កីឡាអន្តរជាតិ
អន្តរជាតិ
ឈ្នះ Europa លើកដំបូង អ្នកគាំទ្រ Atalanta ចេញអបអរពេញទីក្រុង Bergamo
23, May 2024 , 12:03 pm        
រូបភាព
ក្រុមអ្នកគាំទ្រក្លិប Atalanta រាប់ពាន់នាក់បានចេញមកប្រមូលផ្តុំគ្នា ក្នុងទីក្រុង Bergamo ប្រទេសអ៊ីតាលី ភ្លាមៗក្រោយពេលក្រុមរបស់ពួកគេបានក្លាយជាក្រុមជើងឯកពានរង្វាន់លំដាប់ទី២ អឺរ៉ុប ​Europa League ដោយបំបាក់ក្រុម Bayer Leverkusen លទ្ធផល ៣-០ នាជំនួបផ្តាច់ព្រ័ត្រនៅក្នុងទីក្រុង Dublin។



Atalanta រកបានជ័យជម្នះ និងក្លាយជាក្រុមតែមួយក្នុងរដូវកាល ២០២៣-២៤ ដែលបំបាក់ក្រុម Leverkusen ឱ្យស្គាល់បរាជ័យលើកដំបូង តាមរយៈការស៊ុតបាល់បញ្ចូលទី ៣គ្រាប់ របស់ Ademola Lookman។ ក្លិបដែលបង្កើតឡើងរយៈពេល ១១៧ឆ្នាំ ក្នុងប្រទេសអ៊ីតាលី ទើបតែឈ្នះពានរង្វាន់លើកទី២ ប៉ុណ្ណោះ ក្នុងប្រវត្តិសាស្ត្រក្លិប និងរយៈពេល ៦១ឆ្នាំ បន្ទាប់ពីក្លិបមួយនេះបានឈ្នះពាន Italian Cup។
 
នៅក្នុងទីលានប្រវត្តិសាស្ត្រ Piazza Vittorio Veneto ស្ថិតក្នុងទីក្រុង Bergamo អ្នកគាំទ្ររបស់ក្លិប Atalanta រាប់ពាន់នាក់ពាក់អាវក្លិបដោយមានលាយឡំពណ៌ខៀវ និងខ្មៅ បានចេញមកប្រមូលផ្តុំគ្នាស្រែកហ៊ោកញ្ជ្រៀវពេញទីក្រុង ដោយខ្លះបានស្រែកច្រៀង​ដោយក្តីរំភើប ដើម្បីអបអរដល់ការឈ្នះពានរង្វាន់ Europa League។



អ្នកគាំទ្រក្លិប Atalanta ម្នាក់បាននិយាយប្រាប់អ្នកសារព័ត៌មានដូច្នេះថា៖«ជាក្តីរំភើបមួយដែលមិនអាចបកស្រាយបានឡើយ។ ខ្ញុំគិតដល់ឪពុករបស់ខ្ញុំ ដែលជាអ្នកដែលតែងគាំទ្រក្លិប Atalanta ចាប់តាំងពីលោកមានអាយុ ៥ឆ្នាំ មកម្ល៉េះ ហើយគាត់មិនបានឃើញក្រុមឈ្នះពានរង្វាន់ទៀតឡើយ។ ដូច្នេះពេលនេះគឺសម្រាប់គាត់ និងសម្រាប់មនុស្សគ្រប់គ្នា សម្រាប់អ្នករស់នៅទីក្រុង Bergamo។»។ 
 
អ្នកគាំទ្រដទៃផ្សេងទៀត អ្នកខ្លះបានកាំជ្រូចភ្លើង និងកាំជ្រូច លាយឡំជាមួយនឹងផ្សែង បានដុតដើម្បីបង្ហាញការអបអរដល់ជ័យជម្នះដ៏ធំរបស់ក្រុម នៅក្នុងទីលានប្រមូលផ្តុំកណ្តាលទីក្រុង។
 
«អារម្មណ៍ខ្ញុំពេលនេះមិនអាចរៀបរាប់បានឡើយ! ខ្ញុំមិនគិតទេថា​ Atalanta អាចនឹងឈ្នះនោះទេ។ វាពិតជារឿងមួយដ៏ស្រស់ស្អាត់មែនទែន។»។ នេះបើតាមសម្តីរបស់លោក Paolo Maranghezzi អ្នកគាំទ្រក្លិប Atalanta។
 
គួររំលឹកថា Atalanta បច្ចុប្បន្នជាក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ ៥ នៅក្នុងក្របខណ្ឌ Serie A របស់អ៊ីតាលី ប៉ុន្តែកំណត់ត្រាកន្លងមកដែលប្រកួតទល់នឹង Bayer Leverkusen ពួកគេមិនដែលមានកំណត់ត្រាចាញ់ក្រុមមកពីអាល្លឺម៉ង់ម្តងណាឡើយ រួមទាំងវគ្គផ្តាច់ព្រ័ត្រក្នុងឆ្នាំ ២០២៤ នេះ៕

Tag:
 Atalanta
  Europa League
© រក្សាសិទ្ធិដោយ thmeythmey.com