ជាតិ
សហគមន៍ការពារព្រៃឈើប្រាំបីមុម កំពុងបារម្ភបញ្ហាខ្វះចំណីសត្វ និងភ្លើងឆេះព្រៃនៅរដូវប្រាំង
07, Jan 2023 , 6:59 pm        
រូបភាព
សហគមន៍ការពារព្រៃឈើប្រាំបីមុមកំពុងបារម្ភបញ្ហាខ្វះចំណីសត្វ និងភ្លើងឆេះព្រៃនៅរដូវប្រាំង
សហគមន៍ការពារព្រៃឈើប្រាំបីមុមកំពុងបារម្ភបញ្ហាខ្វះចំណីសត្វ និងភ្លើងឆេះព្រៃនៅរដូវប្រាំង
ដោយ:
ភ្នំពេញ៖ សហគមន៍ការពារព្រៃឈើប្រាំបីមុម កំពុង​ព្រួយបារម្ភករណីខ្វះចំណីសម្រាប់សត្វព្រៃ និងភ្លើងឆេះព្រៃ នៅអំឡុងពេលរដូវប្រាំងចាប់ផ្ដើម។ បញ្ហាធំទាំងពីរនេះ អាចជាកត្តាគំរាមកំហែងដល់ជីវៈចម្រុះ  និងជីវិតសត្វព្រៃនៅក្នុងតំបន់ការពារ។ គិតត្រឹមដើមឆ្នាំ២០២៣នេះ ព្រៃសហគមន៍ខាងលើ មិនទាន់មានផ្លូវភ្លើង សម្រាប់បញ្ចៀសការឆេះរាលដាលកម្រិតធ្ងន់ធ្ងរនៅឡើយទេ។

សហគមន៍ព្រៃឈើប្រាំបីមុម មានផ្ទៃដីសរុប ១ ២២១ ហិកតា ស្ថិតក្នុងភូមិថ្នល់កែង ភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ សហគមន៍នេះ អាចជាកន្លែងសុវត្ថិភាពសម្រាប់សត្វព្រៃ ប្រភេទផ្សេងៗដូចជា ទន្សោង ខ្ទីង ក្ងោក ប្រើស ជ្រូកព្រៃ និងសត្វមួយចំនួនទៀត។ 


រូបភាពព្រៃ នៅរដូវប្រាំងនៅសហគមន៍ប្រាំបីមុម ខេត្តកំពង់ស្ពឺ

លោក តឹប គែង ប្រជាសហគមន៍ប្រាំបីមុម បានប្រាប់សារព័ត៌មាន Thmey Thmey 25ថា បញ្ហាទី១ ដែលប្រឈមនៅក្នុងសហគមន៍ការពារព្រៃឈើប្រាំបីមុមក្នុងរដូវប្រាំង គឺរុក្ខជាតិជាចំណីសម្រាប់សត្វអាចមានខ្វះខាត, បញ្ហា​ទី២ គឺបញ្ហាអន្ទាក់នៅតែមាន និងទី៣ បញ្ហាភ្លើងឆេះព្រៃក្នុងរដូវប្រាំង។ 
«​តាមពិតពេលនេះយើងមើលជុំវិញខ្លួនយើង ស្មៅមិនខៀវខ្ចី និងសម្បូរដូចរដូវវស្សាឡើយ។ អ្វីដែលព្រួយបារម្ភ ក្រៅពីអន្ទាក់នេះ គឺសត្វអាចខ្វះចំណី ហើយចេញទៅរកស៊ី ខាងក្រៅដីសហគមន៍ដែលប្រឈមហានិភ័យខ្ពស់»។ នេះជាការលើកឡើងរបស់លោក តឹប​ គែង ដោយបានបន្ថែមថា បញ្ហាដែលកំពុងបារម្ភខ្លាំងជាងនេះគឺ សហគមន៍មិនទាន់មានលទ្ធភាពបង្កើតផ្លូវភ្លើង ដើម្បីបញ្ចៀសបញ្ហា និងផលប៉ះពាល់ក្នុងអំឡុងពេលមានភ្លើងឆេះព្រៃ អាចបង្កដល់បាត់បង់ជីវិតសត្វព្រៃ រួមទាំងជីវៈចម្រុះនានាផងដែរ។ 


លោក តឹប គែង ប្រជាសហគមន៍ប្រាំបីមុម

ជាមួយគ្នានេះ លោក ល័ក្ខ ភឿង ជាសមាជិកសហគមន៍ បាន​ព្រួយបារម្ភខ្លាំង ដោយសារ​កាលពីឆ្នាំ២០២០ មានករណីភ្លើងឆេះព្រៃទ្រង់ទ្រាយធំ ដែលអាចធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់រុក្ខជាតិ ចំណី ជីវិតសត្វ និងធនធានជាច្រើនផ្សេងទៀតនៅក្នុងសហគមន៍។ លោក ភឿង ពន្យល់ដូច្នេះ៖ « កាលពីពីរឆ្នាំមុន ករណីភ្លើងឆេះក្នុងទ្រង់ទ្រាយធំ ពួកយើងនាំគ្នាពន្លត់មិនឈ្នះទេ ម្នាក់រហូតអស់ខ្យល់ ស្ដាយ និងបារម្ហខ្លាំង ហើយមកដល់រដូវប្រាំងនេះ យើងក៏កំពុងបារម្ភពី​បញ្ហាភ្លើងព្រៃ ព្រោះ​សហគមន៍មិនមានផ្លូវភ្លើងនៅឡើយ»។


លោក ល័ក្ខ ភឿង ប្រជាសហគមន៍ប្រាំបីមុម

ចំពោះ​បញ្ហាធ្វើ​ផ្លូវវិញ លោក សឿន ឡាយ ប្រធានសហគមន៍ប្រាំបីមុម បានលើកឡើងថា ការធ្វើផ្លូវធ្វើត្រូវការចំណាយថវិកាអស់ច្រើន​ ដូច្នេះសហគមន៍គ្មានលទ្ធភាពឡើយ។ បើតាម​លោក ឡាយ​ កន្លងមកសហគមន៍ធ្លាប់បានស្នើទៅរដ្ឋបាលព្រៃឈើដែរ ប៉ុន្ដែមិនទទួលបានការគាំទ្រ ទើបបន្តរហូតមកដល់ឆ្នាំ២០២៣ សហគមន៍នៅតែគ្មានផ្លូវភ្លើងដដែល។ 
«ផ្លូវភ្លើងអាចជួយកាត់ផ្ដាច់មុខភ្លើងរាលមានប្រសិទ្ធភាព អ្នកចាំពន្លត់ក៏ងាយស្រួលការពារមិនឱ្យរាលតទៀត។ មួយវិញទៀត ផ្លូវភ្លើងនឹងបង្កភាពងាយស្រួល ក្នុងការល្បាតព្រៃ ការពារ និងអភិរក្សសត្វផង»។ នេះជាការ​លើក​ឡើងរបស់​លោក ឡាយ ដោយ​បញ្ជាក់បែបនេះ  ផ្លូវភ្លើងបើធ្វើត្រូវជួលឱ្យត្រាក់ទ័រឱ្យឈូស ហើយចំពោះតម្លៃគឺគិតជាម៉ែត្រ។​ សហគមន៍កំពុងត្រូវការជំនួយ និងការគាំទ្រថវិកា ពីគ្រប់មជ្ឈដ្ឋាន ដើម្បីធ្វើផ្លូវភ្លើងក្នុងព្រៃ ក្នុងន័យដើម្បីជួយរក្សា និងការពារការផ្លាស់ទី​របស់សត្វ និងបញ្ចៀសហានិភ័យសម្រាប់ជីវិតរបស់ពួកវា។ 


លោក សឿន ឡាយ ប្រធានសហគមន៍ព្រៃឈើប្រាំបីមុម​

ទន្ទឹម​នឹងនេះ លោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើ បានប្រាប់សារព័ត៌មានThmeyThmey25 ថា សម្រាប់គម្រោងធ្វើផ្លូវភ្លើងនៅសហគមន៍ការពារព្រៃឈើប្រាំបីមុមមិនទាន់មាន ដោយសារត្រូវចំណាយថវិកាច្រើន។  ប្រធានរដ្ឋបាលព្រៃឈើ  អះអាងថា រដ្ឋបាលព្រៃឈើមានគម្រោងមួយចំនួន ដើម្បីធ្វើយ៉ាងណា អាចរក្សាសុវត្ថិភាព និងមិនឱ្យសត្វចេញពីរបងសហគមន៍ ដើម្បីបង្កើនចំនួននៅក្នុងធម្មជាតិ។
លោក រៀបរាប់បែបនេះ៖​« យើងមិនមានគម្រោងធ្វើផ្លូវភ្លើងសម្រាប់សហគមន៍ប្រាំបីមុមទេ ព្រោះត្រូវការចំណាយច្រើន។ នៅប្រាំបីមុម យើងមានឡានទឹក មានអី ដើម្បីជួយនៅពេលមានភ្លើងឆេះព្រៃដែរ។ ខ្ញុំមិនចោលទេ ប៉ុន្ដែអ្វីដែលយើងត្រូវគិតនោះ គឺរឿងអាទិភាពមួយចំនួនទៀត​តម្រូវធ្វើសម្រាប់សហគមន៍នេះ»។


រូបភាពព្រៃ នៅរដូវប្រាំងនៅសហគមន៍ប្រាំបីមុម ខេត្តកំពង់ស្ពឺ

តាមរូបភាពបង្ហាញដោយម៉ាស៊ីនថតស្វ័យប្រវត្តិដាក់ក្នុងសហគមន៍ រួមជាមួយការសង្កេតដោយភ្នែកផ្ទាល់របស់​លោក សឿន ឡាយ ក្នុងពេលចុះល្បាត សត្វទន្សោងឆ្នាំនេះ កើតកូនច្រើន ហើយចំពោះករណីស្លាប់ ដោយអន្ទាក់ក៏គ្មានដែរ។  ដូច្នេះដើម្បីបញ្ចៀសបញ្ហា និងហានិភ័យសហគមន៍ពិតជាត្រូវការចាំបាច់នូវផ្លូវភ្លើងសម្រាប់ការពារព្រៃ ដែលជាជម្រក និងប្រភពចំណីរបស់សត្វគ្រប់ប្រភេទ៕
 
 
 

Tag:
 កំពង់ស្ពឺ
  សហគមន៍
 ការពារសត្វព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com