អន្តរជាតិ
ថៃ នឹងរឹតត្បិតការប្រើប្រាស់បារីអេឡិចត្រូនិកនៅក្នុងសាលារៀន
23, May 2024 , 11:24 am        
រូបភាព
រូបភាព Pexels
រូបភាព Pexels
បារីអេឡិចត្រូនិក នឹងត្រូវរឹតត្បិតការប្រើប្រាស់នៅក្នុងសាលារៀន ដើម្បីសុវត្ថិភាពសិស្ស។ លេខាធិការអចិន្រ្តៃយ៍ក្រសួងអប់រំថៃ លោក Suthep Kaengsanthia បានបញ្ជាក់បែបនេះ នៅថ្ងៃទី២២ ខែឧសភា ដោយបន្តថា ក្រសួងអប់រំកំពុងរង់ចាំភ្លើងបៃតង ពាក់ព័ន្ធសំណើហាមឃាត់ ការប្រើប្រាស់បារីអេឡិចត្រូនិកក្នុងសាលា ពីក្រុមប្រឹក្សារដ្ឋ។

 
បារីអេឡិចត្រូនិក កំពុងពេញនិយមខ្លាំងនៅក្នុងបណ្តាប្រទេសជាច្រើនលើពិភពលោក មិនថានៅតំបន់អឺរ៉ុប ឬអាស៊ី។ សូម្បីតែអង្គការសុខភាពពិភពលោក (WHO) នៅខែមេសាកន្លងមក ក៏បានព្រមានផងដែរពីហានិភ័យកំណើនប្រើប្រាស់បារីអេឡិចត្រូនិក ក្នុងចំណោមក្មេងជំទង់ នៅតំបន់អឺរ៉ុប ដែលអាចជះឥទ្ធិពលអវិជ្ជមាននៅពេលអនាគត។ 
 
ចំណែកនៅថៃ ការប្រើប្រាស់បារីអេឡិចត្រូនិក គឺមានចំនួនច្រើន ជាពិសេសនៅក្នុងចំណោមយុវជន ខណៈអាជ្ញាធរ បានបង្ក្រាបកន្លែងលក់ជាច្រើន ហើយរឹបអូសសម្ភារ និងបារីអេឡិចត្រូនិក ក្នុងទំហំទឹកប្រាក់ជាច្រើន។ 
 
ដើម្បីទប់ស្កាត់សិស្សសាលាប្រើប្រាស់បារីអេឡិចត្រូនិក លេខាធិការអចិន្រ្តៃយ៍ក្រសួងអប់រំថៃ លោក Suthep Kaengsanthia ​បានលើកឡើងថា ក្រសួងអប់រំ បានធ្វើវិសោធនកម្មបទបញ្ញត្តិសម្រាប់សាលារៀន ដើម្បីមិនឱ្យសិស្សយកបារីអេឡិចត្រូនិកចូលបរិវេណសាលា និងពិន័យក្នុងទឹកប្រាក់ជាច្រើន បើសិនបំពាន។ 
 
«យើងបានកែប្រែបទបញ្ញត្តិដោយដាក់បារីអេឡិចត្រូនិកនៅក្នុងបញ្ជីហាមឃាត់នៃថ្នាំប្រភេទនីកូទីន»។ លោក Suthep បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី២២ ខែឧសភា ដោយបន្តថា ការធ្វើវិសោធនកម្ម កំពុងរង់ចាំការពិចារណាពីក្រុមប្រឹក្សារដ្ឋ។ 
 
តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ មន្រ្តីថៃរូបនេះ បានប្តេជ្ញាបង្រ្កាបបារីអេឡិចត្រូនិក ដែលកំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំង ហើយវិសោធនកម្មបទបញ្ញត្តិថ្មីរបស់ក្រសួងអប់រំ នឹងពិន័យលើសិស្សសាលាដែលបំពានបទបញ្ញត្តិឱ្យដូចនឹងការរក្សាទុកគ្រឿងញៀននៅក្នុងសាលាដែរ។ 
 
តាមការបញ្ជាក់របស់ប្រភពដែលសុំមិនបញ្ចេញឈ្មោះនៅថ្ងៃទី២២​ ខែឧសភា ប៉ូលិសខេត្តតំបន់៥ ដែលស្ថិតនៅក្នុងខេត្តឈៀងមៃ បានចាប់ខ្លួនស្រ្តីវ័យ ២៨ឆ្នាំម្នាក់ ដែលលក់បារីអេឡិចត្រូនិកទៅឱ្យសិស្សសាលា និងអតិថិជនរបស់ខ្លួន។ ប៉ូលិសបានរឹបអូសសម្ភារ បានប្រមាណ ៤០០០ ដោយក្នុងនោះមានលុយប្រមាណ ១៥០០បាត, លិខិតផ្សាយពាណិជ្ជកម្មពីបារីអេឡិចត្រូនិក, ទឹករសជាតិសម្រាប់ដាក់បារីអេឡិចត្រូនិក និងបារីអេឡិចត្រូនិកជាដើម។ 
 
តាមសេចក្តីព្រមានរបស់អង្គការសុខភាពពិភពលោក បារីអេឡិចត្រូនិក អាចបង្កឱ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃ បើ ស្ត្រីមានផ្ទៃពោះប្រើប្រាស់, ប្រឈមនឹងការប៉ះពាល់ដល់ការអភិវឌ្ឍផ្នែកខួរក្បាលសម្រាប់កុមារ និងក្មេងវ័យជំទង់ ខណៈផលប៉ះពាល់រយៈពេលវែល អាចពាក់ព័ន្ធសួត និងបេះដូងថែមទៀត៕ 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com