កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុនវិនិយោគអាម៉េរិកកាន់កាប់ក្លិប Inter Milan ជំនួសម្ចាស់ចិន ដែលយឺតយ៉ាវសងប្រាក់
23, May 2024 , 3:29 pm        
រូបភាព
ក្រុមហ៊ុនមូលនិធិវិនិយោគអាម៉េរិក Oaktree Capital ឡើងធ្វើជាម្ចាស់គ្រប់គ្រងក្លិប Inter Milan ជំនួសម្ចាស់ភាគហ៊ុនភាគធំរបស់ចិនវិញ បន្ទាប់ពីខកខានការទូទាត់ប្រាក់ប្រមាណ ៣៩៥លានអឺរ៉ូ (៤២៨លានដុល្លារ) ចូលទៅក្នុងក្លិប។ នេះបើតាមការអះអាងរបស់ Oaktree Capital។

 
ដំបូងឡើយប្រាក់កម្ចីសង្រ្គោះបន្ទាន់ ត្រូវធានាដោយភាគហ៊ុនដែលមានក្នុងក្លិប Inter Milan ដោយផ្ទាល់ ហើយក្រុមហ៊ុនវិនិយោគ Oaktree ជាអ្នកផ្តល់ប្រាក់កម្ចីកាលពីឆ្នាំ ២០២១ ទៅកាន់ក្រុមហ៊ុនផលិតរថយន្តដ៏ប្រណិតរបស់ប្រទេសចិនឈ្មោះថា Suning ដែលបានកាន់កាប់ភាគហ៊ុនច្រើនជាងគេរបស់ក្លិប Inter Milan។
 
បន្ទាប់ពីម្ចាស់ភាគហ៊ុនធំចិន យឺតយ៉ាវក្នុងការទូទាត់ប្រាក់សំណង ទើបបានជាក្រុមហ៊ុន Oaktree ដែលជាអ្នកជំនាញខាងផ្តល់ប្រាក់កម្ចីមូលនិធិសង្គ្រោះបន្ទាន់ ដល់ក្រុមហ៊ុនដែលជួបការលំបាក មានឱកាសក្នុងការកាន់កាប់ក្លិបជើងឯកលីគកំពូលអ៊ីតាលី Serie A បន្ទាប់ពីម្ចាស់ភាគហ៊ុនភាគច្រើន បានបង្កកំហុសឆ្គង។
 
«ក្រុមហ៊ុន ​Oaktree ប្តេជ្ញាធ្វើការងារយ៉ាងជិតស្និទ្ធិជាមួយនឹងគណៈគ្រប់គ្រងក្លិប ដៃគូលីគ និងស្ថានប័នគ្រប់គ្រងបច្ចុប្បន្នរបស់ Inter Milan ដើម្បីធានាថាក្លិបមានទីតាំងសម្រាប់ភាពជោគជ័យ ទាំងនៅក្នុង និងក្រៅទីលាន។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Oaktree។ 
 
ក្រុម Inter Milan នៅក្នុងទីលានប្រកួតបានបង្ហាញពីភាពជោគជ័យយ៉ាងខ្លាំងដោយការឈ្នះពានរង្វាន់លីគកំពូលអ៊ីតាលី លើកទី២០ របស់ខ្លួន ក្នុងរដូវកាល​ ២០២៣-២៤។ ប៉ុន្តែផ្ទុយស្រឡះពីក្នុងទីលាន ផ្ទៃក្នុងក្លិបមានភាពចលាចល ទៅលើបញ្ហាប្រាក់វិនិយោគពីម្ចាស់ភាគហ៊ុនភាគច្រើនដែលជាក្រុមហ៊ុនរថយន្តរបស់ចិន Suning។
 
កាលពីឆ្នាំ ២០១៦ ក្រុម Suning ជាម្ចាស់ភាគហ៊ុនដ៏ធំមួយប្រចាំក្លិប Inter Milan ដោយការវិនិយោគនោះគឺស្ថិតក្រោមគម្រោងការ​ ការបណ្តាក់ទុនវិនិយោគលើក្លិបបាល់ទាត់នៅអឺរ៉ុបរបស់ប្រទេសចិន។ ចាប់តាំងពីពេលបញ្ហាជំងឺកូវីដ-១៩ បានផ្ទុះឡើង អាជ្ញាធរចិនបានកាត់បន្ថយការចំណាយក្រៅប្រទេសទៅលើវិស័យកីឡា ហើយក្រុមហ៊ុន Suning ជួបវិប្តហិរញ្ញវត្ថុធ្ងន់ធ្ងរ។
 
បញ្ហាហរិញ្ញវត្ថុន ជំរុញឱ្យក្រុមហ៊ុន Suning កាលពី ៣ឆ្នាំ មុនខ្ចីកញ្ចប់ហិរញ្ញប្បទានសង្គ្រោះបន្ទាន់ ចំនួន ២៧៥លានអឺរ៉ូ ដោយមានការប្រាក់ប្រមាណ ១២ភាគរយ ពីខាងក្រុមហ៊ុន Oaktree ដែលបានជួយ Inter ទប់ទល់នឹងវិបត្តិជំងឺរាតត្បាតកូវីដ-១៩។
 
យ៉ាងណាកាលពីពេលថ្មីនេះ នៅក្នុងសំបុត្រដែលផ្ញើរទៅកាន់ក្រុមអ្នកគាំទ្រ បានចេញផ្សាយនៅលើគេហទំព័រក្លិបកាលពីសប្តាហ៍មុន ប្រធានក្លិប​លោក Steven Zhang វ័យ ៣២ឆ្នាំ ជាកូនប្រុសរបស់ស្ថានិកក្រុមហ៊ុន Suning បានប្រមានពីអស្ថិរភាពរបស់ក្លិប គឺស្ថិតក្នុងហានិភ័យ ខណៈការស្វែងរកកិច្ចព្រមព្រៀងជាមួយ ​Oaktree បរាជ័យ៕

Tag:
 Inter Milan
© រក្សាសិទ្ធិដោយ thmeythmey.com