ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ អនុវិទ្យាល័យជីខក្រោម មានសិស្សបោះបង់ការសិក្សា១៧នាក់ ដោយសារជីវភាព និងខ្វះការជំរុញពីឪពុកម្ដាយ
12, Nov 2022 , 8:29 pm        
រូបភាព
ដោយ៖ លី ស្រីមុំ  ( យុវជនឃុំជីខក្រោម) 
 
ស្រុកស្រែអំបិល,កោះកុង៖ រយៈពេលជាង១០ឆ្នាំហើយ ដែលអនុវិទ្យាល័យជីខក្រោម បានផ្ដល់កន្លែងអប់រំដល់សិស្សានុសិស្ស ក្នុងឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។ លោក ឈិន សំរិទ្ធឌី នាយកអនុវិទ្យាល័យជីខក្រោម  បានឱ្យដឹងថា អនុវិទ្យាល័យជនបទមួយនេះ មានសិស្សសរុប ២១៥នាក់ មានពីថ្នាក់ទី៧ដល់ទី៩។ លោកបន្ថែមថា នៅក្នុងឆ្នាំនេះ មានសិស្សបោះបង់ការសិក្សារហូតដល់១៧នាក់ក្នុងនោះមានសិស្សស្រី៦នាក់ ដែលជាក្ដីបារម្ភចំពោះចំពោះអនាគតក្មេងនៅក្នុងឃុំ។


 
លោក សំរិទ្ធឌី បានឱ្យដឹងថាមូលហេតុដែលសិស្សបោះបង់ការសិក្សាច្រើន ដោយសារកត្តាជីវភាព ឈប់តាមគ្នា  និងឪពុកម្ដាយមិនសូវជំរុញកូនឱ្យរៀន។ ម្យ៉ាងពលរដ្ឋក្នុងឃុំភាគច្រើនជាកសិករ និងអ្នកនេសាទ ត្រូវការកម្លាំងកូនដើម្បីជួយក្នុងមុខរបរប្រចាំថ្ងៃ។ 
 
«ចំពោះសិស្សដែលបានបោះបង់ការសិក្សា ភាគច្រើនពួកគេទៅ ចុះទូក  ធ្វើការរោងចក្រ និងកាស៊ីណូដើម្បីរកប្រាក់បន្ថែមជួយផ្គត់ផ្គង់ជីវភាពគ្រួសារ»។ នេះជាការបញ្ជាក់របស់លោក សំរិទ្ធឌី ដែលបន្ថែមថា លោកព្រួយបារម្ភចំពោះវត្តមានកូនសិស្សដែលបានបោះបង់ការសិក្សាច្រើន ដែលអាចធ្វើឱ្យប៉ះពាល់ដល់អនាគតសិស្ស ព្រោះអ្នកខ្លះត្រូវធ្វើការជួយគ្រួសារទាំងវ័យក្មេង។ 

លោក សំរិទ្ធឌី នាយកអនុវិទ្យាល័យជីខក្រោម។
 
ជុំវិញបញ្ហានេះ នាយកសាលារូបនេះ ក៏មានបានចាប់ផ្ដើម ពន្យល់ពីអត្ថប្រយោជន៍នៃការសិក្សាដល់សិស្សឱ្យបានយល់ និងណែនាំដល់អាណាព្យាបាលឱ្យ ពួកគាត់ជួយជំរុញកូន ឱ្យ បន្តការសិក្សាឱ្យបានចប់។  លោក សំរិទ្ធឌី បានរៀបរាប់ថា៖ « ខ្ញុំតែងណែនាំដល់សិស្ស និងពន្យល់ដល់ឪពុកម្ដាយកុំឆាប់ឈប់រៀនអី។ សង្ឃឹមពួកគាត់ជួយសហការណ៍ និងកាត់បន្ថយចំនួនសិស្សឈប់រៀន»។ 
 
ជាមួយគ្នានេះ លោក សំរិទ្ធឌី ក៏បានស្នើដល់ អាណាព្យាបាលគួរយកចិត្តទុកដាក់ជំរុញកូនឱ្យខិតខំរៀនសូត្របន្ថែមនៅផ្ទះ និងផ្ដល់តម្លៃដល់ការសិក្សា ជាងការងារប្រើកម្លាំង។ លើសពីនេះ លោក ក៏ស្នើដល់អាជ្ញាធរភូមិឃុំ ចូលរួមសហការជាមួយសាលារៀន ដោយយកចិត្តទុកដាក់ និងជួយជំរុញដល់មាតាបិតាសិស្សាឱ្យបានយល់ពីតម្លៃនៃការសិក្សារបស់កូន៕ 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន នឹងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង អត្ថបទនិងវីដេអូ នេះគឺជាការទទួលខុសត្រូវ របស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)

Tag:
 សិស្សបោះបង់ការសិក្សា
 កោះកុង
 ឃុំជីខក្រោម
© រក្សាសិទ្ធិដោយ thmeythmey.com