ជាតិ
សណ្ឋាគារ និងអាជីវកម្ម ក្នុងខេត្តសៀមរាប ងើបឡើងវិញ ក្រោយកំណើនទេសចរ
12, Nov 2022 , 6:59 pm        
រូបភាព
ភ្នំពេញ៖ ជំងឺកូវីដ-១៩ បានស្ងប់ស្ងាត់ សណ្ឋាគារ និងអាជីកម្មភាគច្រើន នៅក្នុងខេត្តសៀមរាប បានបើកដំណើរឡើងវិញស្ទើរតែទាំងស្រុង។ សេដ្ឋកិច្ចក្នុងខេត្តនេះ បង្ហាញសញ្ញាវិជ្ជមាន តាមរយៈទេសចរកើនឡើង។ អ្នកប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍ សង្ឃឹមថា កំណើនទេសចរ នឹងជួយឱ្យ អាជីវកម្មរបស់គេមានស្ថិរភាពដូចមុនកូវីដ-១៩។

 
ក្នុងរយៈពេលបុណ្យអុំទូកនេះ ទេសចរប្រមាណជាង ៣១ម៉ឺននាក់ បានទៅកម្សាន្តក្នុងខេត្តសៀមរាប។ ទន្ទឹមនឹងនោះ ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ ក៏កំពុងបន្ថែមផ្នែកសេវាកម្ម និងគុណភាពបន្ថែមផងដែរ។
 
លោក រស់ សាយ នាយកគ្រប់គ្រងសណ្ឋាគារ វិរតន៍ (Virith’s Hotel) នៅក្នុងខេត្តសៀមរាប បានប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទថា កំណើនទេសចរបានកើនឡើងមួយកម្រិត បើទោះស្ថានភាពបច្ចុប្បន្នមិនទាន់នឹងនយ៉ាងណាក្តី។ ដោយឡែកថ្ងៃឈប់សម្រាក អំឡុងពិធីបុណ្យអុំទូក នៅសណ្ឋាគារ វិរតន៍ ទទួលបានទេសចរប្រមាណ ៨០ ទៅ៩០ភាគរយ ដែលបានមកស្នាក់នៅ ហើយភាគច្រើនជាភ្ញៀវបរទេស។


លោក រស់ សាយ នាយកគ្រប់គ្រងសណ្ឋាគារ វិរតន៍ (រូបភាពផ្តល់ដោយលោក រស់ សាយ)
 
នាយកគ្រប់គ្រងសណ្ឋាគាររូបនេះ គូសបញ្ជាក់ដូច្នេះ៖ « ទេសចរអន្តរជាតិ មកកម្សាន្តមិនគិតពីថ្ងៃបុណ្យទានដូចទេសចរជាតិនោះទេ។ ប៉ុន្តែមួយរយៈចុងក្រោយនេះកំណើនទេសចរជាតិ ឃើញថាពួកគាត់ដើរកម្សាន្តច្រើន បើទោះជាគ្មានថ្ងៃបុណ្យទានក៏វត្តមានភ្ញៀវជាតិតែងតែមានជាហូរហែ។ មួយវិញទៀតចាប់ពីខែវិច្ឆិកានេះ គ្រប់មជ្ឈដ្ឋាន ក៏មានកំណើនច្រើនផងដែរ»។
 
លោក រស់ សាយ បន្ថែមថា ទេសចរក្នុងស្រុកមកលេងច្រើន នាថ្ងៃឈប់សម្រាក។ ចំណែកទេសចរអន្តរជាតិ មកច្រើនមិនថាថ្ងៃបុណ្យ ឬថ្ងៃធ្វើការ។ យ៉ាងណាមិញ ចំនួនទេសចរមួយរយៈចុងក្រោយនេះ ក៏ជាក្តីសង្ឃឹមមួយនៃវិស័យទេសចរណ៍ ដែលអាចស្តារឡើងវិញនូវសក្តានុពល ក៏ដូចជាជួយបង្កើនផ្នែកសេវាកម្មនានាផងដែរ។
 
ការកើនឡើងទេសចរ ក៏សំខាន់សម្រាប់ម្ចាស់អាហារដ្ឋាននានាផងដែរ។ លោក ឌុក ដេត ជាម្ចាស់អាហារដ្ឋាន សួនមេអំបៅ ស្រុកបាគង នៃបន្ទាយជ័យ៨០២ ស្រុកបាគង ខេត្តសៀមរាប។ លោក ឌុក ដេត បានលើកឡើងថា ថ្ងៃបុណ្យអុំទូកភាគច្រើនជាភ្ញៀវជាតិ និងជាអ្នកភ្នំពេញ ដែលបានមកទទួលទានអាហារនៅទីនេះ ក៏ដូចជាមកបាញ់ធ្នូកម្សាន្តផងដែរ។ អំឡុកបុណ្យអុំទូក បន្ទាយជ័យ៨០២ ទទួលទេសចរមិនក្រោម ៤០០នាក់នោះឡើយក្នុងមួយថ្ងៃ។ ចំពោះសេវាកម្ម និងតម្លៃក៏មិនខុសគ្នាពីថ្ងៃធម្មតានោះទេ។


លោក ឌុក ដេត ម្ចាស់អាហារដ្ឋាន សួនមេអំបៅ បាគង (រូបភាពផ្តល់ដោយលោក ឌុក ដេត)
 
«ភ្ញៀវក្នុងស្រុកចាប់ផ្តើម ដើរកម្សាន្តច្រើន ខុសប្លែកពីឆ្នាំមុនៗ។ ឆ្នាំនេះ បើទោះគ្មានបុណ្យទាន ក៏មានវត្តមានទេសចរមកជាហូរហែ បើទោះមិនច្រើនខ្លាំង តែក៏មកមិនដាច់នោះដែរ»។ នេះជាការបញ្ជាក់របស់លោក ឌុក ដេត ម្ចាស់ជ័យលាភីលេខ១លើមុខម្ហូប «ហហ្មុក» នៃខេត្តសៀមរាប។
 
លោក ឌុក ដេត សង្ឃឹមថាទេសចរនឹងអញ្ចើញមកលេងច្រើនជាងមុន ពីព្រោះលោកមើលឃើញថា ភ្ញៀវចាប់អារម្មណ៍តំបន់ទេសចរណ៍ប្លែក និងបែបធម្មជាតិច្រើន។ រីឯ ទេសចរអន្តរជាតិវិញ ក៏មានវត្តមានច្រើនដូចគ្នា នេះអាចបញ្ជាក់បានថា ខេត្តសៀមរាបកំពុងចាប់ផ្តើមវិវត្តទៅមុខបណ្តើរៗហើយ។
 
ជាមួយគ្នានេះ លោក ហួរ មុន្នី ម្ចាស់សណ្ឋាគារ ហៃ វិន (Haiven Hotel and Restaurant) បានរៀបរាប់ថា ធម្មតាសណ្ឋាគាររបស់លោក ទទួលបានទេសចរអន្តរជាតិច្រើនជាង ទេសចរជាតិ។ បើចំពោះថ្ងៃអុំទូក បន្ទប់គឺពេញទាំងអស់ មិនថាកន្លែងស្នាក់ណានោះទេ។ ដោយឡែក មួយរយៈពេលចុងក្រោយនេះ សន្ទុះ នៃភ្ញៀវមានចំនួនច្រើនខុសធម្មតា មិនថាភ្ញៀវជាតិ ឬអន្តរជាតិ។


លោក ហួរ មុន្នី ម្ចាស់សណ្ឋាគារ ហៃ វិន (រូបភាពផ្តល់ដោយលោក ហួរ មុន្នី)
 
ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍រូបនេះ សង្កត់ធ្ងន់ថា៖ «ឥឡូវភ្ញៀវជាតិចាប់ផ្តើមដើរលេងច្រើន ពីព្រោះពួកគាត់បានទុកចិត្តលើសេវាកម្ម ជាពិសេសការទប់ស្កាត់បានយ៉ាងល្អ  ពីសំណាក់រដ្ឋាភិបាលដូចជាការចាក់វ៉ាក់សាំងជាដើម។ លើសពីនេះ ពួកគាត់ចាប់ផ្តើមហ៊ានចំណាយលើការចាយវាយ សម្រាកការកម្សាន្តលក្ខណៈគ្រួសារ និងក្រុមការងារផងដែរ»។ 
 
ទន្ទឹមនឹងនេះ លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា បានពន្យល់ថា ទេសចរអន្តរជាតិមិនមានចំនួនប្រែប្រួលនោះឡើយ ប៉ុន្តែអំឡុងខែវិច្ឆិកាកន្លងមកនេះ ចំនួនទេសចរជាតិហាក់ប្រែប្រួល គឺបានកើនឡើងជាលំដាប់។ យ៉ាងណាមិញ សណ្ឋាគារ និងអាជីវកម្មនៅក្នុងខេត្តសៀមរាប ក៏មិនទាក់បើកពេញលេញក្រោយជំងឺកូវីដ-១៩វាយលុកដែរនោះដែរ។ 
 
«បើទោះវិស័យទេសចរណ៍ ក្នុងខេត្តនេះដើរធម្មតាវិញយ៉ាងណាក្តី ប៉ុន្តែយើងនៅតែមានបញ្ហាប្រឈមមួយនោះ គឺខ្វះកម្លាំងពលកម្មផ្នែកម្ហូបអាហារ និងសេវាកម្មមួយចំនួន។ ដោយសារពួកគេបានបាត់បង់ការងារ អំឡុងពេលការបិទខ្ទប់នៃជំងឺកូវីដ។ ប៉ុន្តែយើង ស្តារឡើងវិញដើម្បីរក្សាបាននូវស្តង់ដាសេវាកម្មឱ្យបានល្អផងដែរ។» នេះជាការលើកឡើងរបស់ប្រធានសមាគមសណ្ឋាគារកម្ពុជា លោក ឌិន សុមេធារិទ្ធ។


លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា (រូបភាពពី៖ Cambodia Hotel Association)
 
ប្រធានសមាគមសណ្ឋាគារកម្ពុជា រូបនេះបានអំពាវនាវទៅម្ចាស់អាជីកម្មទាំងអស់ បន្តពង្រឹងផ្នែកសេវាកម្ម និងបង្កើនភាពទាក់ទាញទៅដល់ភ្ញៀវ តាមរយៈវប្បធម៌ បរិស្ថាន និងអនាម័យជាដើម។ ជាពិសេសគឺ ការវិលត្រឡប់នៃអតីតអ្នកស្រឡាញ់ផ្នែកសេវាកម្ម ដើម្បីបំពេញរាល់ចំណុចខ្វះខាត ក្នុងវិស័យទេសចរណ៍។
 
គួររឱ្យដឹងដែរថា អំឡុងថ្ងៃឈប់សម្រាករយៈពេល ៣ថ្ងៃនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ទេសចរទូទាំងប្រទេសបានដើរកម្សាន្តសរុបចំនួន ២ ៥៧៨ ៨៣៨នាក់។ ក្នុងនោះភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ៣៣ ៦៧៧នាក់ តួលេខនេះបានកើនឡើងជាង ១៨៤ភាគរយ បើធៀបនឹងរយៈពេលអុំទូក ៣ថ្ងៃ កាលពីឆ្នាំ២០២១៕
 

Tag:
 ទេសចរណ៍
  ខេត្តសៀមរាប
  អាជីវកម្ម
  សណ្ឋាគារ
© រក្សាសិទ្ធិដោយ thmeythmey.com