អន្តរជាតិ
ម៉ាឡេស៊ី​ នឹងបណ្ដុះពពកជំរុញភ្លៀងដើម្បីដោះស្រាយគុណភាពខ្យល់ដែលកាន់តែអាក្រក់
04, Oct 2023 , 9:59 pm        
រូបភាព
ម៉ាឡេស៊ី ព្យាយាមធ្វើឱ្យមានភ្លៀងធ្លាក់តាមរយៈការបណ្ដុះពពក និងរៀបចំបិទសាលារៀនជាច្រើន ខណៈដែលគុណភាពខ្យល់នៅកន្លែងជាច្រើនកាន់តែយ៉ាប់យ៉ឺន ព្រមគ្នានឹងការបារម្ភពីហានិភ័យ​នៃ​ការ​បំពុលខ្យល់បង្កដោយភ្លើងឆេះព្រៃនៅឥណ្ឌូណេស៊ី។

 
ស្ទើរតែរៀងរាល់រដូវប្រាំង ផ្សែងហុយចេញពីភ្លើងដែលដុតដើម្បីឈូសឆាយដីសម្រាប់ចំការដូងប្រេង និងចំការដើម pulp សម្រាប់ផលិតកម្មក្រដាសនៅឥណ្ឌូណេស៊ី បង្កឱ្យមានអ័ព្ទអណ្តែត​លើ​ផ្ទៃមេ​ឃ​ពាសពេញតំបន់។ ផ្សែងអ័ព្ទ បង្កហានិភ័យដល់សុខភាពសាធារណៈ និងដល់ប្រតិបត្តិករទេសចរណ៍ ក៏ដូចជាក្រុមហ៊ុនអាកាសចរណ៍។
 
អគ្គនាយកនៃនាយកដ្ឋានបរិស្ថា​នម៉ាឡេស៊ី Wan Abdul Latiff Wan Jaffar បញ្ជាក់ក្នុងសេចក្តី​ថ្លែងការណ៍មួយកាលពីយប់ថ្ងៃទី២ ខែតុលាថា គុណភាពខ្យល់របស់ម៉ាឡេស៊ីកាន់តែយ៉ាប់យ៉ឺន​ពិសេស​នៅតំបន់ភាគខាងលិចនៃឧបទ្វីបម៉ាឡេស៊ី ដោយតំបន់ចំនួន១១ កត់ត្រាសន្ទស្សន៍​ការ​បំពុល​បរិយាកាសមិនល្អ (API) ។ កាលពីសប្តាហ៍មុន ម៉ាឡេស៊ីអះអាងថា ភ្លើងឆេះព្រៃនៅ​ឥណ្ឌូណេស៊ី បានបង្កឱ្យមានការបំពុលទោះបីជាឥណ្ឌូណេស៊ីបានបដិសេធក្ដីក៏ដោយ។
 
លោក Wan Abdul Latiff សង្កត់ធ្ងន់ថា កិច្ចខិតខំដើម្បីសម្អាតខ្យល់ជាមួយនឹងភ្លៀង ដោយការបណ្តុះ​ពពក និងវិធានការផ្សេងទៀតដើម្បីទប់ទល់នឹងការបំពុល នឹងចូលជាធរមាន​នៅពេលដែលកម្រិត API ឈានដល់១៥០ ក្នុងរយៈពេលលើសពី២៤ម៉ោង។ ការបណ្ដុះពពក ជាបច្ចេកទេសកែប្រែ​អាកាសធាតុដែលបង្កើនសមត្ថភាពរបស់ពពកអាចផលិតទឹកភ្លៀង ឬព្រិលក្នុងកម្រិតខ្ពស់ជាងមុនដែល​នឹងជំរុញឱ្យភ្លៀងធ្លាក់ច្រើន។
 
ទន្ទឹមនឹងនេះ ក្រុមបរិស្ថាន Greenpeace បានអំពាវនាវដល់ប្រទេសក្នុងតំបន់ឱ្យដាក់ចេញ ច្បាប់​ដើម្បី​បញ្ឈប់ក្រុមហ៊ុនដាំដំណាំដែលបង្កការបំពុលបរិយាកាស។ ក្នុងតំបន់អាស៊ីអាគ្នេយ៍ សិង្ហបុរីបាន អនុម័តច្បាប់ប្រឆាំងការបំពុលខ្យល់ឆ្លងដែននៅក្នុងឆ្នាំ២០១៤ ដែលចែងការដាក់ទោសទណ្ឌលើការបង្កអ័ព្ទពុល៕
 

Tag:
 ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com