កីឡាអន្តរជាតិ
អន្តរជាតិ
លោក Xavi នឹងជួបថ្នាក់ដឹកនាំក្លិប ជជែកពីអនាគតនៅ Barca
23, May 2024 , 8:29 pm        
រូបភាព
ប្រធានក្លិប Barcelona លោក Joan Laporta ជាមួយនឹងលោក Xavi Hernandez នឹងមានការជជែកគ្នាអំពីតំណែងអ្នកចាត់ការក្រុមសម្រាប់រដូវកាលក្រោយ នៅសប្តាហ៍ខាងមុខ ខណៈក្លិបកំពុងស្ថិតក្នុងភាពស្រពិចស្រពិលក្នុងរក្សាអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ ឬក៏ត្រូវបញ្ចប់តំណែង។ នេះបើតាមការផ្សាយទូរទស្សន៍ ESPN។



កិច្ចពិភាក្សារឿងអនាគតរបស់លោក Xavi នៅសប្តាហ៍ក្រោយ ក៏ត្រូវបានគេដឹងថានឹងមានវត្តមានរបស់លោក Deco អតីតកីឡាករ Barcelona ដែលសព្វថ្ងៃជាប្រធានផ្នែកកីឡាកររបស់ក្លិប ម្នាក់ផងដែរ។ ការជជែកនឹងត្រូវធ្វើឡើងក្រោយពេលក្លិប បញ្ចប់ការប្រកួតចុងក្រោយនៃជំនួបក្របខណ្ឌ La Liga ទល់នឹងក្រុម Sevilla ថ្ងៃទី២៦ ខែឧសភា។
 
បើតាមប្រភពក្លិប Barcelona ការជជែកនឹងមានការសង្ខេបអំពីការប្រកួតកន្លងមករបស់ក្រុមទូទាំងរដូវកាល បូករួមទាំងមិនជោគជ័យសម្រាប់ការឈ្នះពាន នៅក្នុងកិច្ចពិភាក្សាដែលទាក់ទងទៅនឹងអនាគតរបស់លោក Xavi ជាថ្មីម្តងទៀត។ កាលពីសប្តាហ៍មុន លោក Laporta ត្រូវបានគេផ្សាយថាបានពិចារណា ដោយយកចិត្តទុកដាក់ លើការបណ្តេញគ្រូបង្វឹកចេញ ប៉ុន្តែការសម្រេចចិត្តមិនត្រូវបានធ្វើឡើង។ 
 
មកដល់ពេលនេះបញ្ហាក្រុមគ្រូបង្វឹកនៅក្នុងក្លិប Barca កំពុងតែមានភាពរង្គោះរង្គើរខ្លាំង ដោយមនុស្សជាច្រើនក្នុងរង្វង់គ្រូបង្វឹក ដែលតម្រូវឱ្យប្រធានក្លិបគិតគូផ្លាស់ប្តូរ។
 
យ៉ាងណាប្រសិនបើ Xavi សម្រេចចិត្តចាកចេញពីក្រុម Barca នឹងសម្លឹងមើលទាក់ទងគ្រូបង្វឹកមកពីក្រុម Barca Atletic លោក Rafa Marquez និង Hansi Flick រួមទាំងលោក Thomas Tuchel ជាបេក្ខភាព ក្នុងការជំនួសតំណែង។ លោក Thiago Motta និងអតីតគ្រូបង្វឹក Brighton & Hove Albion លោក Roberto De Zerbi សុទ្ធសឹងតែមានទំនាក់ទំនងជាមួយនឹងតំណែងនៅក្លិប Barcelona។
 
កាលពីខែមករា លោក​ Xavi ធ្លាប់បានប្រកាសចាកចេញពីតំណែងក្រោយចប់ពីរដូវកាល ២០២៣-២៤ ក្រោយពេលដែលក្រុមធ្វើមិនបានល្អសម្រាប់ការប្រកួតក្នុងលីគ ក៏ដូចជារបូតពានរង្វាន់ផ្សេងៗក្នុងប្រទេសអេស្ប៉ាញ។ នៅខែមេសា អតីតប្រធានក្រុមជម្រើសជាតិអេស្ប៉ាញ ក៏បានជជែងជាមួយលោក Laporta ម្តងរួចមកហើយ នៅផ្ទះរបស់ប្រធានក្លិបស្ថិតក្នុងទីក្រុង Barcelona ដោយបានធ្វើឱ្យ Xavi បង្វែរចិត្តចង់បន្តដឹកនាំនៅរដូវកាលក្រោយឡើងវិញ៕

Tag:
 Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com