អន្តរជាតិ
តៃវ៉ាន់ថា ចិនមានមធ្យោបាយចម្រុះដើម្បីជ្រៀតជ្រែកការបោះឆ្នោតឆ្នាំក្រោយ
04, Oct 2023 , 7:39 pm        
រូបភាព
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ 
 
មន្ត្រីសន្តិសុខជាន់ខ្ពស់តៃវ៉ាន់ និយាយនៅថ្ងៃទី៤ ខែតុលាថា ចិនមានមធ្យោបាយចម្រុះក្នុងការជ្រៀតជ្រែកចូលទៅក្នុងការបោះឆ្នោតរបស់តៃវ៉ាន់នាខែមករាខាងមុខចាប់ពីសម្ពាធយោធា រហូតដល់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។

 
តៃវ៉ាន់ នឹងរៀបចំការបោះឆ្នោតប្រធានាធិបតីខែមករា ឆ្នាំ២០២៤។ មុនការបោះឆ្នោត តៃវ៉ាន់តែងតែលើកឡើងពីហានិភ័យនៃការជ្រៀតជ្រែកពីទីក្រុងប៉េកាំងទៅក្នុងការបោះឆ្នោតនេះ ដើម្បីបង្វែរលទ្ធផលទៅឱ្យបេក្ខជនដែលមានជំហរអំណោយផលចំពោះខ្លួន។
 
«វិធីដែលពួកកុម្មុយនីស្តចិនជ្រៀតជ្រែកក្នុងការបោះឆ្នោតគឺមានភាពចម្រុះខ្លាំង។ ចិនអាចប្រើវិធីដូចជា សម្ពាធយោធា ការបង្ខិតបង្ខំសេដ្ឋកិច្ច ឬបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបង្កើតឱ្យមានជម្រើសភ័ន្តច្រឡំរវាងសង្រ្គាម និងសន្ដិភាពក្នុងការបំភ័យដល់អ្នកចូលរួមបោះឆ្នោតនាពេលខាងមុខ»។ អគ្គនាយកការិយាល័យសន្តិសុខជាតិតៃវ៉ាន់ Tsai Ming-yen និយយាបែបនេះក្នុងប្រជុំគណៈកម្មាធិការសភា។ 
 
លោក Tsai បន្ថែមទៀតថា តៃវ៉ាន់កំពុងយកចិត្តទុកដាក់ជាពិសេសលើពួកកុម្មុយនិស្តចិនដែលសហការជាមួយនឹងការស្ទង់មតិ និងក្រុមហ៊ុនទំនាក់ទំនងសាធារណៈនានាពាក់ព័ន្ធនឹងការរៀបចំការស្ទង់មតិ ហើយដែលជ្រៀតជ្រែកក្នុងការបោះឆ្នោត។ 
 
យោងតាមការស្ទង់មតិ អនុប្រធានាធិបតីតៃវ៉ាន់ លោក William Lai មកពីគណបក្សប្រជាធិបតេយ្យជឿនលឿនដែលកំពុងកាន់អំណាច ជាបេក្ខភាពឈានមុខគេក្នុងការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់។
 
ចិន បានចាត់ទុកលោក Lai និងគណបក្សកាន់អំណាចជាក្រុមផ្ដាច់ខ្លួន។ យ៉ាងណាក្ដី លោក Lai បានប្រកាសជំហរមិនផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នរបស់តៃវ៉ាន់ឡើយ ហើយបញ្ជាក់ច្បាស់ថាមានតែប្រជាជនតៃវ៉ាន់ទេដែលអាចសម្រេចអនាគតរបស់ពួកគេបាន។
 
ចិនបានបង្កើនសកម្មភាពយោធានៅជុំវិញកោះតៃវ៉ាន់ចាប់តាំងពីការបោះឆ្នោតចុងក្រោយក្នុងឆ្នាំ២០២០ មកម្ល៉េះ ហើយតែងតែបានបញ្ជូននាវាចម្បាំង និងយន្តហោះចម្បាំងចូលទៅក្នុងសមុទ្រ និងលំហអាកាសនៅជិតកោះតៃវ៉ាន់៕ 
 

Tag:
 តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com