ជាតិ
ក្រសួងហាមជួញដូរ​ និងប្រើប្រាស់បារីអេឡិចត្រូនិច នៅបរិវេណគ្រឹះស្ថានសិក្សា
27, May 2024 , 7:59 pm        
រូបភាព
រូបភាព (The Atlantic) the_atlantic_
រូបភាព (The Atlantic) the_atlantic_
ដោយ៖ ញ៉ សុខហឿន​

ភ្នំពេញ៖ មិនត្រូវជួញដូរ និងប្រើប្រាស់បារីអេឡិចត្រូនិច និង ផលិតផល អេចឆ៍ ធី ភី នៅជុំវិញបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ នេះបើយោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុជននិងកីឡា កាលពីថ្ងៃទី ២៤ ឧសភា ឆ្នាំ ២០២៤ ។



ក្រសួងអប់រំ បានសង្កត់ធ្ងន់ថា បារីអេឡិចត្រូនិច និងផលិតផល អេចឆ៍ ធី ភី មិនមែនជាឧបករណ៍សម្រាប់ផ្ដាច់បារីទេ ប៉ុន្តែជាផលិតផល ដែលមានផលប៉ះពាល់ដល់សង្គម ក្រុមគ្រួសារ និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ទៅដល់សុខភាព ដូចជាជំងឺមហារីក ជំងឺសួត បង្កើនហានិភ័យជំងឺបេះដូង។ ជាពិសេសធ្វើឱ្យខួរក្បាលដំណើរការមិនប្រក្រតី ក្នុងអំឡុងពេលប្រើប្រាស់និង ធ្វើឱ្យប៉ះពាល់យូរអង្វែងដល់ការលូតលាស់ខួរក្បាលរបស់កុមារ និងយុវវ័យ ព្រមទាំងអន្តរាយដល់រាងកាយ។ 
 
ទន្ទឹមនេះក្រសួងអប់រំ ក៏បានអំពាវនាវ​ទៅដល់ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ និងគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនគ្រប់កម្រិត ឱ្យជួយផ្សព្វផ្សាយកាន់តែទូលំទូលាយពីផលប៉ះពាល់នៃផលិតផលទាំងពីរខាងលើនេះ។ មិនតែប៉ុណ្ណោះត្រូវសហការជាមួយអាណាព្យាបាល បុគ្គលិកអប់រំ អ្នកសិក្សា និងអ្នកពាក់ព័ន្ធ ក្នុងការកំណត់មុខសញ្ញា ទីតាំងចែកចាយ និងជួញដូរបារីអេឡិចត្រូនិច និង ផលិតផល អេចឆ៍ ធី ភី ដើម្បីរាយការណ៍ជូនអាជ្ញាធរ ចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។ 
 
បើយោងតាមអង្គការសុខភាពពិភពលោក បារីអេឡិចត្រូនិច (E-Cigarette/Vape) មានច្រើនប្រភេទ ដែលមានប្រព័ន្ធកំដៅអង្គធាតុរាវ ដើម្បីបង្កើត aerosols ដែលត្រូវបានស្រូបដោយអ្នកប្រើប្រាស់ផ្ទាល់ និងមិនផ្ទាល់។ ក្នុងនោះក៏មានផ្ទុកនូវនីកូទីន និងសារធាតុគីមី ដែលប៉ះពាល់ទៅដល់សុខភាព៕

© រក្សាសិទ្ធិដោយ thmeythmey.com