អន្តរជាតិ
UN នឹងបន្តដំណើរការនៅក្នុងអាហ្វហ្កានីស្ថាន ប៉ុន្តែថវិកាជំនួយកំពុងរីងស្ងួត
03, May 2023 , 9:29 pm        
រូបភាព
អង្គការសហប្រជាតិ (UN) នាថ្ងៃទី២ ឧសភា បានប្រកាសថា ខ្លួននឹងបន្តដំណើរការនៅអាហ្វហ្កា នីស្ថានដើម្បីផ្ដល់ជំនួយដល់ប្រជា​ជនអាហ្វហ្កានីស្ថានរាប់លាននាក់ទោះបី​ជាក្រុមតាលីបង់​បាន​ដាក់​ការរឹតត្បិតលើបុគ្គលិកស្រីដែលបម្រើការឱ្យ UN ក៏ដោយ។ យ៉ាងណាមិញ ថវិកាជំនួយកំពុងរីង​ស្ងួត​ជាងមុនថែមទៀត។

 
បន្ទាប់ពីកិច្ចប្រជុំស្ដីពីអាហ្វហ្កានីស្ថានជាមួយប្រេសិតមកពីជាង២០ប្រទេសនៅទីក្រុងដូហា ប្រមុខ UN លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា UN នឹងបន្តការងារនៅ​អាហ្វហ្កានីស្ថាន ប៉ុន្តែក៏បារម្ភពីស្ថិរភាពប្រទេសមួយនេះ។
 
«ពួកយើងបន្តនៅ ហើយពួកយើងផ្គត់ផ្គត់ ហើយពួកយើងក៏ប្តេជ្ញាស្វែងរកលក្ខខណ្ឌចាំបាច់ដើម្បីបន្ត ការដឹកជញ្ជូន។ ប្រទេសដែលមានវត្តមានបានយល់ព្រមលើតម្រូវការជាំយុទ្ធសាស្រ្ត​នៃ​ការចូលរួម»។ លោក ហ្គូតេរ៉េស បានលើកឡើងបែបនេះរួចបន្តថា បំរាមរបស់អាជ្ញាធរ​តាលីបង់​លើ​ស្ត្រី​អាហ្វហ្កានីស្ថាន​ដែលបម្រើការងារឱ្យ UN ជាការបំពានសិទ្ធិមនុស្ស ហើយ UN នឹងមិននៅ​ស្ងៀម​ឡើយ​ចំពោះការ​វាយ​ប្រហារជាប្រព័ន្ធលើស្ត្រី ឬ​កុមារី។
 
ពាក់ព័ន្ធនឹងជំនួយសម្រាប់ប្រទេសនេះ ប្រមុខ UN បានព្រមានអំពីកង្វះខាតយ៉ាងធ្ងន់ធ្ងរលើ​ជំនួយ​ហិរញ្ញវត្ថុសម្រាប់ការគាំទ្រផ្នែកមនុស្សធម៌របស់ UN នៅឆ្នាំនេះ ដែលមានជាង៦ភាគរយ​ប៉ុណ្ណោះ។
 
ក្នុងកិច្ចប្រជុំបេសកជននោះផងដែរ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន Hina Rabbani Khar បាន​សង្កត់​ធ្ងន់​ថា ជីវិតិប្រជាជនអាហ្វហ្កានីស្ថាន៤០លាននាក់គឺស្ថិតនៅលើ​ការសម្រេចចិត្តរបស់តាលីបង់ ហើយ​ក្នុងរយៈពេល២០ខែចុងក្រោយនេះ គ្មាននរណាម្នាក់បានជួយ​ប្រជាជនទាំងនោះ​ឱ្យ​បាន​យ៉ាង​ល្អ​នោះ​ទេ៕
 

Tag:
 UN
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com