អន្តរជាតិ
កម្ពុជា​បន្ត​ការពារ​ខ្លួន​នៅ​ប្រទេស​ជប៉ុន​ថា ព្រែកជីក​ហ្វូណន និង​កំពង់ផែ​រាម មិនមាន​ពាក់ព័ន្ធ​ចិន​
23, May 2024 , 8:10 pm        
រូបភាព
ឧបនាយករដ្ឋមន្ត្រីកម្ពុជា ស៊ុន ចាន់ថុល ក្នុងជំនួបជាមួយ លោក Tsuyosi Hasabe ប្រធានក្រុមហ៊ុន Nikkei នៅថ្ងៃទី២៣ ខែឧសភា។ រូបភាព Facebook_Chanthol Sun DPM
ឧបនាយករដ្ឋមន្ត្រីកម្ពុជា ស៊ុន ចាន់ថុល ក្នុងជំនួបជាមួយ លោក Tsuyosi Hasabe ប្រធានក្រុមហ៊ុន Nikkei នៅថ្ងៃទី២៣ ខែឧសភា។ រូបភាព Facebook_Chanthol Sun DPM
នៅលើ​ទឹកដី​ជប៉ុន ឧបនាយករដ្ឋមន្ត្រី​កម្ពុជា លោក ស៊ុន ចាន់ថុល បានបញ្ជាក់​ឡើងវិញ​ប្រាប់​មេដឹកនាំ​ក្នុង​តំបន់​អាស៊ី ទាំង​រឿង​ព្រែកជីក​ហ្វូណន​តេ​ជោ និង​ទាំង​រឿង​កំពង់ផែ​រាម មិនមាន​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​នៃ​រដ្ឋាភិបាល​បរទេស​ណា​មួយ​ឡើយ​។​



​សំណុំរឿង​ចាស់​កំពង់ផែ​រាម និង​សំណុំរឿង​ថ្មី ព្រែកជីក​ហ្វូណន​របស់​កម្ពុជា នៅតែ​ជា​ប្រធានបទ​ក្ដៅ​នៅក្នុង​វេទិកា​អន្តរជាតិ ដែល​កម្ពុជា​ត្រូវ​ពន្យល់ និង​ការពារ​។ នៅក្នុង​វេទិកា​ប្រចាំឆ្នាំ The Future of Asia 2024 ដែល​ត្រូវ​បានរៀបចំ​ដោយសារ​ព័ត៌មាន Nikkei Asia នៅ​ថ្ងៃទី​២៣ ខែឧសភា នៅក្នុង​ប្រទេស​ជប៉ុន លោក ស៊ុន ចាន់ថុល បាន​ច្រានចោល​ការចោទប្រកាន់​ដដែល ដែលថា កំពង់ផែ​រាម​នៅក្នុង​ខេត្ត​ព្រះសីហនុ ជា​មូលដ្ឋាន​យោធា​ចិន​នៅ​កម្ពុជា​។ លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ថា កម្ពុជា ទទួល​នាវា​របស់​ប្រទេស​ទាំងអស់ ក្រោម​លក្ខខណ្ឌ​មនុស្សធម៌​។

«​នាវា​របស់​ប្រទេស​ណាក៏ដោយ​ដែល ចង់​ចូល​សំចត​នៅ​កំពង់ផែ​នោះ សម្រាប់​សកម្មភាព​មនុ​ស្ស​ធម៌ យើង​ស្វាគមន៍​កងទ័ពជើងទឹក​គ្រប់​ប្រទេស​ទាំងអស់​ទៅកាន់​កំពង់ផែ​រាម​»​។ លោក ស៊ុន ចាន់ថុល បាន សង្កត់ធ្ងន់​បែបនេះ ដោយ​បញ្ជាក់​ជាថ្មី​ថា កម្ពុជា​មិន​អនុញ្ញាត​ឱ្យមាន​មូលដ្ឋាន​បរទេស​នៅក្នុង​ប្រទេស​ខ្លួន​ឡើយ ដោយសារ​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ហាមឃាត់​។

​មាត្រា​៥៣​នៃ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ចែងថា កម្ពុជា​មិន​អនុញ្ញាត​ឱ្យមាន​មូលដ្ឋាន​បរទេស​នៅក្នុង​ប្រទេស​នោះទេ លើកលែងតែ​ក្នុង ក្របខ័ណ្ឌ​នៃ​សំណូមពរ​របស់​អង្គការសហប្រជាជាតិ​។

​ពាក់ព័ន្ធ​នឹង​កំពង់ផែ​រាម​ដដែល លោក ស៊ុន ចាន់ថុល បាន​បន្តថា បរទេស​អាច​ចោទ​កម្ពុជា​បាន លុះត្រាតែ​នៅ​ថ្ងៃ ណាមួយ នាវា​ជប៉ុន ឬ​អាម៉េរិក ត្រូវបាន​កម្ពុជា​បដិសេធ​មិនឱ្យ​ចូល​ចត​នៅ​កំពង់ផែ​រាម ក្រោម​ហេតុផល​ចិន​។

​តាមរយៈ​សេចក្តីថ្លែងការណ៍​រួម​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង​ចេញ​នៅ​ថ្ងៃទី​១៦ ខែឧសភា កម្ពុជា​បានបង្ហាញ ការស្វាគមន៍​ចំពោះ​ផែនការ​របស់​កងទ័ព​ជើង​ទឹក​កូរ៉េខាងត្បូង ដែល​ចង់​ចូល​ចត​នៅ​កម្ពុជា​ក្នុងឆ្នាំនេះ​។ នៅក្នុង ខែកុម្ភៈ​កន្លងមក នាវា​ជប៉ុន ក៏បាន​ចូល​ចត​នៅ​កំពង់ផែ​កម្ពុជា​ផងដែរ​។

​ពី​វេទិកា​រៀបចំឡើង​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន លោក​ឧបនាយករដ្ឋមន្ត្រី​កម្ពុជា ក៏បាន​ថ្លែង​ពាក់ព័ន្ធ​នឹង​ព្រែក ជីក​ហ្វូណន​តេ​ជោ​ផងដែរ ដោយ​ច្រានចោល​ក្តីបារម្ភ​នានា ដែល​លោក​អះអាងថា​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​។ លោក ស៊ុន ចាន់ថុល បាន​ពន្យល់ថា ព្រែកជីក​ហ្វូណន​តេ​ជោ នឹង​ប្រើប្រាស់​ទឹកទន្លេ​មេគង្គ​ត្រឹមតែ ០,០៥​ភាគរយ​ប៉ុណ្ណោះ ហើយ​វា​នឹង មិន​ប៉ះពាល់ ធ្ងន់ធ្ងរ លើ​តំបន់កសិកម្ម​នៅ​ផ្នែក​ខាងក្រោម​ព្រែកជីក​ឡើយ​។

​លោក​ឧបនាយករដ្ឋមន្ត្រី បាន​ពន្យល់ថា ការកសាង​ព្រែកជីក​ដំបូង​របស់​កម្ពុជា​ដែល​ភ្ជាប់​ពី​ទន្លេ​ទៅកាន់​សមុទ្រ​នេះ មិន​ត្រឹម​ជួយ​កាត់បន្ថយ​ទឹកជំនន់​នៅ​កម្ពុជា និង​វៀតណាម​ឡើយ ប៉ុន្តែ​វា​ថែមទាំង​កាត់បន្ថយ​ចម្ងាយ ផ្លូវ​ដឹកជញ្ជូន របស់​កម្ពុជា​ថែមទៀត​៕

© រក្សាសិទ្ធិដោយ thmeythmey.com