កីឡាអន្តរជាតិ
អន្តរជាតិ
លោក Scaloni ប្តេជ្ញាដឹកនាំអាហ្សង់ទីន រហូតទាល់តែសហព័ន្ធ AFA ប្តូរចិត្តរកអ្នកថ្មី
03, Jun 2024 , 4:09 pm        
រូបភាព
លោក Lionel Scaloni គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន បានបង្ហាញការប្តេជ្ញាចិត្តខ្លាំងក្នុងការដឹកនាំក្រុមជម្រើសជាតិ និងបន្តដឹកនាំក្រុម រហូតទាល់តែលោក Claudio Tapia ប្រធានសហព័ន្ធបាល់ទាត់អាហ្សង់ទីន (AFA) មានចិត្តចង់ផ្លាស់ប្តូរគ្រូថ្មីតែម្តង។



បុរសវ័យ ៤៦ឆ្នាំ ពេលមុនធ្លាប់បង្កភាពចលាចលម្តងរួចមកហើយ ក្នុងក្រុមជម្រើសជាតិ ព្រោះតែការនិយាយថា លោក បានពិចារណាលើការចុះចេញពីតំណែងក្នុងក្រុមអាហ្សង់ទីន ក្រោយពេលក្រុមប្រកួតឈ្នះក្រុមប្រេស៊ីល នៅវគ្គជម្រុះ World Cup 2026 ក្នុងតំបន់ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣។ 
 
បើតាមប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីន គ្រូបង្វឹកដែលដឹកនាំអាហ្សង់ទីនឈ្នះ FIFA World Cup 2022 បានយល់ព្រមជាមួយ AFA ក្នុងការបន្តដឹកនាំរហូតបញ្ចប់ការប្រកួតពានរង្វាន់ Copa America ឆ្នាំ ២០២៤ ដែលធ្វើឡើងនៅប្រទេសអាមេរិកជាមុនសិន។ Copa America នឹងធ្វើឡើងពីថ្ងៃទី២០ ខែមិថុនា រហូតដល់ទី ១៤ ខែកក្កដា។
 
យ៉ាងណានាថ្ងៃទី២ ខែមិថុនា នៅក្នុងសន្និសីទកាសែត មុនពេលការប្រកួតមិត្តភាពត្រៀមលក្ខណៈរបស់ក្រុមអាហ្សង់ទីន ទៅកាន់ព្រឹត្តិការណ៍ Copa America លោក Scaloni បាននិយាយថា លោកនឹងបន្តដឹកនាំអាហ្សង់ទីន រហូតសហព័ន្ធប្តូរចិត្តចង់រកអ្នកថ្មី។
 
លោកគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរៀបរាប់ថា៖« ថ្ងៃនេះ ខ្ញុំនៅទីនេះជាមួយនឹងកម្លាំងដ៏រឹងពឹង និយាយដោយស្មោះត្រង់ទៅចុះ វាមិនមែនជាបញ្ហាដូចកាលពីខែវិច្ឆិកាទៀតឡើយ ដរាបណាប្រធានសហព័ន្ធនៃ AFA ចង់បានខ្ញុំនៅទីនេះ ខ្ញុំនឹងបន្តនៅទីនេះ។»។
 
មកដល់ពេលនេះ ក្រុមជម្រើសជាតិអាហ្សង់ទីន នៅមិនទាន់បង្ហាញបញ្ជីឈ្មោះកីឡាករ ២៦រូបចុងក្រោយ នៅឡើយ ដើម្បីទៅកាន់ការប្រកួតប្រជែងពានរង្វាន់ Copa America។ បញ្ជីឈ្មោះកីឡាករ ២៩រូប ត្រូវបានជ្រើសរើស តាំងពីដើមខែ ឧសភា ដោយដឹកនាំដោយប្រធានក្រុម Lionel Messi។ 
 
អាហ្សង់ទីន នឹងប្រកួតមិត្តភាពទល់ក្រុមអេក្វាទ័រ នៅថ្ងៃទី៩ ខែមិថុនា ក្នុងកីឡដ្ឋាន Soldier Field ស្ថិតក្នុងរដ្ឋ Chicago មុនពេលទៅប៉ះក្រុមហ្គាតេម៉ាឡា នៅក្នុងកីឡដ្ឋាន Commanders Field ក្នុងរដ្ឋវ៉ាស៊ីនតោន ៥ថ្ងៃបន្ទាប់។ អាហ្សង់ទីន នឹងត្រៀមខ្លួនសម្រាប់ការប្រកួតពានរង្វាន់ Copa America តែម្តង បន្ទាប់ពីការប្រកួតមិត្តភាពកម្តៅសាច់ដុំ ២ប្រកួតនោះរួច។
 
ក្រុមការពារតំណែងជើងឯក នឹងចាប់ផ្តើមការប្រកួតសន្សំពិន្ទុពូល A ទល់នឹងកាណាដា នៅថ្ងៃទី២០ ខែមិថុនា មុនទៅប៉ះស៊ីលី និង ប៉េរូ៕
 

Tag:
 Lionel Scaloni
  អាហ្សង់ទីន
© រក្សាសិទ្ធិដោយ thmeythmey.com