កីឡាជាតិ
ជាតិ
ចាប់អាជីពគ្រូបង្គោលដំបូង លោក សាប៊ូន វិនតា គ្រោងបង្កើតវប្បធម៌លេងជាក្រុម សម្រាប់គិរីវង់សុខសែនជ័យ
18, Apr 2023 , 9:29 am        
រូបភាព
លោក សាប៊ូន វិនតា គ្រូបង្គោលក្រុមគិរីវង់សុខសែនជ័យ រូបពី Cambodian Premier League
លោក សាប៊ូន វិនតា គ្រូបង្គោលក្រុមគិរីវង់សុខសែនជ័យ រូបពី Cambodian Premier League
ក្លិបគិរីវង់សុខសែនជ័យ ធ្វើមិនបានល្អទេក្នុងការប្រកួតនានា ដោយរាប់បញ្ចូលទាំងការប្រកួតក្នុងលីគ និងការប្រកួតពានសម្ដេចហ៊ុន សែន រយៈកាល៥ឆ្នាំចុងក្រោយនេះ។ តែក្រោមការដឹកនាំរបស់លោក សាប៊ូន វិនតា គិរីវង់សុខសែនជ័យបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់លីគខាប់ រដូវកាលទី២នេះ។ គ្រូបង្វឹករូបនេះ និយាយថាការអភិវឌ្ឍកីឡាករ និងក្រុមទាំងមូល ត្រូវការពេលវេលា ដើម្បីពួកគេយល់ពីគ្នាទៅវិញទៅមក និងយល់អំពីវប្បធម៌ប្រកួតជាក្រុម។


 
ក្លិបគិរីវង់សុខសែនជ័យ បានឡើងមកកាន់វគ្គពាក់កណ្ដាល់ផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ខេមប៊ូឌានលីគខាប់ ឆ្នាំ២០២៣ ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ ពូល A។ នេះ គឺជាសមិទ្ធផលថ្មីសម្រាប់ក្រុម ដែលមានទីតាំងនៅខេត្តតាកែវ បន្ទាប់ពីក្រុម បរាជ័យ និងធ្វើមិនបានល្អទាល់តែសោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោក លោក សាប៊ូន វិនតា អតីតគ្រូបច្ចេកទេសរបស់សាលាកីឡាបាល់ទាត់ជាតិបាទី និងអតីតគ្រូបច្ចេកទេសរបស់ក្លិប អាយអេសអាយ ដង្កោសែនជ័យ បានមកកាន់តំណែងក្នុងនាមជាគ្រូបង្គោលថ្មីរបស់គិរីវង់សុខសែនជ័យ ក្នុងរដូវកាល២០២៣នេះ។ នេះ ជាបទពិសោធន៍ដំបូងរបស់ លោក សាប៊ូន វិនតា ក្នុងអាជីពជាគ្រូបង្វឹក។
 
បើទោះជាបទពិសោធន៍នៅតិច ប៉ុន្ដែគ្រូបង្វឹកវ័យ៣២ ឆ្នាំរូបនេះ ធ្វើឲ្យក្លិបគិរីវង់សុខសែនជ័យ ឡើងមកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ សម្រាប់រដូវកាលដឹកនាំដំបូងរបស់ខ្លួន។ លោក សាប៊ូន វិនតា បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា ការផ្លាស់ប្ដូរក្រុម និងពង្រឹងសមត្ថភាព មិនអាចធ្វើឲ្យបានល្អ ត្រឹមរយៈពេលខ្លីបានទេ។
 
«យើង ចាប់ផ្ដើមចេញពីការហ្វឹកហាត់ និងស្វែងយល់ ថាអ្វីគឺជាបាល់ទាត់។ យើងចាប់ផ្ដើម គិតទៅលើស្តង់ដារ ដែលយើងចង់បាន ដូចជារបៀបលេងរបស់ក្រុម។ ហើយយើងចាប់ផ្ដើមអនុវត្តវា ពីមួយថ្ងៃទៅមួយថ្ងៃ ទាំងការអភិវឌ្ឍរបៀបលេង ទាំងការពារ ប្រយុទ្ធ កាយសម្បទា នៅលើទីលាន។ វប្បធម៌ក្នុងក្រុមមួយចំនួន បានផ្លាស់ប្ដូរ ដើម្បីឲ្យកីឡាករទាំងអស់លេងរបៀបជាក្រុម។ យើងចាប់ផ្ដើមដំណើរការបែបនេះ ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយប្រកួតទៅមួយប្រកួត យើង ឃើញថាវាមានការអភិវឌ្ឍបានល្អ ក៏ប៉ុន្ដែវាមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ យើង ត្រូវការពេលវេលាបន្ថែមទៀត ក្នុងការលត់ដំ ទៅលើកីឡាកររបស់យើង។»។ លោក សាប៊ូន វិនតា បាននិយាយប្រាប់ដូច្នេះ។

ការប្រកួតរវាងគិរីវង់សុខសែនជ័យ ជាមួយទ័ព្ធ រូបពី Cambodian Premier League
 
គ្រូបង្វឹករូបនេះ ក៏បានប្រាប់ផងដែរថា ការបន្ថែមបទពិសោធន៍ថ្មី ក្នុងវិស័យបាល់ទាត់ជាគ្រូបង្វឹក មានការលំបាកខ្លះដែរ ព្រោះការបង្វឹក និងធ្វើឲ្យកីឡាករ ក្នុងក្រុមទាំងអស់ យល់ពីវប្បធម៌ និងទស្សនវិស័យរបស់ក្រុម គឺមិនមែនជារឿងងាយស្រួលនោះទេ។ លោក សាប៊ូន វិនតា បានបន្ថែមដូច្នេះថា៖«ក្នុងវិស័យកីឡាបាល់ទាត់នេះ ខ្ញុំឆ្លងកាត់ភាគច្រើន ទៅលើការអភិវឌ្ឍយុវជន ការអភិវឌ្ឍកីឡាករ ហើយនិងការសិក្សាអំពី យុទ្ធសាស្ដ្រនៃការលេង របស់ក្រុមទូទៅ។ វា គឺជារឿងមួយ ដែលយើងត្រូវការប្រើប្រាស់ពេលវេលា ព្រោះបាល់ទាត់មិនមែនជារឿងងាយ ក្នុងការធ្វើឲ្យបានល្អត្រឹម ១ថ្ងៃបានឡើយ។ យើង ត្រូវការពេលវេលា ដែលអាចនិយាយបានថាកីឡាករ ២០នាក់ជាង ក្នុងក្រុម ធ្វើយ៉ាងមិចឲ្យពួកគាត់យល់ពីរបៀបលេងតែមួយ។ នេះ គឺរឿងមួយពិបាក ក្នុងភាពជាគ្រូបង្ហាត់។ រូបភាព ទាំងអស់នេះ យើងត្រូវសិក្សាអំពីកីឡាករនីមួយៗ និងវប្បធម៌ក្រុម ទម្រង់លេងរបស់ក្រុម ដែលយើងត្រូវអភិវឌ្ឍ និងបង្កើតវាម្ដងបន្ដិចៗ ដើម្បីការប្រកួត ដែលយើងកំពុងចាប់ផ្ដើមបានល្អនេះ។»។
 
គ្រូបង្គោលរបស់គិរីវង់សុខសែនជ័យរូបនេះ ក៏បានប្រាប់ថា ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមរបស់លោក មិនបានផ្ដោតលើសមត្ថភាពក្រុមគូប្រកួតណាខ្លាំង ឬខ្សោយទេ ប៉ុន្ដែ គឺការប្រឹងហ្វឹកហាត់ និងប្រឹងប្រែងប្រកួត ហើយប្រឹងធ្វើនៅអ្វី ដែលក្រុមអាចពង្រឹងបាន។ 
 
«យើង មិនផ្ដោតទៅលើក្រុមណាមួយទេ ទោះបីជាក្រុមខ្លាំង ក្រុមខ្សោយ។ យើងមានតែការប្រឹងប្រែងហ្វឹកហាត់។ ពាក្យនេះ គឺជាពាក្យក្នុងក្រុមរបស់យើង គ្មានឈ្មោះក្រុមណាខ្លាំង គ្មានឈ្មោះកីឡាករណាល្បី គឺមានតែផ្ដោតលើការហ្វឹកហាត់ និងប្រឹងប្រែងគ្រប់ការប្រកួត។ អ៊ីចឹងគ្រប់ការប្រកួតទាំងអស់ គឺជាភាពតានតឹងរបស់យើង។ យើង មិនរំពឹងថាក្រុមនេះ ខ្លាំង ក្រុមនេះ ខ្សោយទេ ប៉ុន្ដែ យើងនៅតែប្រឹងប្រែងហ្វឹកហាត់ តាមការអភិវឌ្ឍផ្នែនការរបស់ខ្លួន។»។ នេះ គឺជាការត្រៀមខ្លួន ដែលលោក សាប៊ូន វិនតា បានបញ្ជាក់ប្រាប់។
 
គួរបញ្ជាក់ផងដែរ ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ ដោយ ណាហ្គាវើលដ៍ ត្រូវប្រកួតជាមួយវិសាខា ហើយគិរីវង់សុខសែនជ័យ ត្រូវជួប ម្ចាស់ការពារដំណែងជើងឯក ភ្នំពេញក្រោន។ ប្រកួតវគ្គនេះ ត្រូវធ្វើ២ លើក គឺក្នុងដី និងក្រៅដី (Home, Away)៕
 

Tag:
 បាល់ទាត់
  Cambodian League Cup
  ខេមប៊ូឌាលីគខាប់
© រក្សាសិទ្ធិដោយ thmeythmey.com