ជាតិ
ម៉ូតូ និងរថយន្តប្រណាំងប្រមាណ៦០០គ្រឿង នឹងជួបគ្នាលើកដំបូងលើទឹកដីអង្គរ
23, May 2024 , 4:29 pm        
រូបភាព
 រូបភាព capture ពីទំព័រហ្វេសប៊ុក Car and Bike Festival ។
រូបភាព capture ពីទំព័រហ្វេសប៊ុក Car and Bike Festival ។
សៀមរាប៖ យ៉ាងហោចណាស់ម៉ូតូ៥០០គ្រឿង និងឡានប្រណាំង១០០គ្រឿង នឹង​​បង្ហាញ​ខ្លួនក្នុងព្រឹត្តិការណ៍ «ជំនួបយានយន្ត ជំរុញទេសចរណ៍» ឬ«Car & Bike Festival»។ សាធារណជនអាចចូលរួមក្នុងព្រឹត្តិការណ៍នេះដោយសេរីនៅព្រលានយន្តហោះចាស់ ក្រុងសៀមរាប ចាប់ពីពីថ្ងៃ២៤-២៦ ខែឧសភាឆ្នាំ២០២៤។
 
ជំនួបយានយន្តលើទឹកដីអង្ករនេះ ជាព្រឹត្តិការណ៍ដំបូងបំផុតនៅប្រទេសកម្ពុជា។ លោក ម៉េង សុភ័ក្រ ប្រធានផ្នែកទីផ្សារក្រុមហ៊ុន RV Clip Media បញ្ជាក់ប្រាប់សារព័ត៌មាន​ថ្មីៗ តាមតេឡេក្រាមថា Car & Bike Festival នេះនឹងក៏មានការចូលរួមពីម្ចាស់យានយន្ត​មួយផ្នែកតូច មកពីប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរី​។ 
 
ក្នុង​ព្រឹត្តិការណ៍​នេះ នឹងមានការហែក្បួនយានយន្ត នៅតាមផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុង​សៀម​រាប, ការដាក់បង្ហាញយានយន្ត, កា​រសម្ដែង Show យានយន្ត និងការប្រណាំង​យាន​យន្ត បែបកីឡាផងដែរ។ នេះជាការបញ្ជាក់បន្ថែមរបស់ លោក សុភ័ក្រ។ 

 រូបភាពពីទំព័រហ្វេសប៊ុក Car and Bike Festival

ព្រឹត្តិការណ៍នេះ ត្រូវបានផ្ដួចផ្ដើមរៀបចំដោយក្រុមហ៊ុន RV Clip Media ​គាំទ្រដោយ​ក្រសួង​ទេសចរណ៍ និងរដ្ឋបាលខេត្តសៀមរាប។ ជុំវិញព្រឹត្តិការណ៍​នេះ លោក គុជ បញ្ញាសា រដ្ឋ​លេខាធិការក្រសួងទេសចរណ៍ ប្រាប់សារព័ត៌មានថ្មីៗថា គោលបំណងនៃព្រឹត្តិការណ៍នេះ គឺចូលរួមជំរុញទេសចរណ៍ក្នុងស្រុក, បញ្ជ្រាបការយល់ដឹងពីទេសចរណ៍ និងបរិស្ថាន ទៅ​កាន់សាធារណ​ជន និងយុវជន និងការបង្កើតប្រាក់ចំណូលដល់ពលរដ្ឋមូលដ្ឋានផងដែរ។ 
 
លោក ពន្យល់បន្ថែមដូច្នេះ៖ «ជិះម៉ូតូ និងរថយន្ត ដើម្បីជំរុញទេសចរណ៍ជាតិ ក៏​ដូចជា​ទេសចរអន្តរជាតិ ឱ្យស្របយុទ្ធសាស្ត្ររបស់យើង ក៏ដូចជានិន្នាការថ្មីដែលជាផលិតផល​ទេសចរណ៍​ថ្មីរបស់យើងគឺ វិស័យ Automotive មានន័យថាទាំងម៉ូតូ ទាំងយានយន្ត​ទាំង​អស់នេះ កម្ពុជាក៏មានផលិតផលទេសចរណ៍ថ្មី ក្នុងការប្រកួតប្រជែង បើប្រៀបធៀបនឹង​ប្រទេសជិតខាង។ យើងក៏មានការជំរុញជិះរថយន្តទូទាំងសហគមន៍អាស៊ានផងដែរ»។ 
 
លោក បញ្ញាសា រំពឹងថាព្រឹត្តិការណ៍ជំនួបយានយន្តលើទឹកដីអង្គរនេះ នឹងមានការគាំទ្រ​ពី​សាធារណជន។ លោករំពឹងថា កម្មវិធីនេះនឹងអាចទាកទាញអ្នកចូលរួម ៣ ០០០នាក់ ទៅ ​៥ ០០០នាក់ ក្នុងមួយថ្ងៃ៕ 
 

Tag:
 ThmeyThmey
  ជំនួបរថយន្ត
 
© រក្សាសិទ្ធិដោយ thmeythmey.com