ជាតិ
សម្បត្តិ​វប្បធម៌​ខ្មែរ​ចំនួន១២ហើយ ដែលត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​អង្គការយូណេស្កូ
02, Jan 2023 , 10:30 am        
រូបភាព
ភ្នំពេញ​៖ ក្នុង​ចំណោម​សម្បត្តិ​វប្បធម៌​ខ្មែរ​​ទាំង​១២ ដែល​បាន​ចុះ​ក្នុង​បញ្ជី​របស់​អង្គការ​យូណេស្កូ​ ត្រូវ​បាន​បែង​ចែក​ជា​៣​ផ្នែក​ធំ​ៗ​ គឺចុះ​ក្នុង​​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​ បញ្ជី​បេតិ​កភណ្ឌ​វប្បធម៌​អរូបីនៃ​មនុស្ស​ជាតិ​ និង​បញ្ជី​ស្មារតី​ចង​ចាំ​នៃ​ពិភព​លោក​។



បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​៖ ទី​១ រមណីយដ្ឋាន​អង្គរ ចុះ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​១៩៩២ នៅ​ទី​ក្រុង​សាន់​តាហ្វេ សហរដ្ឋអាមេរិក​។ ទី​២ ប្រាសាទ​ព្រះវិហារ ចុះ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨ នៅ​ទី​ក្រុង​កេបិក ប្រទេស​កាណាដា។​ ទី៣ ប្រាសាទ​សំបូរ​ព្រៃគុក​ ចុះ​ថ្ងៃ​ទី​៨​កក្កដា​ ឆ្នាំ​២០១៧ នៅ​ទី​ក្រុង​ក្រាកូវ​ ប្រទេស​ប៉ូឡូញ​។

បញ្ជី​បេតិ​កភណ្ឌ​វប្បធម៌​អរូបីនៃ​មនុស្ស​ជាតិ៖​ ទី​១ របាំ​ព្រះ​រាជ​ទ្រព្យ​ ចុះ​ថ្ងៃ​ទី​៧ ខែវិច្ឆិកា​ ឆ្នាំ​២០០៣ នៅ​ទី​ក្រុង​អ៊ីស្ដន់ប៊ូល​ ប្រទេស​តួកគី​។ ២​ ល្ខោន​ស្រមោល​ស្បែក​ធំ​ ចុះ​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០០៥ នៅ​ទៅ​ក្រុង​ប៉ារីស ប្រទេស​បារាំង​។ ៣ ល្បែង​ទាញ​ព្រ័ត្រ​ ចុះ​ថ្ងៃ​ទី​២​ ខែ​ធ្នូ ឆ្នាំ​២០១៥​ នៅ​ទី​ក្រុង​វិនឌុក​ ប្រទេស​ណាមីប៊ី​។ ៤ ចាប៉ី​ដង​វែង​ ចុះ​ថ្ងៃ​ទី​៣០​ ខែ​វិច្ឆិកា ២០១៦ នៅ​ទី​ក្រុង​អេតឌីស​អាបាបា​ ប្រទេស​អេត្យូពី​។ ៥ ល្ខោន​ខោល​ ចុះ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​ នៅ​ទីក្រុង​ព័រល្វី នៃ​សាធារណរដ្ឋ​ម៉ូរីស​​។ ៦ គុន​ល្បុក្កតោ​ ចុះ​ថ្ងៃ​​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នៅ​ទី​ក្រុង​រ៉ាបាត​ ព្រះ​រាជា​ណាចក្រ​ក្រម៉ារ៉ុក​។

បញ្ជី​ស្មារតី​ចង​ចាំ​នៃ​ពិភព​លោក៖​ ១ បណ្ណាសារឧក្រិដ្ឋ​កម្ម​ ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​ ចុះ​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០០៩ នៅ​ទី​ក្រុង​ប្រ៊ីដថោន​ ប្រទេស​បាបា​ដូស​។ ២ ឯកសារ​សំឡេង​និទាន​រឿង​រាមកេរ្ដិ៍ ដោយ​តាគ្រុឌ ចុះ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៤ នៅ​ខេត្ត​ខ្វាង​ចូវ​ ប្រទេស​ចិន​។ ៣ រឿង​អ៊ីណាវបុស្បា ចុះ​ថ្ងៃ​ទី​៣០​ ខែ​តុលា​ ឆ្នាំ​២០១៧ នៅ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង​។

ក្រៅ​ពី​សម្បត្តិ​វប្បធម៌​ខាង​លើ​ កម្ពុជា​ក៏​កំពុង​រៀប​ចំ​ឯកសារត្រៀម​​ ​​ដើម្បីស្នើ​ដាក់​សម្បត្តិ​វប្បធម៌​មួយ​ចំនួនទៀត​ ទៅ​អង្គការ​យូណេស្កូ​​​បន្ថែម​ដែរ​ ដូច​ជា​នំបញ្ចុក​ បុណ្យ​អុំទូក​ ដំបន់​ការពារ​សត្វ​ផ្សោត​ ពី​ខេត្ត​ក្រចេះ ទៅ​ខេត្ត​ស្ទឹង​ត្រែង​ និង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំត្បែង​​ជា​ដើម​​៕

Tag:
 សិល្បៈ​
  វប្បធម៌​
  បេតិកភណ្ឌ​
  អង្គការ​យូណេស្កូ​
  សម្បត្តិ​វប្បធម៌​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com