ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្ដរមានជ័យ៖ ទោះខ្វះកម្លាំង តែប៉ុស្តិ៍នគរបាលគោកខ្ពស់ ដាក់ការយាមល្បាតដិតដល់
19, Jan 2023 , 10:29 pm        
រូបភាព
 លោក វ៉ាង ម៉ាប់ មេប៉ុស្តិ៍រដ្ឋបាលឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ
លោក វ៉ាង ម៉ាប់ មេប៉ុស្តិ៍រដ្ឋបាលឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ
ដោយ៖ ហោន សុរ៉ាយ (យុវជនគោកខ្ពស់) 

ស្រុកបន្ទាយអំពិល, ឧត្តរមានជ័យ៖ កម្លាំងនគរបាលនៅប៉ុស្តិ៍នគរបាលគោកខ្ពស់​ស្រុកបន្ទាយអំពិល មានតែ ៧នាក់ប៉ុណ្ណោះ ដែល​ចំនួននេះមិនទាន់គ្រប់គ្រាន់សម្រាប់បម្រើសេវាជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំបានពេញលេញនៅឡើយ ពិសេសការការងារសន្តិសុខ សុវត្ថិភាព។ លោកវ៉ាង ម៉ាប់ នាយប៉ុស្តិ៍នគរបាលគោកខ្ពស់ បានបញ្ជាក់ថា កង្វះកម្លាំងសមត្ថកិច្ចបានបង្កការលំបាក ដល់ការងារយាមល្បាត របស់ប៉ុស្តិ៍នគរបាល​។
បើតាម លោក​ វ៉ាង ម៉ាប់ សព្វថ្ងៃ កម្លាំងនគរបាល ក្នុងប៉ុស្តិ៍របស់លោក មិនទាន់គ្រប់គ្រាន់ សម្រាប់ការយាមល្បាតនោះទេ ព្រោះឃុំគោកខ្ពស់ មានផ្ទៃដីធំ ដែលពលរដ្ឋរស់នៅប្រមាណ ៦ពាន់នាក់។ ជាតំបន់ ដាច់ស្រយាល  មានព្រៃច្រើន និងផ្ទះដាច់ឆ្ងាយពីគ្នា ពលរដ្ឋ​មួយចំនួន ហាក់ធ្វេសប្រហែស ដោយទុកម៉ូតូ ឬទ្រព្យសម្បត្តិពួកគេ ចោលពាសវាលពាសកាល ដែលនេះជាមូលហេតុ​ នាំឱ្យកើតមានករណីចោរកម្ម។ 
 
ចំពោះមុខ ប៉ុស្តិ៍នគរបាលគោកខ្ពស់បានសហការជាមួយអាជ្ញាធរភូមិ-ឃុំ ជាពិសេស ប្រជាការពារ ក្នុងការចេញល្បាតជារៀងរាល់ថ្ងៃជាពិសេស ពេលយប់។ លោក វ៉ាង ម៉ាប់ ប្រាប់ដូច្នេះថា៖«កម្លាំងយើងមានតែ ៧នាក់ទេប៉ុន្តែ​យើងចែកជាពីរ ដោយល្បាតរាល់ថ្ងៃ​ ព្រោះយើងឃើញហើយថា ជួនកាលពលរដ្ឋ ទុកម៉ូតូចោលហើយទៅដាក់មង សន្ទូច ឬទៅស្រែ ចម្ការ។ អ៊ីចឹងយើងខ្លាចមានជនឆ្លៀតឱកាសលួច។ ម្លោះហើយនៅពេលយាមល្បាតប្រទះឃើញបែបនេះ យើងតែងតែអង្គុយចាំឱ្យពួកគាត់រហូត»។  
 
ក្រោមការគ្រប់គ្រង របស់លោក វ៉ាង ម៉ាប់ ឃុំគោកខ្ពស់ មិនទាន់ជួបបញ្ហាប្រឈម ដែលប៉ះពាល់ធ្ងន់ធ្ងរ ដល់ផលប្រយោជន៍ ឬសន្តិសុខ ពលរដ្ឋនោះទេ។ ប៉ុន្តែករណីអំពើហិង្សាក្នុងគ្រួសារ និងគ្រោះចរាចរណ៍តាមដងផ្លូវ បានកើតឡើងម្ដងម្កាលដែរ ដែលភាគច្រើនកើតឡើង នៅពេលយប់។
 
ជាមួយគ្នានេះ ប៉ុស្តិ៍នគរបាលគោកខ្ពស់ បានលើកទឹកចិត្តដល់ពលរដ្ឋឱ្យចូលរួមរាយការណ៍ រាល់ករណីអសកម្ម មកកាន់អាជ្ញាធរ។ ក្នុងនោះលោក វ៉ាង ម៉ាប់ បានផ្សព្វផ្សាយលេខទូរសព្ទរបស់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដល់ពលរដ្ឋ ព្រោះលោកយល់ថា ពលរដ្ឋគឺជាភ្នែក និងច្រមុះ របស់អាជ្ញាធរ ដើម្បីការការពារសុខសុវត្ថិភាព ពលរដ្ឋក្នុងសហគមន៍ទាំងមូល៕     
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 
 

Tag:
 សន្តិសុខ
  សុវត្ថិភាព
  ឧត្ដរមានជ័យ
  បន្ទាយអំពិល
© រក្សាសិទ្ធិដោយ thmeythmey.com