ជាតិ
កុមារកម្សត់៤រូបត្រូវបានបោះបង់ចោល, ក្រសួងសង្គមកិច្ចប្រកាសរកអ្នកឪពុកម្តាយចិញ្ចឹម
04, Jun 2024 , 4:42 pm        
រូបភាព
ដោយ: រួបរួម
កើតមកខ្វះភាពកក់ក្តៅពីក្រុមគ្រួសារបង្កើត ហើយពួកគេត្រូវបានបោះបង់ចោល វាជារឿងចាំបាច់បំផុតកុមារកម្សត់ខ្មែរ៤រូប ដែលត្រូវមានគ្រួសារថ្មីមួយជាអចិន្ត្រៃយ៍។ តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី៣១ ខែឧសភា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសស្វែងរកឪពុកម្តាយចិញ្ចឹមក្នុងប្រទេសសម្រាប់កុមារទាំងនោះ។



កុមារីម្នាក់មានជំងឺប្រចាំកាយ កុមារីម្នាក់មានពិការភាព និងពីរនាក់ទៀតមានសុខភាពល្អ, កុមារទាំង៤ សុទ្ធតែត្រូវបានបោះបង់ចោល និងជាកុមារដែលឪពុកម្តាយបោះបង់សិទ្ធិជាអ្នកមានអំណាចមេបា។ ក្រសួងសង្គមកិច្ច បានអះអាងថា ការប្រឹងប្រែងបង្រួបបង្រួម ដើម្បីរក្សាកុមារឱ្យនៅជាមួយគ្រួសារបង្កើត ឬសាច់ញាតិ ពុំបានផលឡើយ ហេតុដូចនេះការមានគ្រួសារថ្មីមួយជាអចិន្ត្រៃយ៍ជារឿងចាំបាច់ សម្រាប់កុមារកម្សត់ទាំង៤រូបនោះ។

ក្នុងសេចក្តីជូនដំណឹង ក្រសួងប្រកាសដល់សាធារណៈដែលមានសញ្ជាតិខ្មែរ និងមានទីលំនៅអចិន្ត្រៃយ៍នៅកម្ពុជា ដែលចង់ផ្សាភ្ជាប់មនោសញ្ចេតនា រួមទាំងទឹកចិត្តសប្បុរស និងក្តីអាណិតអាសូរចំពោះកុមារណាម្នាក់ អាចដាក់ពាក្យស្មុំកូន ដើម្បីធ្វើជាអ្នកអាណាព្យាបាលស្របច្បាប់នៅក្នុងប្រទេស។

«សូមមេត្តាទំនាក់ទំនងដាក់ពាក្យស្នើសុំមកនាយកដ្ឋានកិច្ចការពារកុមារ នៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រៀងរាល់ម៉ោងធ្វើការងារ ដែលមានអាសយដ្ឋានអាគារ លេខ៧៨៨ មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ ឬសូមធ្វើការទំនាក់ទំនងមន្ត្រីទទួលបន្ទុក តាមទូរស័ព្ទលេខ ០១៧ ៤២៧ ២៥២/ ០១៥ ៩៧៣ ៥៣៦»។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួង៕


© រក្សាសិទ្ធិដោយ thmeythmey.com