អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក Pita បោះពាក្យថា ការគាំទ្រពីប្រជាជនមិនគ្រប់ដើម្បីក្លាយជានាយករដ្ឋមន្រ្តីទេ
19, Jul 2023 , 3:59 pm        
រូបភាព
លោក Pita Limjaroenrat  កំពុងជជែកដេញដោលនៅក្នុងសភាថៃ ។ រូបភាព AFP ។
លោក Pita Limjaroenrat កំពុងជជែកដេញដោលនៅក្នុងសភាថៃ ។ រូបភាព AFP ។
លោក Pita Limjaroenrat ទំនងជាអស់ផ្លូវ នឹងទទួលបានការគាំទ្រធ្វើជានាយករដ្ឋមន្រ្តី។ ភ្លាមៗក្រោយពីសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញថៃ លោក Pita បាននិយាយថា        ប្រហែ​ល​ជាមិនទទួលបានការគាំទ្រគ្រប់គ្រាន់ ក្នុងការបោះឆ្នោតជ្រើសនាយករដ្ឋមន្រ្តីជុំទីពីរ នៅថ្ងៃនេះទេ។

 
នៅថ្ងៃទី១៩ ខែ កក្កដា តុលាការធម្មនុញ្ញថៃ បានព្យួរមេដឹកនាំគណបក្សឆ្ពោះទៅមុខ ដែលជាបេក្ខជននាយករដ្ឋមន្ត្រី លោក Pita Limjaroenrat ពីតួនាទីជាសមាជិកសភាតំណាងរាស្រ្ត ជុំវិញបណ្តឹងពាក់ព័ន្ធការកាន់កាន់ភាគហ៊ុន នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV Plc ។ 
 
ក្រោយទទួលបានសេចក្តីសម្រេចនេះ លោក Pita បានសរសរលើបណ្តាញ Instagram  វាបានក្លាយជាភស្តុតាងដែលថា នៅក្នុងប្រព័ន្ធបច្ចុប្បន្ននេះ ការទទួលបានទំនុកចិត្តពីប្រជាជនតែមួយមុខ គឺមិនគ្រប់គ្រាន់ សម្រាប់ការទទួលបានអំណាចនោះទេ ដោយត្រូវការអនុញ្ញាតជាមុនពីព្រឹទ្ធសភាទៀត។
 
ជាមួយសារបែបនេះ ការបោះឆ្នោតជ្រើសនាយករដ្ឋមន្រ្តីជុំទីពីរនៅថ្ងៃនេះ ទំនងជាមិនទទួលបានជោគជ័យ ដូចការរំពឹងទុកនោះដែរ។ លោក Pita ​បញ្ជាក់ថា ​៖ «​ហើយ​ប្រហែល​ជាវាមិន​គ្រប់គ្រាន់​ ដើម្បី​ត្រូវ​បាន​តែងតាំង​ជា​លើក​ទី​ពីរ​ទេ​»​។
 
ជុំវិញបេក្ខភាពនាយករដ្ឋមន្រ្តី កន្លងមកបក្សភឿថៃ ដែលជាសម្ព័ន្ធរបស់បក្សឆ្ពោះទៅមុខ មានបំណងដាក់បេក្ខភាពលោក Srettha Thavisin ជាបេក្ខភាពនាយករដ្ឋមន្ត្រី ប្រសិនបើសម័យប្រជុំពេញអង្គ បោះឆ្នោតជ្រើសនាយករដ្ឋមន្ត្រី បន្តបដិសេធ មេដឹកនាំបក្សឆ្ពោះទៅមុខនៅជុំទីពីរនេះ​។
 
ពេលនេះ សភាថៃកំពុងជជែកដេញដោល ការស្នើបេក្ខភាពលោក Pita មុនការបោះឆ្នោត។ ការបោះឆ្នោតជុំទីបី អាចធ្វើនៅថ្ងៃទី២០ ខែកក្កដា៕
 

Tag:
 ថៃ
  នយោបាយ
  បោះឆ្នោត
  Pita
© រក្សាសិទ្ធិដោយ thmeythmey.com