អន្តរជាតិ
WWF ប្ដឹងន័រវែស​ពី​គម្រោង​រុករក​រ៉ែ​នៅ​សមុទ្រ​
26, May 2024 , 2:39 pm        
រូបភាព
មូលនិធិពិភពលោកសម្រាប់ធម្មជាតិ (WWF) ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយដ៏ធំមួយរបស់ពិភពលោក នាថ្ងៃទី២៣ ខែឧសភាបានប្តឹងរដ្ឋាភិបាលន័រវេសសម្រាប់ការអនុញ្ញាតឱ្យចូល ប្រើប្រាស់បាតសមុទ្រសម្រាប់ការជីកយករ៉ែនៅសមុទ្រជ្រៅ។ អង្គការនេះចោទន័រវែសបាន បរាជ័យក្នុងការស៊ើបអង្កេតឱ្យបានត្រឹមត្រូវនូវផលវិបាកនៃការសម្រេចចិត្តរបស់ខ្លួន។

 
បើតាម WWF ប្រចាំន័រវេស ការសម្រេចចិត្តរបស់រដ្ឋាភិបាលបានបំពានច្បាប់ប្រទេស និងជាគំរូដ៏គ្រោះថ្នាក់។
 
«យើងជឿថារដ្ឋាភិបាលកំពុងបំពានច្បាប់ន័រវេសដោយពេលនេះបើកដំណើរការសម្រាប់ ឧស្សាហកម្មថ្មី និងសក្តានុពលនៃការបំផ្លិចបំផ្លាញ ដោយមិនបានវាយតម្លៃឱ្យបានគ្រប់គ្រាន់ នូវផលវិបាក»។ នាយកប្រតិបត្តិ WWF ន័រវេស លោកស្រី Karoline Andaur អះអាងបែបនេះ រួចបន្តថា ការសម្រេចចិត្តនេះជាគំរូដ៏គ្រោះថ្នាក់មួយប្រសិន បើរដ្ឋាភិបាលត្រូវបានអនុញ្ញាតឱ្យមិនអើពើនឹងច្បាប់របស់ខ្លួន បដិសេធរាល់ការណែនាំអំពីបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិរួមរបស់ប្រទេសដោយងងឹតងងុល។
 
កាលពីខែមករា ន័រវេសបានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោកដែលបើកផ្លូវក្នុងការរុករករ៉ែក្នុងសមុទ្រជ្រៅជាលក្ខណៈពាណិជ្ជកម្មបន្ទាប់ពីការអនុម័តដោយសភា។ ការសម្រេចនេះធ្វើឡើងទោះបីជាមានការព្រមានពីអ្នកវិទ្យាសាស្ត្រអំពីផលវិបាក មហន្តរាយសម្រាប់ជីវិតសត្វសមុទ្រ និងការប្រឆាំងកាន់តែខ្លាំងឡើងពីសហភាពអឺរ៉ុប និង ចក្រភពអង់គ្លេស។
 
អាជីវកម្មជីកយករ៉ែនៅសមុទ្រជ្រៅ ផ្ដោតលើការទាញយកលោហៈ និងសារធាតុរ៉ែពីបាតសមុទ្រ ដែលត្រូវបានជំរុញដោយការផ្លាស់ប្តូរទៅរកថាមពលបៃតងជាពិសេសអាគុយរថយន្តអគ្គិសនី។
 
បើតាម WWF ការវាយតម្លៃដោយក្រសួងថាមពលន័រវេសដែលគាំទ្រ ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបន្តការរុករករ៉ែក្នុងសមុទ្រជ្រៅនោះ មិនបានបំពេញ តាមតម្រូវការអប្បបរមានៃច្បាប់រ៉ែបាតសមុទ្រ និងមិនមានមូលដ្ឋានច្បាប់នោះទេ។ ទីភ្នាក់ងារ បរិស្ថានន័រវេសដែលផ្តល់ការប្រឹក្សាដល់រដ្ឋាភិបាលក៏បានបញ្ជាក់ផងដែរថា ការវាយតម្លៃផល ប៉ះពាល់មិនផ្តល់មូលដ្ឋានវិទ្យាសាស្ត្រ ឬផ្លូវច្បាប់គ្រប់គ្រាន់សម្រាប់ការជីកយករ៉ែនៅសមុទ្រ ជ្រៅនោះឡើយ។
 
ឆ្លើយតបលើពាក្យបណ្តឹងនេះ រដ្ឋលេខាធិការក្រសួងថាមពលន័រវែស លោកស្រី Astrid Bergmål បាននិយាយថា រដ្ឋាភិបាលជឿជាក់លើដំណើរការហ្មត់ចត់មួយត្រូវបានអនុវត្ត ដោយមានការចូលរួមយ៉ាងទូលំទូលាយ។ លោកស្រីកត់សម្គាល់ផងដែរថា WWF ចង់អូសរឿងក្តីនេះនៅតុលាការ ហើយពួកគេមានសិទ្ធិធ្វើដូច្នេះ ប៉ុន្តែនៅ​ពេល​នេះរដ្ឋាភិបាល​មិន​មាន​ការ​អត្ថាធិប្បាយ​អ្វី​បន្ថែម​ទៀត​លើ​បណ្ដឹង​នេះ​ទេ។
 
គួររំលឹកថា រហូតមកដល់ពេលនេះ ប្រទេសចំនួន ២៥ រួមទាំងបារាំង អាល្លឺម៉ង់ អេស្ប៉ាញ ប៉ាឡាវ ម៉ិកស៊ិក និងស៊ុយអែត បានស្នើសុំឱ្យផ្អាកបញ្ឈប់បណ្ដោះអាសន្ន ឬហាមប្រាមការជីក យករ៉ែចេញពីបាតសមុទ្រ៕
 

Tag:
 ន័រវេស
© រក្សាសិទ្ធិដោយ thmeythmey.com