ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន ម៉ាណែត បញ្ជាឱ្យអភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការបង្ក្រាបក្មេងទំនើង
23, May 2024 , 9:41 am        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បញ្ជាឱ្យអភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការឱ្យបានម៉ឹងម៉ាត់ ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដើម្បីបង្ក្រាបក្រុមក្មេងទំនើង ដែលកំពុងបង្កអសន្តិសុខនៅក្នុងសង្គម។ សម្ដេចថ្លែងបែបនេះ នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥” នាព្រឹកថ្ងៃទី២៣ ឧសភា ។



ប្រមុខរដ្ឋាភិបាល បានឃើញព័ត៌មានតាមបណ្ដាញសង្គមពីរូបភាពក្មេងទំនើងប្រើប្រាស់ដាវសាំម៉ូរ៉ៃ ដេញកាប់ចាក់គ្នាពេញផ្លូវយ៉ាងអនាធិបតេយ្យ ។ សម្ដេច ហ៊ុន ម៉ាណែត ចាត់ទុករូបភាពបែបនេះ ជាការបង្កអសន្តិសុខក្នុងសង្គម ដែលប៉ះពាល់ដល់គោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រដ្ឋាភិបាល។
 
ដោយសារឃើញបញ្ហានេះ សម្ដេច បានបញ្ជាឱ្យអភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ត្រូវចុះបង្ក្រាប និងកំណត់មុខសញ្ញាក្មេងទំនើងទាំងនោះ ឱ្យបានម៉ឹងម៉ាត់ ដើម្បីធានាសុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម។ ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្រ្តី ក៏បានឱ្យក្រសួងយុត្តិធម៌ពិនិត្យផ្នែកច្បាប់លើករណីក្មេងទំនើង ដែលយកដាវសាំម៉ូរ៉ៃ និងអាវុធតាមខ្លួន ដើម្បីធ្វើសកម្មភាពហិង្សា។
 
សម្ដេចធិបតី បានស្នើឱ្យស្ថាប័នអយ្យការ និងតុលាការ ចាត់វិធានការយ៉ាងម៉ឹងម៉ាត់តាមច្បាប់ លើសំណុំរឿងករណីក្មេងទំនើងនេះ ប្រកបដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពច្បាប់។ «ខ្ញុំមិនបានដាក់បញ្ជាទៅតុលាការទេ ព្រោះតុលាការឯករាជ្យ តែខ្ញុំសុំអំពាវនាវឱ្យតុលាការអនុវត្តឱ្យបានម៉ឹងម៉ាត់លើកិច្ចការងារនេះ។ ពិតណាស់មានក្មេងៗ អាយុ១៤ឆ្នាំ ១៣ឆ្នាំ ១៨ឆ្នាំ ដែលត្រូវមានទោសទណ្ឌក្នុងកម្រិតណាមួយ តែត្រូវសិក្សាឱ្យបានច្បាស់ថាតើត្រូវពង្រឹងយ៉ាងណាឱ្យបានល្អ»។ នេះបើតាមសម្ដេច ហ៊ុន ម៉ាណែត ដែលស្នើឱ្យអាណាព្យាបាលទាំងអស់ តាមដានការសិក្សា និងសកម្មភាពរបស់កូនៗ ជាពិសេសអប់រំពួកគេឱ្យដើរតាមគន្លងត្រឹមត្រូវ៕

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com