ជាតិ
ក្រសួងអប់រំ ដាក់ឱ្យប្រើប្រាស់ «កញ្ចប់សម្ភារអំណានថ្នាក់ទី៣» ដើម្បីលើកកម្ពស់ការអប់រំ​ថ្នាក់ដំបូង​​នៅ​បឋមសិក្សា
23, May 2024 , 7:59 pm        
រូបភាព
ក្រសួងអប់រំ យុវជន និងកីឡា ​បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កញ្ចប់សម្ភារអំណានថ្នាក់ទី៣ នៃ​​កម្មវិធីកុមាររៀន​កុមារចេះ ដើម្បីផ្តល់ជំនាញមូលដ្ឋានគ្រឹះដល់សិស្សថ្នាក់ទី៣។ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានប្រកាសឱ្យអនុវត្តជាផ្លូវការនេះ ធ្វើឡើងនៅថ្ងៃទី​១៧ ខែឧសភា ឆ្នាំ២០២៤ នៅសាលាបឋមសិក្សាច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

 
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ គម្រោងអប់រំបរិយាបន្ននៅបឋមសិក្សា (IPEA) បញ្ជាក់ថា ការដាក់ឱ្យប្រើប្រាស់កញ្ចប់អំណាន​នេះ នឹងក្លាយជាទុននៅក្នុងដំ​ណើរការរៀនសូត្ររបស់កុមារ ហើយ ក៏​ជាព្រឹត្តិការណ៍ដ៏សំ​ខាន់​មួយ ក្នុងការលើកកម្ពស់ការអប់រំកម្រិតថ្នាក់ដំបូង នៅបឋមសិក្សានៅកម្ពុជាដែរ​។ 
 
​កញ្ចប់សម្ភារអំណាន និងវិធីសាស្ត្របង្រៀនថ្នាក់ទី៣ រួមបញ្ចូលទាំងសម្ភារសិក្សាស្របតាមអាយុសិស្ស និងសៀវភៅណែនាំសម្រាប់គ្រូ ត្រូវបានបង្កើតឡើងស្របទៅនឹងកម្មវិធីសិក្សាជាតិ ក្រោមកិច្ចសហការរវាងក្រសួងអប់រំ​ និងគម្រោងអប់រំបរិយាបន្ននៅបឋមសិក្សា (IPEA) ដែលទទួលបាន​ មូលនិធិពីទីភ្នាក់ងារជំនួយអាមេរិក (USAID)។ កញ្ចប់សម្ភារអំណាននេះ ត្រូវបាន​រៀបចំដោយផ្អែកលើ វិធីសាស្ត្រជោគជ័យ ដែលបានបង្កើតឡើង និងអនុវត្តនៅកម្រិតថ្នាក់ទី១ និងថ្នាក់ទី២ ដោយមានការគាំទ្រពី  ​USAID ​ចាប់តាំងពីឆ្នាំ២០១៧។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។



លោកស្រី Kerry Pelzman នាយិកាបេសកកម្មរបស់ USAID បានលើកឡើងថា ការប្រ​កាសដាក់ឱ្យអនុវត្តន៍កញ្ចប់សម្ភារអំណានថ្នាក់ទី៣ ជាសក្ខីភាពមួយបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងគម្រោងអប់រំបរិយាបន្ននៅបឋមសិក្សា នៃទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID និងក្រសួងអប់រំ​​។ សម្រាប់លោកស្រី Kerry Pelzman ​ព្រឹត្ដិការណ៍ដ៏សំខាន់នេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ USAID ក្នុងការធ្វើឱ្យប្រសើរឡើង នូវការអប់រំកម្រិតថ្នាក់ដំបូងនៃបឋមសិក្សានៅកម្ពុជា និងផ្តល់នូវបំណិនអាន និងសរសេរ ដល់សិស្សថ្នាក់ទី៣​ ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា​។
 
លទ្ធផលតេស្តរង្វាយតម្លៃអំណានថ្នាក់ដំបូង ដែលគាំទ្រដោយ ​USAID  បានបង្ហាញពីការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលតែមួយឆ្នាំ ក្នុងចំណោមសិស្សថ្នាក់ទី៣ នៅតាមសាលារៀន ដែលបានអនុវត្តកម្មវិធីកុមាររៀនកុមារចេះ បើប្រៀបធៀបទៅនឹងសិស្សក្នុងសាលារៀនដែលមិនបានទទួលអន្តរាគមន៍។ ល្បឿនអំណានជាមធ្យមរបស់សិស្សថ្នាក់ទី៣ បានកើនឡើងពី៣២ ទៅ៥០​ពាក្យ ក្នុងមួយនាទី ខណៈដែលពិន្ទុនៃការអានយល់ន័យរបស់សិស្ស ដែលបានបញ្ចប់រង្វាយតម្លៃ​នេះ កើនឡើងជិត ទ្វេដងពី ៣២ ទៅ ៥៧ភាគរយ។
 

 
លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យល់ឃើញថា កំណើជិតទ្វេដង​នៃការអានយល់ន័យរបស់សិស្ស នៅគ្រប់សាលាបឋមសិក្សានៅខេត្តកំពង់ឆ្នាំង បន្ទាប់ពីការអនុវត្តកញ្ចប់សម្ភារៈអំណានថ្នាក់ទី៣ បានបង្ហាញពីការប្ដេជ្ញាចិត្ត ក្នុងការជំរុញឱ្យមានការធានាបានគុណភាពនៃការអប់រំនៅ​កម្ពុជា។ 
 
«ក្រសួងសូមប្រកាសដាក់ឱ្យអនុវត្តកញ្ចប់សម្ភារៈអំណាន ដែលមានភស្តុតាងបញ្ជាក់ពីប្រសិទ្ធភាពនេះ ជាផ្លូវការនៅទូទាំងប្រទេស ចាប់ពីពេលនេះតទៅ សម្រាប់ជាប្រយោជន៍ដល់ការសិក្សារបស់សិស្សថ្នាក់ទី៣ ​ទាំងអស់នៅកម្ពុជា»។ នេះជាប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងអប់រំ នៅក្នុងសេចក្តី​ប្រកាសព័ត៌មាន​របស់ IPEA។


 
នៅឆ្នាំ២០២៣ ​USAID តាមរយៈគម្រោងអប់រំបរិយាបន្ននៅបឋមសិក្សា (IPEA) បានបណ្តុះបណ្តាលគ្រូបង្រៀនប្រមាណ ៣ ០០០នាក់ លើវិធីសាស្រ្តបង្រៀនអំណានថ្នាក់ដំបូង ដែលជាវិធីសាស្ត្របង្រៀន​ថ្មី និងផ្តល់អត្ថប្រយោជន៍ដល់សិស្សថ្នាក់ទី១ ដល់ថ្នាក់ទី៣ ប្រមាណ ៩០ ០០០នាក់។ ផ្អែកលើសមិទ្ធផលទាំងនេះ ​USAID​ នឹងបន្តគាំទ្រក្រសួងអប់រំ ​ពង្រីកវិសាលភាពនៃការអនុវត្តអំ​ណានកម្រិតថ្នាក់ដំបូង និងពង្រឹងអភិបាលកិច្ចសាលារៀនបឋមសិក្សាទូទាំងប្រទេសបន្ថែមទៀត នាពេលអនាគត៕

Tag:
 អប់រំ
  អំណាន
 កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com