ជាតិ
​​​ន​យោ​បាយ​ជាតិ​
ករណីប្រមាថសម្ដេច ហ៊ុន សែន៖ កម្ពុជា ស្នើវៀតណាមផ្តល់កិច្ចសហការស្រាវជ្រាវរកអ្នកបង្ហោះខ្លឹមសារ
20, May 2024 , 2:19 pm        
រូបភាព
(ឆ្វេង) លោក Nguyễn Huy Tăng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា និងមន្ត្រីទូត ជួបលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាទីស្តីការក្រសួង នៅព្រឹកថ្ងៃទី២០ ឧសភា ២០២៤។ ក្នុងជំនួបពិភាក្សាគ្នានេះ ប្រមុខការទូតកម្ពុជា បានស្នើឱ្យភាគីវៀតណាមផ្ដល់កិច្ចសហការស្រាវជ្រាវរកជនជាតិវៀតណាម ដែលបានបង្ហោះសារជេរប្រមាថលើសម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ដោយផ្សារភ្ជាប់ជាមួយគម្រោងព្រែកជីកហ្វូណនតេជោ។
(ឆ្វេង) លោក Nguyễn Huy Tăng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា និងមន្ត្រីទូត ជួបលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាទីស្តីការក្រសួង នៅព្រឹកថ្ងៃទី២០ ឧសភា ២០២៤។ ក្នុងជំនួបពិភាក្សាគ្នានេះ ប្រមុខការទូតកម្ពុជា បានស្នើឱ្យភាគីវៀតណាមផ្ដល់កិច្ចសហការស្រាវជ្រាវរកជនជាតិវៀតណាម ដែលបានបង្ហោះសារជេរប្រមាថលើសម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ដោយផ្សារភ្ជាប់ជាមួយគម្រោងព្រែកជីកហ្វូណនតេជោ។
កម្ពុជា ស្នើឱ្យភាគីវៀតណាម ផ្តល់កិច្ចសហការស្រាវជ្រាវរកអ្នកបង្ហោះខ្លឹមសារជេរប្រមាថសម្ដេច ហ៊ុន សែន និងថ្នាក់ដឹកនាំកម្ពុជា ពាក់ព័ន្ធគម្រោងព្រែកជីកហ្វូណនតេជោ។ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាលើករណីនេះ ជាមួយលោក Nguyễn Huy Tăng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២០ ខែឧសភា ។

 
លោក សុខ ចិន្តាសោភា បានប្រាប់ភាគីវៀតណាមថា ការបង្ហោះសារតាម Tik Tok ជេរប្រមាថថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វ៊ូណនតេជោ បានបង្កឱ្យមានអារម្មណ៍មិនល្អ ក្នុងរង្វង់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ រដ្ឋមន្ត្រីការបរទេសកម្ពុជា បានស្នើឱ្យរដ្ឋាភិបាលវៀតណាមផ្តល់កិច្ចសហការស្រាវជ្រាវ ដើម្បីកំណត់សមាសភាព អត្តសញ្ញាណរកជនជាតិវៀតណាម ដែលបានបង្ហោះខ្លឹមសារអមិត្តទាំងនោះ ដើម្បីទប់ស្កាត់ការប៉ុនប៉ងណាមួយ សំដៅលើការបំផ្លាញចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។
 
ឯកអគ្គរដ្ឋទូតវៀតណាមលោក Nguyễn Huy Tăng ក៏បានយល់ស្របដែរថា ការបង្ហោះខ្លឹមសារអមិត្តទាំងនោះ ជាសកម្មភាពអវិជ្ជមាន ដែលចាំបាច់ត្រូវមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរ ដើម្បីស្រាវជ្រាវកំណត់សមាសភាព អត្តសញ្ញាណជនដែលនៅពីក្រោយសកម្មភាពទាំងនោះ។
 
កាលពីយប់ថ្ងៃទី១៩ ឧសភា សម្ដេច ហ៊ុន សែន បានបង្ហាញអារម្មណ៍មិនសប្បាយចិត្ត ចំពោះពលរដ្ឋវៀតណាម ដែលបានបង្ហោះខ្លឹមសារបែបជេរប្រមាថ តាមរយៈបណ្ដាញសង្គម Tik Tok ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ។ ប្រធានព្រឹទ្ធសភាកម្ពុជា ក៏មិនច្បាស់ថា ជនជាតិវៀតណាម ដែលបានបង្ហោះសារជេរប្រមាថទាំងនេះ ជាអ្នករស់នៅកម្ពុជា ឬនៅវៀតណាមឡើយ ហើយរឹតតែមិនដឹងច្បាស់ទៀតថា តើអ្នកណានៅពីក្រោយករណីនេះ?
 
ដោយសារតែមានមន្ទិលសង្ស័យ ទើបអតីតនាយករដ្ឋមន្ត្រីកម្ពុជា ស្នើឱ្យមានកិច្ចសហការរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ស៊ើបអង្កេតស្រាវជ្រាវលើករណីនេះជាបន្ទាន់ ដើម្បីបញ្ចៀសកុំឱ្យមានភាពល្អក់កកររវាងថ្នាក់ដឹកនាំ និងប្រជាជនទាំងសងខាង។
 
«ខ្ញុំមិនចោទប្រកាន់ថ្នាក់ដឹកនាំវៀតណាមថា ប្រើប្រាស់មនុស្សបែបនេះឱ្យចូលមកជេរខ្ញុំទេ។ ដូចនេះទើបខ្ញុំស្នើសុំកិច្ចសហការស្រាវជ្រាវដើម្បីចៀសវាងពួកអាក្រក់ឆ្លៀតបំបែកបំបាក់»។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា ករណីជេរប្រមាថសម្ដេច ពីសំណាក់ជនជាតិវៀតណាមលើបណ្ដាញសង្គមនេះ មិនមែនជាលើកទី១ឡើយ៕

អត្ថបទទាក់ទង

Tag:
 ហ៊ុន សែន
  ព្រែកជីកហ្វូណន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com