ជាតិ
រថយន្តជាសមាជិកសមាគមដឹកជញ្ជូន ទទួលបានការបញ្ចុះតម្លៃដល់៣០ភាគរយ សម្រាប់ការធ្វើដំណើរលើផ្លូវល្បឿនលឿន
04, Mar 2023 , 6:00 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ សមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា និងក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានចុះអនុស្សរណៈយោគយល់គ្នា (MOU)  ដើម្បីបញ្ចុះតម្លៃសេវាលើរថយន្តធ្វើដំណើរតាមផ្លូវល្បឿនលឿន។ ការបញ្ចុះតម្លៃនេះ ចាប់ពី ២៥ភាគរយ ទៅដល់ ៣០ភាគរយ នៃតម្លៃសេវាដើម។



លោក ឆឹម ចំណាន អគ្គនាយកប្រតិបត្តិសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា លើកឡើងនៅក្នុងពិធីចុះ MOU  កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ថា ការបញ្ចុះតម្លៃសេវានេះ មិនមែនចុះសម្រាប់រថយន្តទូទៅទាំងអស់នោះទេ គឺចុះបានតែរថយន្ត ឬក្រុមហ៊ុនណា ដែលជាសមាជិករបស់សមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជាប៉ុណ្ណោះ។
 
ការចុះ MOU នេះ គឺជួយជំរុញឱ្យរថយន្តធ្វើដំណើរលើផ្លូវល្បឿនលឿនឱ្យបានកាន់ច្រើន និងជួយដល់ការសម្របសម្រួលទៅលើសេវាមួយចំនួន និងការជួយជួសជុលផ្លូវត្រង់ចំណុចខ្វះខាតណាមួយ ដើម្បីងាយស្រួលធ្វើការងារជាមួយគ្នាទៅវិញទៅមកឱ្យកាន់តែប្រសើរជាងមុន។ នេះបើតាមលោក ឆឹម ចំណាន ដដែល។ 


លោក មូ គុន អគ្គនាយក្រុមហ៊ុន Cambodian PPSHV Expressway Co.,LTD។ រូបភាព៖ ក្រសួងសាធារណការ

លោក ឆឹម ចំណាន បញ្ជាក់ដូច្នេះថា៖ «ការចុះ MOU ធ្វើជាលើកទី១សិន មិនទាន់បានធ្វើស៊ីជម្រៅនោះទេ។ ការយោគយល់គ្នាទៅវិញទៅមក [ដើម្បីអាចដឹង] ថាតើថ្ងៃទៅមុខទៀត ធ្វើយ៉ាងណាបន្តទៀត»។
 
អគ្គនាយក្រុមហ៊ុន Cambodian PPSHV Expressway Co.,LTD លោក មូ គុន ថ្លែងថា សម្រាប់រថយន្តចាប់ពី ៣០គ្រឿង ដល់ ១០០គ្រឿង ដែលបានធ្វើដំណើរលើផ្លូវល្បឿនលឿនក្នុងរយៈពេល ១ថ្ងៃ នឹងទទួលបានបញ្ចុះតម្លៃសេវា ២៥ភាគរយ។ ចំពោះរថយន្តធ្វើដំណើរក្នុង ១ថ្ងៃ ចាប់ពី ១០០គ្រឿងឡើងទៅ ក្រុមហ៊ុន នឹងបញ្ចុះតម្លៃ ៣០ភាគរយ នៃថ្លៃដើម។
 
អគ្គនាយកក្រុមហ៊ុន EXPRESSWAY រូបនេះ បានបញ្ជក់ថា៖ «សម្រាប់តម្លៃ គិតតាមរយៈចម្ងាយ គិតតាមជាក់ស្ដែងនៃចម្ងាយដែលពួកគេធ្វើដំណើរតាមច្រកនីមួយៗ ទៅតាមតម្លៃដែលបានចរចាគ្នា ហើយរថយន្តទាំងនោះ តម្រូវឱ្យបំពាក់ ETC»។
 
លោក មូ គុន បន្តថា ក្រោយពេលចុះ MOU ក្រុមហ៊ុន Cambodian PPSHV Expressway Co.,LTD រំពឹងថា នឹងមានរថយន្តធ្វើដំណើរកើនឡើងជាងមុន នៅតាមច្រកផ្លូវល្បឿនលឿនទាំង ៨ច្រក ចាប់ពីភ្នំពេញ-ព្រះសីហនុ។ 
 

លោក ឆឹម ចំណាន អគ្គនាយកប្រតិបត្តិសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា។ រូបភាព៖ ក្រសួងសាធារណការ

សូមជម្រាបថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលមានប្រវែង១៨៧គីឡូម៉ែត្រ ត្រូវបានដាក់ឱ្យប្រើប្រាស់ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២។ ផ្លូវនេះ បានចំណាយថវិកាសាងសង់ជាង ២០០០លានដុល្លារ ដែលវិនិយោគដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) ពីប្រទេសចិនតាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd៕

Tag:
 ជាតិ
 ផ្លូវល្បឿនលឿន
© រក្សាសិទ្ធិដោយ thmeythmey.com