កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូថៃ បារម្ភ វៀតណាម-ឥណ្ឌូណេស៊ី ជារនាំងការពារជើងឯក ASEAN Cup 2024
23, May 2024 , 4:59 pm        
រូបភាព
លោក Masatada Ishii គ្រូបង្វឹកក្រុមជម្រើសជាតិថៃ បារម្ភពីសមត្ថភាពដឹកនាំរបស់គ្រូបង្វឹកវៀតណាមថ្មី លោក Kim Sang-sik និងសរសើរចំពោះភាពលេចធ្លោរបស់សមាជិកក្រុមឥណ្ឌូណេស៊ី ក្នុងការប្រជែងជើងឯក ASEAN Mitsubishi Electric Cup ឆ្នាំ ២០២៤។



គ្រូជនជាតិជប៉ុន លោក Ishii ទទួលតំណែងដឹកនាំក្រុមថៃ កាលពីខែធ្នូ ឆ្នាំ២០២៣ ដោយនាំក្រុមរហស្សនាមដំរីសង្គ្រាមឈានដល់វគ្គ ១៦ក្រុមចុងក្រោយ Asian Cup ឆ្នាំ ២០២៣។ ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​២​ FIFA World Cup 2026 កាល​ពី​ខែ​មីនា ថៃ​ស្មើ​កូរ៉េ​ខាង​ត្បូង ១-១ មុន​ចាញ់ ៣-០ នៅ​ដីខ្លួនវិញ។
 
នាការចាប់ឆ្នោតរើសពូល ASEAN Cup 2024 ថ្ងៃទី២១ ខែឧសភា ក្នុងក្រុងហាណូយ លោក Ishii ក៏មានវត្តមានចូលរួមដែរ​ ដោថៃម្ចាស់ជើងឯក៧សម័យ ស្ថិតនៅពូល A ជាមួយកម្ពុជា ម៉ាឡេស៊ី សិង្ហបុរី និងព្រុយណេ/ទីម័រខាងកើត ហើយពូល B មានវៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា និងឡាវ។ 



អតីតគ្រូ Buriram United​ បានបដិសេធសំណួរអ្នកកាសែត ក្រោយពិធីចាប់ឆ្នោត ដោយមិនវាយតម្លៃពីការឈ្នះពានប្រចាំតំបន់អាស៊ីអាគ្នេយ៏ របស់វៀតណាមឡើយ ប៉ុន្តែបង្ហាញក្តីបារម្ភពីការតែងតាំងគ្រូថ្មី ជនជាតិកូរ៉េខាងត្បូងលោក Kim Sang-sik ជំនួសលោក Philippe Troussier ដែលអាចនឹងក្លាយជរនាំក្នុងការការពារជើងឯករបស់ខ្លួន។ លោក Ishii អះអាងថា៖​៖ «ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​បន្តិច​ដោយ​សារ​តែ​គ្រូ​បង្វឹក​​វៀតណាម​ថ្មី ខ្ញុំ​មិន​ដឹង​ពី​ទម្រង់​ដឹកនាំ​របស់​គាត់​របៀបណា​ ឬ​យុទ្ធសាស្ត្រ​បែប​ណា​នោះ​ទេ»។
 
ក្រៅពីនោះ គ្រូ​បង្វឹក Ishii វ័យ៥៧ឆ្នាំ ក៏បានបង្ហាញការកោតសរសើរ​ក្រុម​ឥណ្ឌូណេស៊ី ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​ជនជាតិ​កូរ៉េខាងត្បូងដូចគ្នា គឺ Shin Tae-yong ផងដែរ។
 
«ឥណ្ឌូណេស៊ី ធ្វើបានល្អណាស់នៅរយៈពេលចុងក្រោយ ក្នុងនោះទទួលបានលទ្ធផលវិជ្ជមានទាំងនៅវគ្គជម្រុះ FIFA World Cup និង ក្នុង U23 Asian Cup។ បាល់ទាត់ឥណ្ឌូណេស៊ីឥឡូវនេះកាន់តែរីកចម្រើន ហើយនឹងបន្តប្រសើរឡើង។ ខ្ញុំគិតថាឥណ្ឌូណេស៊ី នឹងខ្លាំងជាងបច្ចុប្បន្ននេះទៀត»។ នេះជាការអះអាងរបស់គ្រូសញ្ជាតិជប៉ុនលោក Ishii។
 
ព្រឹត្តិការណ៍ ASEAN Cup 2024 ដែលទើបប្តូរឈ្មោះបន្តបន្ទាប់ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី២១ ខែធ្នូ៕

Tag:
 ASEAN Mitsubishi Cup
© រក្សាសិទ្ធិដោយ thmeythmey.com