វើ ព្រោះធ្វើម៉េច យើងបម្រើពលរដ្ឋ តាមការជាក់ស្តែង»។
 

 
ដើម្បីជួយសម្រាលបន្ទុកការងារនៅប៉ុស្តិ៍នគរបាលឃុំ និងបង្កើនប្រសិទ្ធភាពនៃការយាមល្បាត និងការពារសុវត្ថិភាពជូនពលរដ្ឋ មេប៉ុស្តិ៍រូបនេះ តែងតែលើកសំណើសុំកម្លាំងបន្ថែមទៅថ្នាក់លើជារៀងរាល់ខែផងដែរ។ លោក ពៅ ទូច សង្ឃឹមថា ប៉ុស្តិ៍នគរបាលឃុំត្រពាំងធំ នឹងទទួលបានមន្ត្រីក្របខណ្ឌជាបន្តបន្ទាប់ មកបំពេញការងារបន្ថែមក្នុងពេលឆាប់ផងដែរ៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)

Tag:
 ភូមឃុំមានសុវត្ថិភាព
© រក្សាសិទ្ធិដោយ thmeythmey.com