ជាតិ
តំបន់ទេសចរណ៍ ១០កន្លែងនៅតាកែវ ទទួលបានទេសចរជាង ៣លាននាក់ក្នុងរយៈពេល៥ឆ្នាំ
04, Mar 2023 , 11:00 pm        
រូបភាព
រូបភាពពី៖ មន្ទីរទេសចរណ៍ខេត្តតាកែវ
រូបភាពពី៖ មន្ទីរទេសចរណ៍ខេត្តតាកែវ
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ខេត្តតាកែវ មានតំបន់ទេសចរណ៍សក្ដានុពលចំនួន១០កន្លែង ទាំងតំបន់វប្បធម៌ប្រវត្តិសាស្ត្រ, វប្បធម៌ និងធម្មជាតិ, រមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងរមណីយដ្ឋានកែច្នៃ។ ខេត្តតាកែវ ទទួលបានទេសចរណ៍ប្រមាណ៣លាននាក់ក្នុងរយៈពេល៥ឆ្នាំ។


 
ខេត្តតាកែវ មានរមណីយដ្ឋាទេសចរណ៍ចំនួន ១០កន្លែង ក្នុងនោះតំបន់វប្បធម៌ប្រវត្តិសាស្ត្រ និងធម្មជាតិចំនួន៥កន្លែង មានដូចជា ភ្នំដា, ភ្នំបាយ៉ង់កោរ, ភ្នំជីសូរ្យ, ភ្នំតាម៉ៅ និងប្រាសាទតាព្រហ្ម នៅទន្លេបាទី។ លើសពីនេះ ក៏មានរមណីយដ្ឋានទេសចរណ៍វប្បធម៌ និងធម្មជាតិ ២កន្លែង គឺភ្នំខ្លែង និងភ្នំជីតាពេជ្រ។ 
 
ខេត្តតាកែវ ក៏រមណីយដ្ឋានទេសចរណ៍កែច្នៃចំនួន២កន្លែងដែរ គឺរមណីយដ្ឋានកំពូលពេជ្រ និងអន្លង់ភ្ញៀវ។ ក្នុងចំណោមតំបន់ទាំងនេះ មានរមណីយដ្ឋានដែលល្បី និងមានភាពទាក់ទាញភ្ញៀវទេសចរច្រើនចំនួន ៦កន្លែង គឺភ្នំជីសូរ្យ, ភ្នំតាម៉ៅ, ទន្លេបាទី, កំពូលពេជ្រ, ភ្នំដា និងជ្រោះផ្អោក។ នេះបើតាមការលើកឡើងលោក អ៊ូច ភា អភិបាលខេត្តតាកែវ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក» របស់រដ្ឋបាលខេត្តតាកែវ។


លោក អ៊ូច ភា អភិបាលខេត្តតាកែវ។ រូបភាពពី៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

យ៉ាងណាមិញ រយៈពេល៥ឆ្នាំខេត្តតាកែវ ទទួលបានភ្ញៀវទេសចរចំនួន ៣ ៥៦១ ៩០៥នាក់ ក្នុងនោះ ភ្ញៀវជាតិចំនួន ៣ ៥២៣ ៧២០នាក់ និងភ្ញៀវអន្តរជាតិចំនួន ៣៨ ១៨៥នាក់។ 
 
លោក អ៊ូច ភា បញ្ជាក់ថា ខេត្តតាកែវ នៅមានតំបន់ទេសចរណ៍សក្តានុពលជាច្រើនទៀត ដែលមិនទាន់បានអភិវឌ្ឍន៍ឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍នៅឡើយ។ តំបន់ទាំងនោះរួមមាន ប្រាសាទនាងខ្មៅ, ប្រាសាទជប់ពល, សារមន្ទីរអង្គរបូរី, ទំនប់ទឹកខ្ពបត្របែក ស្ថិតនៅស្រុកត្រាំកក់, ទំនប់ទឹកត្នោតទេរ ស្ថិតនៅស្រុកសំរោង, តំបន់អភិរក្សសត្វក្រៀល ស្ថិតនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅជាដើម។
 
សូមជម្រាបដែរថា ខេត្តតាកែវ មានប្រាសាទបុរាណចំនួន១៦, សំណង់គ្រឹះប្រាសាទបាក់បែកចំនួន៦, ទួលបុរាណចំនួន២៥, វត្តបុរាណចំនួន៣១៣ និងស្រះដែលជាទីតាំងយកថ្មចំនួន៣។ ស្ថាបត្យកម្មក្នុងខេត្តនេះ បានរំលេចនូវព្រលឹងនៃស្ថាបត្យកម្ម រូបបដិមា វប្បធម៌ និងសាសានា៕

Tag:
 ទេសចរណ៍
  តាកែវ
© រក្សាសិទ្ធិដោយ thmeythmey.com