អន្តរជាតិ
បោះឆ្នោតឥណ្ឌា៖ លោក ម៉ូឌី ប្រកាសជ័យជម្នះ ទាំងសំឡេងគាំទ្រថយចុះ
05, Jun 2024 , 11:59 am        
រូបភាព
លោក នារិន្ទ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា អបអរជ័យជម្នះ នៅថ្ងៃទី៤ ខែមិថុនា។ រូបភាព AFP.jpg
លោក នារិន្ទ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា អបអរជ័យជម្នះ នៅថ្ងៃទី៤ ខែមិថុនា។ រូបភាព AFP.jpg
លោក នា​រិ​ន្ទ្រា ម៉ូ​ឌី នាយករដ្ឋមន្រ្តីឥណ្ឌា បានប្រកាសពីជ័យជម្នះនៅក្នុងការបោះឆ្នោតសភាដែលរៀបចំជាដំណាក់កាលតាំងពីខែមេសាមក។  យ៉ាងណាក៏ដោយ ការគាំទ្រលើសម្ព័ន្ធភាពបក្សរបស់លោក ម៉ូ​ឌី បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ បើធៀបនឹងការបោះឆ្នោតនៅអាណត្តិមុន។

 
ក្នុងការបោះឆ្នោតរដ្ឋសភា ដែលត្រូវបានរៀបចំឡើងជា៧ដំណាក់កាលសំដៅបន្ធូរសម្ពាធលើការរៀបចំ ដោយសារមានប្រជាជនគ្រប់អាយុបោះឆ្នោតលើសពី៦៤០លាននាក់ បក្ស Bharatiya Janata របស់នាយករដ្ឋមន្រ្តី នារិន្ទ្រា ម៉ូឌី ទទួលបានសំឡេងគាំទ្រលើសពី២៤០អាសនៈឡើយ ខណៈសន្លឹកឆ្នោតនៅតែបន្តរាប់។ ធៀបអាណត្តិមុន បក្សលោក ម៉ូឌី ទទួលបាន៣០៣កៅអីឯណោះ។
 
នេះជាលើកដំបូងដែលបក្ស Bharatiya Janata មិនទទួលបានសំឡេងភាគច្រើននៅក្នុងសភា បើគិតចាប់តាំងពីឆ្នាំ២០១៤ មក។ ដើម្បីរៀបចំរដ្ឋាភិបាលថ្មីបាន បក្សនយោបាយឥណ្ឌា ចាំបាច់ត្រូវមានអាសនៈនៅក្នុងសភាចំនួន ២៧២ ក្នុងចំណោម ៥៤៣អាសនៈ។
 
គិតទាំងបក្សក្នុងសម្ព័ន្ធភាព សម្ព័ន្ធប្រជាធិបតេយ្យជាតិ ដែលកំពុងកាន់អំណាចនៅឥណ្ឌា លោក ម៉ូឌី នៅតែអាចបន្តធ្វើនាយករដ្ឋមន្រ្តីជាមួយសំឡេងភាគច្រើននៅក្នុងសភា២៩៤អាសនៈ។ នេះបើតាមទិន្នន័យគិតត្រឹមព្រឹកថ្ងៃទី៥ ខែមិថុនា។  កៅអីសរុបនៅក្នុងរដ្ឋសភាឥណ្ឌា មានចំនួន ៥៤៣អាសនៈ។ 
 
«សម្ព័ន្ធប្រជាធិបតេយ្យជាតិ នឹងរៀបចំរដ្ឋាភិបាលនៅអាណត្តិទីបី»។ លោក ម៉ូឌី បានបញ្ជាក់បែបនេះ នៅក្នុងសុន្ទរកថា នាស្នាក់ការកណ្តាលរបស់បក្ស Bharatiya Janata ក្នុងក្រុងញូវដេលី នៅរាត្រីថ្ងៃទី៤ ខែមិថុនា។ ជាប្រទេសប្រជាធិបតេយ្យធំជាងគេ លោក ម៉ូឌី មិនភ្លេចអរគុណដល់ប្រជាជន ដែលបានបោះឆ្នោតគាំទ្រខ្លួនឡើយ។ 
 
ក្នុងសុន្ទរកថានោះ លោកម៉ូឌី បានប្តេជ្ញាប្រែក្លាយឥណ្ឌាឱ្យក្លាយជាប្រទេសអភិវឌ្ឍន៍ នៅរយៈពេល ២ទសវត្សរ៍ខាងមុខ ហើយលោកត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយមន្រ្តីនៅថ្នាក់តំបន់ និងរដ្ឋាភិបាលប្រចាំរដ្ឋទាំងអស់។ 
 
នាការបោះឆ្នោតឆ្នាំ២០១៩ កាលនោះ សម្ព័ន្ធប្រជាធិបតេយ្យជាតិ ទទួលបានកៅអីចំនួន ៣៥៣។
 
ចំណែកសម្ព័ន្ធបក្សប្រឆាំងឥណ្ឌា ដែលដឹកនាំដោយបក្សសមាជជាតិឥណ្ឌា ក្នុងការបោះឆ្នោតឆ្នាំ២០២៤ ទទួលបានកៅអី ២២២អាសនៈ។ បក្សសមាជឥណ្ឌា ទទួលបានប្រមាណ៩៩អាសនៈ៕
 

Tag:
 ឥណ្ឌា
  ការបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com