ជាតិ
វិស័យចិញ្ចឹមសត្វនៅកម្ពុជា កើនឡើង និងបានបំពេញតម្រូវការ ក្នុងស្រុក ៩៥ភាគរយ
13, Feb 2023 , 8:59 pm        
រូបភាព
រូបពី មន្ទីរកសិកម្មខេត្តកោះកុង
រូបពី មន្ទីរកសិកម្មខេត្តកោះកុង
ភ្នំពេញ៖​ នៅឆ្នាំ២០២២ វិស័យចិញ្ចឹមសត្វនៅកម្ពុជា បានកើនឡើងចំនួន ៨,៨ភាគរយ ដោយក្នុងនោះ អាចផ្គត់ផ្គង់សាច់ សម្រាប់តម្រូវការក្នុងស្រុករហូតដល់ ៩៥ភាគរយ។



តាមរបាយការណ៍របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផលិតកម្មសាច់ ការនាំចេញសត្វ និងផលិតផលសត្វ មានទំហំជាង ២ពាន់លានដុល្លារ។ ដោយឡែក រោងចក្រក្នុងស្រុកមាន ២៦ ដែលអាចផលិតជាងសាច់បាន ១,៥លានតោនក្នុងមួយឆ្នាំ និងផ្គត់ផ្គង់ចំណីសត្វបាន ៦៧ភាគរយ នៃតម្រូវការក្នុងស្រុក។


   លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ក្នុងកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វឆ្នាំ២០២២ និងលើកទិសដៅ២០២៣ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅថ្ងៃទី១៣ កម្ភៈ។ រូបពី ក្រសួងកសិកម្ម
 
ទន្ទឹមនេះ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានជំរុញឱ្យ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ គិតគូរពីសន្តិសុខស្បៀងជាអាទិភាព ហើយត្រូវធ្វើយ៉ាងណាឱ្យអ្នកចិញ្ចឹម អ្នកបរិភោគ និងអ្នកពាក់ព័ន្ធ ក្នុងខ្សែច្រវាក់ផលិតកម្មសត្វសប្បាយចិត្ត និងមិនយល់ច្រឡំ អំពីគោលនយោបាយរបស់រដ្ឋាភិបាល។ បន្ថែមពីនេះ អគ្គនាយកដ្ឋាន គួរតែវិភាគពីតម្លៃសត្វ និងចំណូល-ចំណាយ ឱ្យបានទាន់ពេលវេលា។
 
លោក បានណែនាំឱ្យមន្ដ្រីក្រោមឱវាទ ព្យាយាមដោះស្រាយបញ្ហាប្រឈម និងកុំបណ្ដោយឱ្យបញ្ហានៅចាក់ស្រេះ ហើយគ្មានដំណោះស្រាយនោះ។ ការណែនាំនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វឆ្នាំ២០២២ និងលើកទិសដៅ២០២៣ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅថ្ងៃទី១៣ កម្ភៈ។ 
 
បើតាមក្រសួងកសិកម្ម វិបត្តិកូវីដ-១៩ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះចំនួន -៣,១ភាគរយ ក្នុងឆ្នាំ ២០២០ ខណៈសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី និងបញ្ហាប្រឈមធំៗផ្សេងទៀតកំពុងបន្តជះឥទ្ធិពលមកលើសេដ្ឋកិច្ចកម្ពុជា។ យ៉ាងណា កម្ពុជាបានស្តារសេដ្ឋកិច្ចកម្ពុជាឱ្យសម្រេចបានកំណើន ៣ភាគរយ ក្នុងឆ្នាំ២០២១ និង ៥,២ភាគរយ ក្នុងឆ្នាំ២០២២។ ជាមួយគ្នានេះ សេដ្ឋកិច្ចកម្ពុជា ត្រូវបានគេរំពឹងថា កំណើនរហូត ៧ភាគរយ ដូចមុនវិបត្តិកូវីដ៕  
 

Tag:
 ការចិញ្ចឹមសត្វ
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com