អន្តរជាតិ
ជប៉ុន ដាក់ការតវ៉ាជាមួយចិន ដែលផ្អាកការផ្តល់ទិដ្ឋាការដល់ប្រជាជនខ្លួន
11, Jan 2023 , 10:29 pm        
រូបភាព
លោក Hirokazu Matsuno ប្រធានលេខាធិការគណរដ្ឋមន្ត្រីជប៉ុន។ រូបភាព៖ Kyodo
លោក Hirokazu Matsuno ប្រធានលេខាធិការគណរដ្ឋមន្ត្រីជប៉ុន។ រូបភាព៖ Kyodo
រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី១១ ខែមករា បានដាក់ការតវ៉ាជាមួយរដ្ឋាភិបាលចិន ដែលបានផ្អាកផ្តល់ទិដ្ឋាការដោយប្រជាជនជប៉ុន។ បើតាមរដ្ឋាភិបាលក្រុងតូក្យូ ចិនត្រូវតែលើកចោលចំណាត់ការនេះ ដោយសារជប៉ុនមិនបានហាមឃាត់ប្រជាជនចិនចូលក្នុងប្រទេសខ្លួនឡើយ។

 
ចិន នៅថ្ងៃទី១០ ខែមករា បានប្រកាសផ្អាកផ្តល់ទិដ្ឋាការដល់ជប៉ុន និងកូរ៉េខាងត្បូង ដើម្បីសងសឹកនឹងប្រទេសទាំងពីរ ដែលបានតម្រូវឱ្យអ្នកដំណើរមកពីចិនត្រូវតែធ្វើតេស្តរកជំងឺកូវីដ-១៩ មុនមកដល់ប្រទេសទាំងពីរ។ 
 
យ៉ាងណាមិញ ចំណាត់ការនេះ ត្រូវការបានក្រសួងការបរទេសជប៉ុនដាក់ការតវ៉ា នៅក្នុងថ្ងៃទី១០ ខែមករា និងអំពាវនាវឱ្យចិនលើកចោលវិធានការនោះ។ 
 
មួយថ្ងៃបន្ទាប់ ប្រធានលេខាធិការគណរដ្ឋមន្ត្រីជប៉ុន លោក​ Hirokazu Matsuno នៅក្នុងសន្និសីទសារព័ត៌មានមួយ បានអះអាងថា ជប៉ុនមានការសោកស្តាយយ៉ាងខ្លាំងចំពោះចំណាត់ការរបស់ចិន ដែលរឹតត្បិតការផ្តល់ទិដ្ឋាការ ក្រោមហេតុផលក្រៅពីការទប់ស្កាត់ជំងឺកូវីដ-១៩។ 
 
បើតាមលោក Matsuno វិធានការរបស់រដ្ឋាភិបាលជប៉ុន ធ្វើឡើងក្នុងគោលបំណងទប់ស្កាត់អ្នកជំងឺកូវីដ-១៩ ចូលក្នុងប្រទេសបណ្តោះអាសន្នប៉ុណ្ណោះ។ ចំណែករដ្ឋមន្រ្តីការបរទេសជប៉ុន លោកយ៉ូស៊ីម៉ាសា ហាយ៉ាស៊ី នៅក្នុងថ្ងៃទី១០ ខែមករា បាននិយាយថា ជប៉ុននឹងត្រួតពិនិត្យលើស្ថានភាពជំងឺកូវីដ-១៩ នៅចិន ហើយពីរបាយការណ៍ដែលចិនបញ្ចេញឱ្យបានម៉ត់ចត់៕
 
 
 

Tag:
 ជប៉ុន
  ចិន
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com