ជាតិ
សាសនិកឥស្លាមកម្ពុជាជិត១ពាន់នាក់ ចេញទៅធ្វើបុណ្យហាជ្ជ នៅអារ៉ាប៊ីសាអូឌីត​ ឆ្នាំនេះ
29, May 2024 , 11:02 am        
រូបភាព
សាសនិកឥស្លាមកម្ពុជាចេញដំណើរទៅធ្វើបុណ្យហាជ្ជនៅអារ៉ាប៊ីសាអូឌីត នាយប់ថ្ងៃទី២៧ ឧសភា។ រូបភាព៖ Ro Seat
សាសនិកឥស្លាមកម្ពុជាចេញដំណើរទៅធ្វើបុណ្យហាជ្ជនៅអារ៉ាប៊ីសាអូឌីត នាយប់ថ្ងៃទី២៧ ឧសភា។ រូបភាព៖ Ro Seat
សៀមរាប៖ សាសនិកឥស្លាមកម្ពុជា បានចាប់ផ្តើមចេញដំណើរជាបន្តបន្ទាប់ ទៅចូលរួមធ្វើបុណ្យហាជ្ជ (Hajj) នៅប្រទេសអារ៉ាប៊ីសាអូឌីត។ នៅឆ្នាំនេះ សាសនិកឥស្លាមកម្ពុជា ទៅចូលរួមបុណ្យដ៏សំខាន់នេះ សរុប៩១១នាក់ ហើយការធ្វើដំណើរចាប់ផ្តើមពីជើងដំបូងនៅយប់ថ្ងៃទី២៧ ឧសភា រហូដល់ថ្ងៃទី៦ ខែមិថុនា។

 
បុណ្យហាជ្ជ (Hajj) ជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចទាំង៥ ដែលព្រះអល់ឡោះ​នៃសាសនាឥស្លាម បានដាក់បញ្ជាមកលើជនមូស្លីមគ្រប់រូប ដែលមានចែងក្នុងគម្ពីរអាល់គួរអាន និងតាមរយៈព្យាការីមូហាំម៉ាត់ ដែលជាអ្នកនាំសារ។ កាតព្វកិច្ចទាំង៥រួមមាន ទី១ ជឿ និងទទួលស្គាល់ថា​ព្រះអល់ឡោះជាម្ចាស់ និងមូហាំម៉ាត់ ជាអ្នកនាំសាររបស់ទ្រង់ (Shahadah) ទី២ ការប្រណិប័តន៍ថ្វាយបង្គំមួយថ្ងៃមួយយប់៥ដង ទី៣ ការផ្តល់វិភាគទាន ទី៤ ការតមអាហារក្នុងខែរ៉ាម៉ាឌន និងទី៥ ការធ្វើបុណ្យហាជ្ជ នេះឯង។ យ៉ាងណា បុណ្យហាជ្ជ គឺដាក់លើជនមូស្លីមណា​ ដែលមានលទ្ធភាព​គ្រប់គ្រាន់តែប៉ុណ្ណោះ។
 
ការធ្វើបុណ្យហាជ្ជ គឺធ្វើឡើងនៅទីក្រុងម៉ិកកា (Mecca) និងទីក្រុងម៉ាឌីណះ (Medina) ប្រទេសអារ៉ាប៊ីសាអូឌីត ដែលមានរយៈពេលប្រមាណ៤០ថ្ងៃ ឬតិចជាងនេះ។ ភាគច្រើន សាសនិកឥស្លាមកម្ពុជា ​ទៅបំពេញកាតព្វកិច្ចហាជ្ជ ​តាមរយៈក្រុមហ៊ុនឯកជន  និងមួយភាគតូចប៉ុណ្ណោះ ​ទៅតាមរយៈការឧបត្ថម្ភ ពីព្រះមហាក្សត្រ​អារ៉ាប៊ីសាអូឌីត។ សម្រាប់ឆ្នាំ២០២៤នេះ សាសនិកឥស្លាម​៩១១រូប​​ ដែលទៅធ្វើបុណ្យហាជ្ជ ក្នុងនោះ២០រូប ទទួលបានការឧបត្ថម្ភពីព្រះចៅ សាល់ ម៉ាន់ ពិនអាប់ឌុលអាហ្សី អាល់ស៊ូអ៊ូឌ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។  យ៉ាងណា ចំនួនអ្នកទៅធ្វើបុណ្យហាជ្ជនៅឆ្នាំនេះ មានការថយចុះបន្ដិច ខណៈឆ្នាំ២០២៣ មានជាង១,១០០នាក់។
 
សាសនិកឥស្លាមនៅឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ទៅចូលរួមបុណ្យហាជ្ជនាយប់ថ្ងៃទី២៧ ឧសភា។ រូបភាព៖ អ៊ីសា រ៉ហានី 

ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស លោក អូស្មាន ហាស្សាន់ បានជូនដំណើរ​សាសនិកឥស្លាមកម្ពុជាទៅធ្វើបុណ្យហាជ្ជ ដែលជាជើងដំបូងនាយប់ថ្ងៃទី២៧ ឧសភា សរុប៤៣រូប តាមរយៈក្រុមហ៊ុន Mubarak។ បើតាមលោកទេសរដ្ឋមន្រ្តី នៅឆ្នាំនេះ​សាសនិកឥស្លាមម្នាក់​ត្រូវចំណាយថវិកា៦,៥០០ដុល្លារអាមេរិក ដែលតម្លៃនេះធូរថ្លៃជាងឆ្នាំមុន (៧,៥០០ដុល្លារ)។ សរុបការចំណាយរបស់មូស្លីមកម្ពុជានៅឆ្នាំនេះ មានចំនួនជាង ៥,៥លានដុល្លារអាមេរិក។
 
នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញ ជារៀងរាល់ឆ្នាំនារដូវនះ វត្តមានសាសនិកឥស្លាមរាប់រយនាក់ បានចូលរួមជូនដំណើរដល់សាច់ញាតិ និងក្រុមគ្រួសារពួកគេទៅបំពេញកាតព្វកិច្ចហាជ្ជមួយនេះ។ ពួកគេយល់ថា ការចូលរួមជូនដំណើរនេះ នឹងផ្តល់ផលបុណ្យដល់ពួកគេខ្លះ និងបួងសួងសុំពីអល់ឡោះ ឱ្យពួកគេបានទៅចូលរួមបុណ្យហាជ្ជនេះផង នាពេលអនាគត៕
ក្រុមគ្រួសារជូនដំណើរសាសនិកឥស្លាមកម្ពុជាទៅបុណ្យហាជ្ជ។ រូបភាព៖ ស្វាយឃ្លាំង

Tag:
 បុណ្យហាជ្ជ
  Hajj
© រក្សាសិទ្ធិដោយ thmeythmey.com