កីឡាអន្តរជាតិ
អន្តរជាតិ
Forbes៖ Ronaldo ជាប់ជាអត្តពលិករកចំណូលច្រើនជាងគេលើលោក ៤លើកជាប់គ្នា
18, May 2024 , 4:39 pm        
រូបភាព
Cristiano Ronaldo បន្តឈរកំពូលតារាងជាកីឡាករដែលរកបានប្រាក់ចំណូលច្រើនជាងគេលើពិភពលោក ៤ឆ្នាំ ជាប់គ្នារបស់ ទស្សនាវដ្តី Forbes។ ចំណាត់ថ្នាក់លេខ ២ បានទៅលើកីឡាករវាយកូនគោល Jon Rahm ក្រោយបុរសសញ្ជាតិអេស្ប៉ាញរូបនេះបានផ្លាស់ទៅកាន់ការប្រកួតជាមួយក្រុម Saudi-Backed LIV Golf។


 
Ronaldo ក្លាយជាអត្តពលិកដែលបានចំណូលច្រើនជាងគេបំផុតលើពិភពលោក ក្រោយពេលរូបគេបានផ្លាស់ទៅកាន់ក្លិបបាល់ទាត់ Al Nassr នៅអារ៉ាប៊ីសាអូឌីត។ បើតាម Forbes ខ្សែប្រយុទ្ធវ័យ ៣៩ឆ្នាំ រកបានប្រាក់ចំណូលប្រមាណ ២៦០លានដុល្លារ និងឈរជាកីឡាករបាល់ទាត់រកបានចំណូលខ្ពស់ជាគេបង្អស់ថែមទៀត។
 
ស្ថិតក្នុងការប្រកួតផ្សេងៗរបស់ក្លិប Al Nassr ​កីឡាករសញ្ជាតិព័រទុយហ្កាល់រកបានប្រាក់ចំណូល ២០០លានដុល្លារ ហើយការងារផ្សេងទៀតក្រៅទីលាន ទាក់ទងនឹងការផ្សាយពាណិជ្ជកម្ម និងការឧបត្ថម្ភ ប្រមាណ ៦០លានដុល្លារ។ ចំណែកកីឡាករ Jon Rahm ម្ចាស់ពាន ២សម័យ LIV Golf រកបានប្រាក់ចំណូល ២១៨លានដុល្លារក្នុងមួយឆ្នាំ។ 
 
ទាំង ​Ronaldo និង Jon Rahm ជាអត្តពលិក ២រូប ប៉ុណ្ណោះនៅលើពិភពលោក ដែលរកបានប្រាក់ចំណូលលើស ២០០លានដុល្លារ។
 
ចំណាត់ថ្នាក់លេខ ៣ បានលើម្ចាស់ពាន World Cup 2022 ខ្សែប្រយុទ្ធ​ Lionel Messi ដោយរកបាន ១៣៥លានដុល្លារ។ ប្រាក់ចំណូល ៦៥លានដុល្លារ រកបានពីការប្រកួតឱ្យក្លិប Inter Miami និង ៧០លានដុល្លារផ្សេងទៀត រកបានពីការផ្សព្វផ្សាយពាណិជ្ជកម្ម។
 
លេខ ៤ បានលើកីឡាករបាល់បោះអាម៉េរិក LeBron James រកបាន ១២៨,២លានដុល្លារ ក្នុងមួយឆ្នាំ។ តារាបាល់បោះ NBA កីឡាករ Gianni Antetokounmpo ឈរលំដាប់លេខ ៥ រកបានចំណូល ១១១លានដុល្លារ ខណៈខ្សែប្រយុទ្ធ​ Kylian Mbappe រកបាន ១១០លានដុល្លារ ឈរនៅលេខរៀងទី៦។ 
 
Neymar Jr ដែលខកខានលេងពេញមួយរដូវកាលព្រោះរបួស រកបាន ១០៨លានដុល្លារ នៅលេខ ៧​, ខ្សែប្រយុទ្ធបារាំង Karim Benzema លេខ ៨ រកបាន ១០៦លានដុល្លារ តាមពីក្រោយដោយកីឡាករ Stepen Curry រកបាន ១០២លានដុល្លារ ពីការប្រកួតក្នុងវិស័យបាល់បោះ។ ចំណែកលេខ ១០ បានលើកីឡាករបាល់ឧប Lamar Jackson រកបាន ១០០,៥លានដុល្លារ៕
 

Tag:
 Forbes
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com