ជាតិ
ក្រុមហ៊ុនសហគ្រាសដែលមានបុគ្គលិកចាប់ពីម្នាក់ឡើង ត្រូវចុះបញ្ជិកា ប.ស.ស
05, Mar 2023 , 8:40 am        
រូបភាព
ដោយ:
ក្រុមហ៊ុន និងសហគ្រាសទាំងឡាយណា ដែលបានប្រើប្រាស់បុគ្គលិកធ្វើការងារ ចាប់ពីម្នាក់ឡើងទៅ គឺមានកាតព្វកិច្ចចុះបញ្ជិកានៅបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)។ នេះបើតាមលោក សុខ បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិក បេឡាជាតិសន្តិសុខសង្គម។


 
លោក សុខ បូរ៉ា បានលើកឡើងថា ការចុះបញ្ជិកាមានអត្ថប្រយោជន៍ច្រើនដល់កម្មករនិយោជិតទាំងអស់ ដូចជាជួយ ពេលមានហានិភ័យការងារ ថែទាំសុខភាព និងអាចចូលជាសមាជិកផ្នែកសោធនដោយស្វ័យប្រវត្តិផងដែរ។
 
សូម្បីតែ ប.ស.ស ក៏ត្រូវចុះបញ្ជិកាឱ្យបុគ្គលិកខ្លួនឯងដែរ ព្រោះបានប្រើប្រាស់បុគ្គលិកធ្វើការដូចគ្នា។ ចំណែកក្រុមហ៊ុនធានារ៉ាប់រងឯកជន ក៏បានមកចុះបញ្ជីនៅ ប.ស.ស ឱ្យបុគ្គលិករបស់ពួកគេ ដើម្បីការពារអត្ថប្រយោជន៍ជូនបុគ្គលិក ដែលធ្វើការនៅក្នុងកុ្រមហ៊ុនធានារ៉ាប់់រងនោះ។ នេះបើតាមលោក សុខ បូរ៉ា ដែលបានលើកឡើងក្នុងសិក្ខាសាលាស្ដីពីរបបសន្តិសុខសង្គម ដល់អ្នកកាសែត កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។
  

លោក សុខ បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិក បេឡាជាតិសន្តិសុខសង្គម

ប្រធាននាយកដ្ឋាន ប.ស.ស រូបនេះ បញ្ជាក់ថា ទោះឈប់ធ្វើការ ប័ណ្ណ ប.ស.ស របស់កម្មករនិយោជិតទាំងអស់ ដែលជាសមាជិក ប.ស.ស នៅតែមានសុពលភាពអាចប្រើបាន ក្នុងរយៈពេល២ខែ ទៅ៦ខែ លើផ្នែកសេវាថែទាំសុខភាព។ មួយវិញទៀត នៅពេលដែលពួកគេឈប់ធ្វើការពីក្រុមហ៊ុន ពួកគេអាចស្មគ្រ័ចិត្តបង់បន្តផ្នែកប្រាក់សោធនដោយខ្លួនឯង។ 
 
លោក បូរ៉ា បានបញ្ជាក់ថា ៖«អតីតភាពផ្នែកសោធនគាត់អត់បាត់ទៅណាទេ ព្រោះពេលដែលគាត់ធ្វើការនៅក្រុមហ៊ុនចាស់ បាន៥ឆ្នាំ បង់បាន ៦០ខែ ពេលគាត់ឈប់ពីក្រុមហ៊ុនចាស់ ទៅធ្វើការនៅក្រុមហ៊ុនថ្មី គេនឹងយកអតីតភាពចាស់របស់គាត់ ៦០ខែ បូកជាមួយក្រុមហ៊ុនថ្មីឱ្យវិញ»។
 
បន្ថែមពីនេះ បច្ចុប្បន្នអ្នកធ្វើការតាមផ្ទះ ក៏មានសិទ្ធិពេញលេញដែលរដ្ឋាភិបាលបានប្រកាសការពារពួកគេ ដូច្នេះម្ចាស់ផ្ទះដែលបានប្រើប្រាស់អ្នកធ្វើការនៅតាមផ្ទះ ក៏មានកាតព្វកិច្ចទៅចុះបញ្ជិកា ប.ស.ស នៅទីស្នាក់ការទូទាំងរាជធានីខេត្ត ដើម្បីការពារអត្ថប្រយោជន៍ដល់អ្នកធ្វើការតាមផ្ទះផងដែរ។ នេះបើតាមលោក បូរ៉ា ដដែល។
 


ប្រជាពលរដ្ឋដែលមានប័ណ្ណ ប.ស.ស អាចទៅមន្ទីរពេទ្យរដ្ឋនៅទូទាំងប្រទេស ដោយឥតគិតថ្លៃ ចាប់ពីមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក មន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យថ្នាក់ជាតិ។ ក្រៅពីមន្ទីរពេទ្យរដ្ឋ ប្រជាពលរដ្ឋដែលមានប័ណ្ណ ប.ស.ស ក៏អាចទៅទទួលការព្យាបាលនៅមន្ទីរពេទ្យឯកជនប្រមាណ ៣០០ ដែលបានចុះបញ្ជិកាជាមួយ ប.ស.ស ផងដែរ។ 
 
លោក សុខ បូរ៉ា បានបញ្ជាក់ថា៖«ជាទូទៅ មន្ទីរពេទ្យឯកជនដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស តែងតែសរសេរ [ស្លាកថា] ទទួលព្យាបាលសមាជិក ប.ស.ស ដោយឥតគិតថ្លៃ»៕

Tag:
 បសស
© រក្សាសិទ្ធិដោយ thmeythmey.com