អន្តរជាតិ
លោក សេដ្ឋា ប្រឈមការដកតំណែងជុំវិញការតែងតាំងមន្រ្តីមានប្រវត្តិមិនល្អ
23, May 2024 , 3:58 pm        
រូបភាព
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព X_Srettha Thavisin
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព X_Srettha Thavisin
លោកសេដ្ឋា ថាវីស៊ីន ប្រឈមនឹងការដកតំណែងជានាយករដ្ឋមន្រ្តី ក្រោយតុលាការធម្មនុញ្ញថៃទទួលយកពាក្យបណ្តឹងពីសមាជិកព្រឹទ្ធសភា នៅថ្ងៃទី២៣ ខែឧសភា។ យ៉ាងណាមិញ តុលាការធម្មនុញ្ញថៃ មិនបានព្យួរតំណែងលោកសេដ្ឋា ក្នុងនាមជាប្រមុខរដ្ឋាភិបាលឡើយ។



សមាជិកព្រឹទ្ធសភាថៃចំនួន ៤០រូប បានស្នើឱ្យបញ្ចប់តំណែងលោកសេដ្ឋា ថាវីស៊ីន ជានាយករដ្ឋមន្រ្តីនៅក្នុងពាក្យបណ្តឹងមួយទៅតុលាការធម្មនុញ្ញពាក់ព័ន្ធការតែងតាំងរដ្ឋមន្រ្តីម្នាក់ក្នុងការរុះរើគណៈមន្រ្តីកន្លងមក។ 
 
ញ្ញត្តិមួយនេះ ទាមទារឱ្យដកតំណែងលោក Pichit Chuenban ពីតំណែងរដ្ឋមន្រ្តីទទួលបន្ទុកការិយាល័យនាយករដ្ឋមន្រ្តី។ លោក Pichit លាលែងពីតំណែងនៅថ្ងៃទី២១ ខែឧសភាផងដែរ។ ញ្ញតិ្តិនេះ អះអាងថា លោក សេដ្ឋា បំពានក្រមតែងតាំងមន្រ្តី ព្រោះលោក Pichit ធ្លាប់មានប្រវត្តិពិរុទ្ធ ដែលមិនសមទទួលតំណែងជារដ្ឋមន្រ្តីឡើយ។
 
នៅថ្ងៃទី២៣ ខែឧសភា តុលាការធម្មនុញ្ញថៃ បានសម្រេចទទួលសំណើសមាជិកព្រឹទ្ធសភាដើម្បីពិចារណាក្នុងសំឡេង៦ លើ៩។ យ៉ាងណាមិញ តុលាការ មិនបានបញ្ជាឱ្យព្យួរតំណែងលោកសេដ្ឋាឡើយ។ បានសេចក្តីថា លោកសេដ្ឋា នៅតែបន្តកាន់តំណែងជាប្រមុខរដ្ឋាភិបាលដដែល។ ការសម្រេចនេះ ធ្វើឡើងក្រោមសំឡេងគាំទ្រពីសមាជិកតុលាការចំនួន៥ លើ៩ ប៉ុន្តែទាមទារឱ្យលោកសេដ្ឋា ដាក់ឯកសារការពារក្នុងរយៈពេល ១៥ថ្ងៃបន្ទាប់។ 
 
លោក Pichit ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៦ខែនៅក្នុងឆ្នាំ២០០៨ ពីបទប៉ុនប៉ងសូកប្រាក់មន្រ្តីតុលាការជាង៥ម៉ឺនដុល្លារ។ កាលនោះ តុលាការ បានព្យួរវិជ្ជាជី​វៈមេធាវីរបស់លោក Pichit រយៈពេល ៥ឆ្នាំផងដែរ។ 
 
យ៉ាងណាមិញ តុលាការធម្មនុញ្ញ បានបញ្ជាក់ថា វាគ្មានហេតុផលបើកការស៊ើបអង្កេតលើលោក Pichit ឡើយ ដោយសារលោកបានចុះចេញពីតំណែងនៅថ្ងៃទី២១ ខែឧសភារួចទៅហើយ។ ចំណែកលោកសេដ្ឋា ដែលកំពុងបំពេញទស្សនកិច្ចនៅបរទេសដូចជាអឺរ៉ុប និងជប៉ុន អាចត្រលប់មកប្រទេសវិញនៅក្នុងថ្ងៃទី២៥ ខែឧសភា។ 
 
លោក Pichit ជាមេធាវីមួយរូប ដែលស្និទ្ធនឹងគ្រួសារលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ខ្លាំង។ ក្នុងនាមជាមេធាវី លោក Pichit បានតតាំងរឿងក្តីធំៗឱ្យលោកថាក់ស៊ីន និងលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ជាច្រើន។ 
 
កន្លងមក លោកសេដ្ឋា ក៏ធ្លាប់ចេញមុខការពារការតែងតាំង លោក Pichit ផងដែរ ដោយប្រមុខរដ្ឋាភិបាលរូបនេះ បានអះអាងថា លោកបានស្នើក្រុមប្រឹក្សារដ្ឋទទួលបន្ទុកផ្នែកច្បាប់ មុនការតែងតាំងជារដ្ឋមន្រ្តីទទួលបន្ទុកការិយាល័យនាយករដ្ឋមន្រ្តី៕ 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com