ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
បណ្ឌិត គិន ភា ជំរុញឱ្យអ្នកសារព័ត៌មានតំបន់មេគង្គ ជួយផ្សព្វផ្សាយបានច្រើន ដើម្បីប្រយោជន៍រួម
11, May 2023 , 8:59 am        
រូបភាព
បណ្ឌិត គិន ភា  ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា  រូបភាពរបស់សារព័ត៌មានថ្មីៗ ។
បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា រូបភាពរបស់សារព័ត៌មានថ្មីៗ ។
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ អ្នកសារព័ត៌មានពីតំបន់ទន្លេមេគង្គទាំង៦ប្រទេសរួមមាន ចិន មីយ៉ាន់ម៉ា ថៃ ឡាវ ខ្មែរ និងវៀតណាម ដែលសរុបទាំងអស់ជិត៥០នាក់ បានជួបជុំគ្នា ដើម្បីពិភាក្សា និងសិក្សាពីសក្កានុពលនៃទន្លេមេគង្គ ដែលសិក្ខាសាលាស្តីពី ការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីមេគង្គមានសន្តិភាព ស្ថិរភាព និងវិបុលភាព រៀបចំ និងសម្របសម្រួលដោយ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា កាលពីពេលថ្មីៗនេះ។ លោក គិន ភា ប្រធានវិទ្យាស្ថាននេះ ប្រាប់អ្នកសារព័ត៌មានថ្មីៗថា ការខ្នះខ្នែងធ្វើការជាមួយភាគីពាក់ព័ន្ធ ដើម្បីការអភិវឌ្ឍមួយ ដោយមិនទុកអ្នកណាឱ្យនៅឯកា ដើម្បីដោះស្រាយបញ្ហាចំពោះមុខ និងជាផលប្រយោជន៍ទន្លេមេគង្គរួមគ្នា ។




បណ្ឌិត គិន ភា  ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា  ក្នុងបទសម្ភាសជាមួយ កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ   រូបភាពរបស់សារព័ត៌មានថ្មីៗ.
 
ដើម្បីកាន់តែពិស្តារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ជាមួយ កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ ដូចតទៅ៖

 
 
កញ្ញា សុង សុធាវី៖ យើងឃើញថា សិក្ខាសាលាស្តីពីទន្លេមេគង្គ ដែលមានអ្នកសារព័ត៌មានពីតំបន់ទន្លេមេគង្គ៦ប្រទេសចូលរួម បានចប់ហើយ តើលោកធ្វើបែបណាទៀត ដើម្បីជំរុញឱ្យការងារនេះមានប្រសិទ្ធភាព? 
 
បណ្ឌិត គិន ភា៖  បាទ សិក្ខាសាលារយៈពេលបីថ្ងៃហ្នឹងចប់ក៏ពិតមែន តែការជំរុញឱ្យយើងអាចបន្តកិច្ចសហការរវាងអ្នកសារព័ត៌មានទាំង៦ប្រទេសហ្នឹងនៅតែមានជាហូរហែរ និងយន្តការច្រើនទៀត។ ទី១ ខ្ញុំបង្កើតឱ្យមានក្រុមអ្នកសារព័ត៌មាននៅក្នុងប្រពន្ធ័តេឡេក្រាម និងទី២ ប្រព័ន្ធអ៊ីម៉ែលផងដែរ ដើម្បីឱ្យពួកគាត់អាចមានការទំនាក់ទំនងគ្នា តាមដែលអាចធ្វើទៅបាន។ ទី៣​ យើងជំរុញឱ្យអ្នកសារព័ត៌មានទាំងអស់ប្រើប្រាស់បណ្តាញសង្គម ដើម្បីចូលរួមផ្សព្វផ្សាយនូវចំណេះដឹងទៅកាន់ពលរដ្ឋ និងគ្រប់ភាគីពាក់ពន្ធ័ទាំងអស់ ហើយចំនុចមួយទៀត ខ្ញុំក៏ជំរុញឱ្យអ្នកសារព័ត៌មានខ្មែរយើង និងអ្នកសារព័ត៌មានមកពីប្រាំប្រទេសទៀតហ្នឹង គាត់សរសេរអត្ថបទទាក់ទងនឹងទន្លេមេគង្គ។ ដូចបង គី សុខលីម គាត់បានលើកឡើងនៅក្នុងកម្មវិធីយើងដែរ គឺ លើកទឹកចិត្តឱ្យអ្នកសារព័ត៌មានទាំងអស់សរសេរអត្ថបទពីទន្លេមេគង្គ ចាភាសាជាតិខ្លួន ដើម្បីឱ្យពលរដ្ឋនៃប្រទេសទាំងនោះងាយស្រួលអាន និងយល់ដឹង  ហើយអ្នកសារព័ត៌មានក៏គួរតែសរសេរជាភាសាអង់គ្លេស ដើម្បីឱ្យបណ្តាអ្នកសារព័ត៌មានផ្សេងទៀត បានយល់ពីសក្តានុពលនៃទន្លេមេគង្គរបស់ប្រទេសខ្លួនផងដែរ។ ខ្ញុំសូមជម្រាបដែរថា សន្និសិទ្ធនេះជាវេទិការភ្នំពេញរបស់ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលយើងតែងមានការអភិវឌ្ឍសមត្ថភាពរបស់អ្នកសារព័ត៌មានហ្នឹងប្រចាំឆ្នាំ ប៉ុន្តែប្រធានបទយើងអាចផ្លាស់ប្តូរបន្តបន្ទាប់គ្នាទៅតាមឆ្នាំនីមួយៗ តែយ៉ាងណាក៏ដោយ យើងនៅតែផ្តោតសំខាន់លើបញ្ហាតំបន់មេគង្គនេះដដែលទេ។ ជារួម ការខិតខំប្រឹងប្រែងទាំងនេះ យើងចង់ឃើញតំបន់មេគង្គទាំងមូលមានសន្តិភាព ស្ថិរភាព និង វិបុលភាព ហើយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ ពីគ្រប់តួអង្គនៃសង្គមទាំងអស់ ដែលយើងមិនចង់ឃើញនរណាម្នាក់រស់នៅដោយភាពឯកកាឡើយ។  
 
កញ្ញា សុង សុធាវី៖ ជាអ្នករៀបចំកម្មវិធី ឃើញថាមានការខ្នះខ្នែងច្រើន ហើយរយៈពេលបីថ្ងៃក៏ឃើញមានការចូលរួមលើកនូវគំនិតយោបល់យ៉ាងផុសផុលពីអ្នកសារព័ត៌មានមួយចំនួន តែឧបសគ្គភាសាគឺជាកត្តាប្រឈមមួយ សម្រាប់អ្នកសារព័ត៌មានមួយចំនួនទៀត ដែលសមត្ថភាពក្នុងការប្រើភាសាអង់គ្លេសរបស់គាត់នៅមានកំរិត តើលោកមានជាការសម្រួលដូចម្តេចទៀត ក្នុងចំណុចនេះ?
 
បណ្ឌិត គិន ភា៖ ភាសាទំនាក់ទំនងគ្នា គឺជារឿងសំខាន់ណាស់! អ៊ីចឹងហើយ ក្នុងនាមជាអ្នករៀបចំកម្មវិធីនេះ ខ្ញុំបានចាត់ចែងឱ្យមានការបកប្រែប្រដេញ ហើយចាត់ទុកភាសាអង់គ្លេស និងភាសាខ្មែរជាភាសាផ្លូវការ​សម្រាប់កម្មវិធីរបស់យើង ព្រោះយើងធ្វើឡើងនៅកម្ពុជាថ្មីៗនេះ  ដែលយើងបានជួលអ្នកបកប្រែប្រដេញ នេះជាទិដ្ឋភាពទី១។ ទិដ្ឋភាពទី២ គឺរាល់សិក្ខាកាមបរទេស ឬ ខ្មែរ ណាដែលមានគ្នានៅជិតអាចជួយបាន ពួកគាត់អាចជួយពន្យល់គ្នាបន្ថែមទៀតពីអត្ថន័យ ក៏ដូចជាខ្លឹមសារនៃសិក្ខាសាលាយើងទាំងមូល។ ជាក់ស្តែង ការប្រើភាសាអង់គ្លេសរបស់អ្នកកាសែតយើងមកពី ឡាវម្នាក់ វៀតណាមម្នាក់ និង ចិនម្នាក់ហាក់នៅមានកំរិត ដូចនេះយើងមានខ្មែរយើងម្នាក់ដែលចេះប្រើភាសាឡាវជួយពន្យល់គាត់ ហើយបកប្រែមកជាភាសាអង់គ្លេសវិញ។ រីឯជនជាតិបរទេសដូចដែលបានលើកឡើងខាងលើ គឺពួកគាត់មានក្រុមការងារគាត់ផ្សេងទៀត ដែលអាចជួយពន្យល់គ្នាបាន។ ដូច្នេះ របាំងភាសាហ្នឹង អាចថាវាជាឧបសគ្គមែន តែសំខាន់ តើយើងអាចដោះស្រាយវាបានដោយរបៀបណា? អ៊ីចឹង ដូចជាមិនជាការចោទខ្លាំងទេ។ យ៉ាងណាក៏ដោយ បើសិនជាអ្នកសារព័ត៌មានយើងអាចប្រើប្រាស់ភាសាបរទេសបានល្អ នោះនឹងជំរុញឱ្យការបញ្ចេញនូវគំនិត ទស្សនៈ មតិយោបល់ កាន់តែងាយស្រួល ជាជាងការប្រើសហការរីច្រើនគ្នា ដែលពេលខ្លះអាចបាត់នូវខ្លឹមសារដើមមួយចំនួនផងដែរ។ 
 
បណ្ឌិត គិន ភា  ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា  រូបភាពរបស់សារព័ត៌មានថ្មីៗ..

កញ្ញា សុង សុធាវី៖  ធម្មតាទេ អ្នកសារព័ត៌មានទាំងអស់ពួកគាត់មកពីប្រទេសខុសគ្នា ហើយគំនិតជាតិនិយមមួយចំនួនក៏មានជាប់ខ្លួនពួកគាត់ដែរ បើសិនជាមានគំនិតចង់ឈ្នះគ្នាក្នុងកិច្ចការងារនេះ តើលោកនឹងសម្របសម្រួលបែបណាខ្លះ ក្នុងនាមជាអ្នករៀបចំកម្មវិធីដ៏ធំមួយនេះ ដើម្បីជាការរួបរួមគ្នាមកវិញ?
 
បណ្ឌិត គិន ភា៖  យើងឃើញថា អ្នកសារព័ត៌មានមកពី៦ប្រទេសផ្សេងគ្នា ហើយជនជាតិណាក៏ដូចជនជាតិណាទេ ដែលកាលណាគាត់មក គឺតែងភ្ជាប់មកជាមួយនៅលក្ខណៈជាតិនិយមរបស់គេ និងអ្វីៗ ដែលភ្ជាប់មកនូវផលប្រយោជន៍ជាតិនិយមរបស់គេ តែយើងត្រូវដឹងថា បញ្ហាទន្លេមេគង្គ មិនមែនជាបញ្ហារបស់ប្រទេសណាមួយ ដាច់ដោយឡែកទេ ហើយត្រូវតែមានដំណោះស្រាយរួមគ្នា។ អ៊ីចឹងហើយបានជាយើង លើកទឹកចិត្តឱ្យមានការពិភាក្សាគ្នា ដែលយើងដាក់បញ្ហាមួយចំនួនជាកត្តាស្នូលឱ្យពិភាក្សាគ្នា។ អ៊ីចឹង  យើងជជែកគ្នាពីបញ្ហាវប្បធម៌ បរិស្ថាន ការអភិវឌ្ឍ ការកសាងសហគមន៍ ប្រជាធិបតេយ្យ សិទ្ធមនុស្ស និងប្រព័ន្ធបោះឆ្នោត ក៏ដូចជានយោបាយ។ល។  ដូច្នេះ នេះជារឿង ដែលយើងជជែកគ្នាបាន ដោយមិនគួរលើកយកគំនិតជាតិនិយមចង្អៀតចង្អល់ហួសហេតុមកជជែកឱ្យតឹងសរសៃករដាក់គ្នាទេ៕   
 

បណ្ឌិត គិន ភា  ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា  ក្នុងបទសម្ភាសជាមួយ កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ   រូបភាពរបស់សារព័ត៌មានថ្មីៗ.
 

Tag:
 បទសម្ភាសវិស័យសារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com