ជាតិ
អត្ថបទពាណិជ្ជកម្ម
Smart Axiata ជាក្រុមហ៊ុនដំបូងបំផុតនៅកម្ពុជា ដែលប្រើប្រព័ន្ធការពារសុវត្ថិភាពលំដាប់ពិភពលោក ដើម្បីការពារទិន្នន័យអតិថិជន
21, May 2024 , 9:19 am        
រូបភាព
ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២៤៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរសព្ទចល័តឈានមុខគេក្នុងប្រទេសកម្ពុជា បានប្រកាសពីដំណើរការជោគជ័យរបស់ខ្លួន ក្នុងការអនុវត្តប្រព័ន្ធការពារ Next Generation Signaling Firewall (NGSF) និង Intrusion Detection System (IDS) ក្រោមកិច្ចសហការជាមួយ SecurityGen ដែលជាក្រុមហ៊ុនការពារសុវត្ថិភាព ផ្នែកទូរសព្ទចល័តលំដាប់ពិភពលោក។ ប្រព័ន្ធទំនើបៗទាំង២នេះ ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ របស់ក្រុមហ៊ុន Smart ក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធ នៃបណ្តាញរបស់ខ្លួន និងការពារទិន្នន័យឌីជីថលរបស់អតិថិជន។

NGSF មិនគ្រាន់តែជាយន្តការការពារប៉ុណ្ណោះទេ វាជាមូលដ្ឋានផ្នែកសុវត្ថិភាពនៃបណ្តាញទូរសព្ទ ដែលធានានូវការការពារដ៏ទូលំទូលាយ លើទាំងសេវាសំឡេង (Voice) និងទិន្នន័យ (Data)។

ប្រព័ន្ធ NGSFនេះ ធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់ និងត្រឹមត្រូវតាមស្តង់ដា លើសញ្ញាសម្រាប់ការហៅជាសំឡេង ទិន្នន័យ និងការតភ្ជាប់អ៊ីនធឺណិត ហើយវាមានសមត្ថភាពការពារការ លួចឈ្លានពានពីសំណាក់អ្នកលួចទិន្នន័យខាងក្រៅបានយ៉ាងល្អ។ តាមក្រោមកិច្ចសហការជាមួយ SecurityGen ក្រុមហ៊ុន Smart បានអនុវត្តប្រព័ន្ធដ៏រឹងមាំនេះ ដោយពង្រឹងសុវត្ថិភាពដល់អតិថិជនរបស់ខ្លួន តាមរយៈការប្រឆាំងនឹងការគំរាមកំហែងកម្រិតខ្ពស់ ពីគ្រប់ទិសទីនៅជុំវិញពិភពលោក។
 
លក្ខណៈសំខាន់មួយនៃ NGSF គឺវាជាជញ្ជាំងសញ្ញាដ៏ល្អ និងទូលំទូលាយ ដែលគ្របដណ្តប់លើប្រព័ន្ធផ្សេងៗ ដូចជា Signaling System 7 (SS7), Diameter និង GTP ។ SS7 ជាប្រព័ន្ធដែលមានទំនួលខុសត្រូវលើការតភ្ជាប់ ការកំណត់ផ្លូវ និងការគ្រប់គ្រងលើសញ្ញានៃសំឡេង ទិន្នន័យ និងការតភ្ជាប់អ៊ីនធឺណិត ខណៈពេលដែល ប្រព័ន្ធ Diameter ទទួលខុសត្រូវខាងផ្នែកគ្រប់គ្រងលើការផ្ទៀងផ្ទាត់ និងការអនុញ្ញាត។

ចំណែកឯប្រព័ន្ធ GTP មានទំនួលខុសត្រូវ ក្នុងការជួយសម្រួលការដឹកជញ្ជូនទិន្នន័យដោយសុវត្ថិភាព តាមបណ្តាញទូរគមនាគមន៍។ SecurityGen NGSF ត្រូវបានគេស្គាល់ផងដែរថាជាប្រព័ន្ធ ឬសន្តិសុខនៃទូរគមនាគមន៍ Telecom Security Guard (TSG) ដែលវាជួយការពារការវាយប្រហារជាច្រើនមុខ រួមមានការលួចទិន្នន័យ ការក្លែងបន្លំអត្តសញ្ញាណ ការតាមដានទីតាំង និងការវាយប្រហារដោយបដិសេធសេវាកម្ម (DoS)។
 
លោក Ziad Shatara នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart បានមានប្រសាសន៍ថា៖ «ពួកយើងមានមោទនភាព ក្នុងការក្លាយជាក្រុមហ៊ុនទូរសព្ទចល័តដំបូងគេនៅកម្ពុជា ដែលបានដាក់បញ្ចូលដោយជោគជ័យ និងប្រើប្រាស់នូវប្រព័ន្ធការពារ NGSF និង IDS។ សមិទ្ធផលនេះ មិនត្រឹមតែជាសក្ខីភាព បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart ចំពោះសន្តិសុខឌីជីថលរបស់អតិថិជនយើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា ក្នុងនាមជាប្រទេសមួយ ដែលផ្តល់អាទិភាព និងវិនិយោគលើសុវត្ថិភាព ការការពារ និងបទពិសោធ ឌីជីថលរបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។»។
 
NGSF ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អតិថិជន និងក្រុមហ៊ុន Smart។ សម្រាប់ក្រុមហ៊ុន Smart ការអនុវត្តនូវប្រព័ន្ធការពារនេះ នាំមកនូវភាពប្រសើរឡើងផ្នែកសុវត្ថិភាព ពង្រឹងការអនុលោមតាមស្តង់ដាឧស្សាហកម្មទូរគមនាគមន៍ ភាពរហ័សរហួនក្នុងការដាក់ពង្រាយសេវាកម្ម និងបច្ចេកវិទ្យាថ្មីៗ និងការពារសុវត្ថិភាពយ៉ាងសកម្ម។
 
អតិថិជនរបស់ក្រុមហ៊ុន Smart ក៏ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការបំពាក់នូវប្រព័ន្ធ TSG ដែរ ដោយប្រព័ន្ធនេះបង្កើននូវទំនុកចិត្ត តាមរយៈការកាត់បន្ថយហានិភ័យពីការវាយប្រហារតាមអ៊ីនធឺណិត និងការក្លែងបន្លំអត្តសញ្ញាណឌីជីថល ហើយទទួលបាននូវការការពារសេវាទូរសព្ទ នៅលើប្រព័ន្ធឌីជីថលដែលមិនធ្លាប់មាន។ អ្វីដែលសំខាន់បំផុតនោះគឺ ប្រព័ន្ធនេះការពារអតិថិជន ពីតួអង្គអាក្រក់ដែលមានបំណងលួចអត្តសញ្ញាណរបស់ពួកគេ តាមរយៈការវាយប្រហារតាមអនឡាញ ដូចជាការផ្ញើសារ ការក្លែងបន្លំ និងការគំរាមកំហែងធ្ងន់ធ្ងរផ្សេងៗទៀត។
 
«យើងសូមចូលរួមអបអរសាទរ ចំពោះក្រុមហ៊ុន Smart ដែលសម្រេចបាននូវសមិទ្ធផលមួយនេះ ដែលនេះសបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុនក្នុងការធានានូវកម្រិតសុវត្ថិភាព និងការការពារខ្ពស់បំផុត សម្រាប់អតិថិជនដែលប្រើប្រាស់សេវាកម្មក្រុមហ៊ុន។ ការដាក់ប្រើប្រាស់ដោយជោគជ័យ នៃប្រព័ន្ធការពារ NGSF និង IDS របស់ក្រុមហ៊ុន Smart គឺស្របទៅតាមស្តង់ដាសុវត្ថិភាពទូរគមនាគមន៍ខ្ពស់ លំដាប់ពិភពលោក ដែលបង្កើតឡើងដោយស្ថាប័ន GSMA  ដើម្បីពង្រឹងការយកចិត្តទុកដាក់យ៉ាងតឹងរឹង និងខ្ជាប់ខ្ជួនក្នុងការផ្តល់នូវបទពិសោធដ៏ទំនើប ដល់អតិថិជនរបស់ពួកគេ ដោយមានសុវត្ថិភាពបំផុត»។ នេះបើយោងតាមប្រសាសន៍របស់លោក Amit Nath នាយកប្រតិបត្តិ និងសហស្ថាបនិក SecurityGen ។
 
លោក Amit Nath បានលើកឡើងបន្ថែមទៀតថា៖ «កិច្ចសហការជាមួយក្រុមហ៊ុន Smart គឺជាការសម្រេចបានប្រកបមោទនភាពមួយ ដោយនេះជាគំនិតផ្តួចផ្តើមថ្មី។ យើងជឿជាក់យ៉ាងមុតមាំថា កិច្ចខិតខំប្រឹងប្រែងនេះ បង្កើតជាស្តង់ដាថ្មីមួយសម្រាប់សន្តិសុខទូរគមនាគមន៍ក្នុងតំបន់។»
 
នៅពេលដែលពិភពឌីជីថលវិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងឥតឈប់ឈរ តម្រូវការនៃការពារនូវសុវត្ថិភាពបណ្តាញ និងទិន្នន័យកាន់តែមានសារៈសំខាន់យ៉ាងខ្លាំង។ ការដាក់បញ្ចូលប្រព័ន្ធ NGSF និង IDS របស់ក្រុមហ៊ុន Smart បង្ហាញពីភាពឈានមុខគេ របស់ក្រុមហ៊ុនក្នុងការទទួលយកបច្ចេកវិទ្យាទំនើប និងហេដ្ឋារចនាសម្ព័ន្ធការពារសន្តិសុខ ដើម្បីការពារអតិថិជន និងរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មទូរគមនាគមន៍ និងឌីជីថលនៅកម្ពុជា៕
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com