ជាតិ
ចង្រ្កានបរិស្ថានកំពុងជំនួសចង្រ្កានបុរាណ កាត់បន្ថយចំណាយ និងជួយបរិស្ថានច្រើន
30, Jul 2023 , 10:20 pm        
រូបភាព
ដោយ៖ ហឿន សុភ័ក្រ្ត
 
សៀមរាប៖ នៅពេលនិយាយ​ដល់មុខរបរផលិតចង្ក្រាន គេតែងនឹកឃើញដល់ខេត្តកំពង់ឆ្នាំង​មុនគេ​ដែលទីនោះ គឺជាទឹកដីនៃសិប្បកម្មផលិតវត្ថុប្រើប្រាស់អំពីដីឥដ្ឋដោយដៃបែបប្រពៃណី ហើយក៏មាន​ផលិតចង្ក្រានដីឥដ្ឋផងដែរ ដូចជា​ចង្ក្រានមង ចង្ក្រានឡូវ ចង្ក្រានគ្មានកន្ទុយ ដែលពលរដ្ឋខ្មែរ​មួយចំនួននៅនិយមប្រើតាមផ្ទះលក្ខណះគ្រួសារដោយពួកគាត់ជឿថាប្រើចង្ក្រានបុរាណដាំស្ល បាយសម្លឆ្ងាញ់។ យ៉ាងណា បច្ចុប្បន្នបរិបទនេះមានការផ្លាស់ប្ដូរខ្លះ ដោយពលរដ្ឋចាប់ផ្តើមប្រើ ចង្រ្កានបរិស្ថាន ដោយចំណេញថវិកា និងពេលវេលា។

 
 
លោក មួន សុវណ្ណ អ្នកគ្រប់គ្រងរោងចក្រផលិតចង្ក្រានបរិស្ថាន ACE1 បានប្រាប់ថា កាលពីឆ្នាំ២០១៦ ស្ថាប័នលោកបាននាំចូលចង្ក្រានបរិស្ថានពីប្រទេសហូឡង់។ ប៉ុន្តែនៅឆ្នាំ២០២០ ក្រោយ… ក្រុមហ៊ុនក៏រៀបចំផលិតនៅកម្ពុជា ដែលមានទីតាំងស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប។ លោកបន្តថា ចំពោះជំនាញ និងបច្ចកទេសនៃការផលិត ជួសជុល និងរបៀបថែទាំចង្ក្រាន គឺខាងលោកបាន​ទទួលការ​បណ្តុះបណ្តាល​ផ្ទាល់ពីគ្រូជនជាតិហូឡង់ បន្ទាប់ពីរោងចក្រនេះ​បានរៀបចំដំឡើងឧបករណ៍​ទៅតាម​ទីតាំង​នីមួយៗរួចរាល់។ បន្ថែមពីនេះ ក្រៅតែពីផលិតចង្ក្រានបរិស្ថាន រោងចក្រដដែលក៏មានផលិត​អុសបរិស្ថានផងដែរ ដែលផលិតចេញពីកាកអំពៅ និងមែកឈើដែលប្រមូលពីក្នុងទីរួមខេត្តសៀមរាប។ 


 
ចំពោះវត្ថុធាតុដើមនៃការផលិតចង្រ្កាននេះ លោក មួន សុវណ្ណ បញ្ជាក់ថា មានដូចជាថ្មសេរ៉ាមិច ដែកបន្ទះអ៊ីណុក ជើង បាត ដៃចង្ក្រាន ថ្មPower Bank  កង្ហារ និងបតគ្រឿងបញ្ជា (បន្ទះឈីប) នាំចូលមកពីប្រទេសហូឡង់ ចិន និងវៀតណាម។ លោក សុវណ្ណ បន្តថា៖« តែសព្វថ្ងៃយើងអាចផលិត​របស់ទាំងនេះ​ដោយខ្លួនឯងបានប្រហែលជា៨០% ដូចជា តួស៊ីឡាំង ក្បាលចង្ក្រាន ដៃចង្ក្រាន និងរបស់​ផ្សេងៗទៀតជាដើម»។
 
ចំណែកការផលិតចង្ក្រានវិញ អ្នកគ្រប់គ្រងរោងចក្រខាងលើប្រាប់ថា ក្នុងមួយថ្ងៃរោងចក្រអាចផលិត​ចង្ក្រាន​បានចន្លោះពី ៣០ ទៅ ៤០ ចង្ក្រាន និងចង្ក្រាននីមួយៗមានទំហំប៉ុនៗគ្នា គឺកម្ពស់ ៣៣ សង់ទីម៉ែត្រ មុខកាត់ខាងលើ ២២ សង់ទីម៉ែត្រ និងទំហំជើងក្រោម ៣៣ សង់ទីម៉ែត្រ និងមានទម្ងន់​សរុបជាង ៥ គីឡូក្រាម។ លោក សុវណ្ណ បញ្ជាក់ថា នៅក្នុងរោងចក្ររបស់លោក​មានបុគ្គលិក​ជំនាញសរុប ១៤ នាក់ ក្នុងនោះមានស្រីចំនួន៩ នាក់។
 


លោក សែម ចាន់វាសនា ប្រធានផ្នែកលក់របស់ស្ថាប័នចង្ក្រានបរិស្ថាន ACE1 បានប្រាប់ឱ្យដឹងថា ការចែកចាយទូទាំងប្រទេសកម្ពុជា ហើយក្នុងមួយខែលក់អស់ចំនួនប្រមាណ ៣៥០ គ្រឿង ក្នុងនោះក៏ មាននាំចេញទៅលក់ក្រៅប្រទេសផងដែរ មានប្រទេស Uganda និងប្រទេស Lesotho ជាដើម។ លោក វាសនា បញ្ជាក់ថា ចំពោះគុណភាពនៃចង្ក្រានបរិស្ថាននេះ គឺអាចប្រើប្រាស់រហូតដល់ទៅចន្លោះពី ៨ ទៅ ១០ ឆ្នាំ និងអត្ថប្រយោជន៍របស់វា គឺជួយសន្សំសំចៃថវិកាទៅលើការទិញអុស ឬធ្យូងបាន ៦៥% បើប្រៀបធៀប​នឹងការប្រើចង្ក្រានដ៏ទៃ ហើយអាចមូលបញ្ជាឱ្យចេញកម្តៅតិច ឬខ្លាំងបាន ដែលក្តៅខ្លាំង​រហូតដល់៩០០ ឬ១០០០ អង្សា ហើយចង្ក្រាននេះអាចទ្រទំងន់បាន៨០ គីឡូក្រាម។  លោកបន្ថែមថា​ចំពោះសុវត្ថភាព គឺមិនផ្ទុះបណ្តាលឲ្យគ្រោះថ្នាក់ ឬក៏ធ្លាក់កន្ទុយអុសដែលអាចបង្កឲ្យមានភ្លើងឆេះផ្ទះ។ ចង្រ្កាននេះ ក៏អាចកាត់បន្ថយផ្សែងរហូតដល់ទៅ ៩៥% ដែលមិនបង្កផលប៉ះពាល់ដល់សុខភាព និងបរិស្ថានធម្មជាតិ។ 



ប្រធានផ្នែកលក់ លោក ចាន់វាសនា បានលើកពីគុណតម្លៃនៃចង្រ្កានបរិស្ថានខាងលើ​ដែលវាក៏អាចសាកថ្មទូរសព្ទ ឬប្រើប្រាស់អំពូលភ្លើងនៅពេលយប់បានផងដែរ។ លោកបន្តថា អ្វីដែលសំខាន់ ស្ថាប័នក្រុមហ៊ុនមានសេវាជួសជុស និងថែទាំដោយមិនគិតថ្លៃរហូត​​មួយអាយុកាល​នៃចង្ក្រាន បើសិនជាអតិថិជនប្រើប្រាស់តាមការណែនាំរបស់ក្រុមការងារដែលបានលក់ជូន។ រីឯតម្លៃចង្ក្រានបរិស្ថាន ACE1 គឺមួយឈុតតម្លៃ១០៥ ដុលា្លរ រួមមានចង្ក្រាន ACE1 ផ្ទាំងសូឡា ឆ្នាំងសាកអគ្គិសនី អំពូលភ្លើងLED  បន្ទះដែកអាំងសាច់BBQ  ខ្សែUSBសាកទូរសព្ទ  និងលិខិតធានា​នេះជាតម្លៃក្នុងការទិញផ្តាច់។ ក្រៅ​ពីនោះ អតិថិជនក៏មានជម្រើសទិញបង់រំលស់ ដោយគ្រាន់តែ​បង់ដំបូង ២៥ ដុល្លារ អាចយកចង្ក្រានទៅប្រើប្រាស់បាន និងបន្ទាប់មកទៀតបង់ ១០ដុល្លារ ក្នុង ១ខែ រយះពេល ៩ ខែ។ 



ស្ថាបនិកស្ថាប័នចង្ក្រានបរិស្ថាន លោក Daniel Keith Walker សញ្ញាតិហូឡង ​ក៏បានផ្តល់បទសម្ភាស​ផងដែរថា មូលហេតុ នៃបង្កើតរោងចក្រផលិតចង្រ្កានបរិស្ថាន​នេះ គឺទីមួយ ​ពលរដ្ឋដែលលែង​ប្រើចង្ក្រាន​អុស ឬធ្យូង គឺពួកគាត់ចំណាយច្រើនទៅលើថ្លៃហ្កាស ឬអគ្គីសនី​ហើយទីពីរ​ចំពោះពលរដ្ឋដែលកំពុង​​បន្តប្រើប្រាស់ចង្ក្រានបុរាណ​​ដោយអុស ឬធ្យូង ដើម្បីដាំស្ល គឺ ពួកគេកំពុងទទួលរងផលប៉ះពាល់ដោយ​ផ្ទាល់ដល់សុខភាព ដោយសារតែផ្សែងច្រើនចេញពីចង្ក្រានអុសធ្យូងទាំងនោះ។ លោកបញ្ជាក់ថា ហេតុដូច្នេះហើយទើបលោកបានបង្កើតចង្ក្រានបរិស្ថាននេះឡើង ដែលអាចប្រើអុសឬធ្យូងបានដដែល តែគ្មានផ្សែង និងជួយកាត់បន្ថយការចំណាយ បានមួយកម្រិតធំ៕

Tag:
 ពាក្យគន្លឹះ៖ ចង្រ្កានបរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com