RFI
អន្តរជាតិ
ការបោះឆ្នោតឥណ្ឌា៖ ជ័យជំនះរបស់លោកម៉ូឌី មានន័យយ៉ាងណាចំពោះ​ឥណ្ឌា និងពិភពលោក?
05, Jun 2024 , 7:39 pm        
រូបភាព
លទ្ធផលឆ្នោត​នៅថ្ងៃអង្គារទី ៤​មិថុនា បង្ហាញថា លោកណារិនដ្រា ម៉ូឌី ទទួលជ័យជំនះ ដើម្បីនៅជា​​ក្បាលម៉ាស៊ីនដឹកនាំ​រដ្ឋាភិបាល​ឥណ្ឌា​មួយអាណត្តិ​បន្តទៀត AP - Manish Swarup
លទ្ធផលឆ្នោត​នៅថ្ងៃអង្គារទី ៤​មិថុនា បង្ហាញថា លោកណារិនដ្រា ម៉ូឌី ទទួលជ័យជំនះ ដើម្បីនៅជា​​ក្បាលម៉ាស៊ីនដឹកនាំ​រដ្ឋាភិបាល​ឥណ្ឌា​មួយអាណត្តិ​បន្តទៀត AP - Manish Swarup
ដោយ៖ឈាង បុប្ផា/RFI ខេមរភាសា
 
លទ្ធផល​នៃការបោះឆ្នោត​រយៈពេល​ដ៏វែង​របស់​ឥណ្ឌា​​បាន​បង្ហាញ កាលពីថ្ងៃអង្គារ​ទី ៤​មិថុនាថា គណបក្ស​ Bharatiya Janata Party (BJP) របស់​លោកណារិនដ្រា ម៉ូឌីបានទទួល​សំឡេងគាំទ្រ​ច្រើនជាងគណបក្ស​ប្រឆាំង​។ ដោយគ្មាន​ការសង្ស័យ លោកណារិនដ្រា ម៉ូឌី នៅជា​​ក្បាលម៉ាស៊ីនដឹកនាំ​រដ្ឋាភិបាល​ឥណ្ឌា​មួយអាណត្តិ​បន្តទៀត។ តើ​ជ័យជំនះ​ឆ្នោតដែលអនុញ្ញាត​ឲ្យ​លោកណារិនដ្រា ម៉ូឌីដឹកនាំ​ប្រទេ​សដែលមាន​ប្រជាជន​ច្រើនជាងគេ​ នៅក្នុង​ពិភពលោក ផ្តល់សញ្ញា​យ៉ាងណា​ចំពោះឥណ្ឌា និង​​ពិភពលោក​ទាំងមូល?

 
បន្ទាប់ពីដឹកនាំ​ឥណ្ឌាអស់រយៈពេល១០ឆ្នាំជាប់គ្នា លោកណារិនដ្រា ម៉ូឌី​បាន​ទទួល​ជ័យជំនះ​សាជាថ្មី នៅក្នុងការបោះឆ្នោតសភាជាតិ ដើម្បី​ដឹកនាំក្បាលម៉ាស៊ីនរដ្ឋាភិបាល​ឥណ្ឌានៅអាណត្តិទី៣។ បើតាម​ការប្រកាស​លទ្ធផលឆ្នោត​របស់គណៈកម្មការបោះឆ្នោត​ឥណ្ឌា គណបក្ស Bharatiya Janata Party (BJP) ​របស់​លោកនាយករដ្ឋមន្រ្តីណារិនដ្រា ម៉ូឌី និង​គណបក្ស​សម្ព័ន្ធមិត្ត​របស់​លោក​ រួមគ្នាទទួលបាន​អាសនៈនៅ​សភា យ៉ាងតិច ២៩២ ក្នុងចំណោម​អាសនៈសរុប៥៤៣។
 
លោកណារិនដ្រា ម៉ូឌីឈ្នះឆ្នោត ដឹកនាំ​ឥណ្ឌាដែលមាន​ប្រជាជន​ច្រើនជាងគេ​ នៅក្នុង​ពិភពលោក។ តើ​វា​មានន័យយ៉ាងដូចម្តេច​​ចំពោះឥណ្ឌា និង​​ពិភពលោក​ទាំងមូល?
 
នៅឥណ្ឌា ជ័យជំនះ​របស់​គណបក្ស(BJP) របស់លោកម៉ូឌី មិនមែនជា​រឿងភ្ញាក់ផ្អើល​ឡើយ។ គណបក្ស​របស់​លោក​ម៉ូឌី​​ទទួលបាន​ការគាំទ្រ​ច្រើនពី​សហគមន៍​អ្នកកាន់សាសនា​​ហិណ្ឌូ​ ដែលមាន​ចំនួនភាគច្រើននៅ​ឥណ្ឌា។ ម្យ៉ាង ក្នុងអាណត្តិ​ដឹកនាំ​របស់​លោកម៉ូឌី ឥណ្ឌា​បាន​ស្គាល់​កំណើនសេដ្ឋកិច្ច និងបានក្លាយជា​តួអង្គសំខាន់​មួយ​នៅក្នុង​ឆាកអន្តរជាតិ។
 
ប៉ុន្តែទន្ទឹម​នឹងការទទួលបាន​សំឡេងគាំទ្រ​ក្នុងចំណោម​ពួកហិណ្ឌូ កូដប្រជាប្រិយភាពរបស់​លោកម៉ូឌី ធ្លាក់ចុះ​ខ្លាំងទៅវិញ ក្នុង​ចំណោម​អ្នកកាន់សាសនា​អ៊ីស្លាម ឬ​គ្រិស្តសាសនា​កំពុង​រងការធ្វើទុក្ខបុកម្នេញ កាន់តែ​ច្រើនឡើងៗ នៅក្នុងអាណត្តិដឹកនាំ​របស់​លោកម៉ូឌី។
 
​និយាយ​ត្រលប់មកវិញ ក្នុង​អាយុ​៧៣ឆ្នាំ លោក​ណារិនដ្រា ម៉ូឌី ទទួលបាន​​សំឡេងឆ្នោតច្រើនជាងគណបក្ស​ប្រឆាំង ដើម្បី​​បន្តកាន់អំណាចនៅ​ឥណ្ឌា​មួយ​អាណត្តិ​ទៀតមែនពិត ប៉ុន្តែ ជ័យជំនះរបស់លោកលើកនេះ គឺបាន​ដោយ​ប្រផិតប្រផើយ មិន​ភ្លូកទឹកភ្លូកដី​ដូច​អាណត្តិ​មុនឡើយ។ ផ្ទុយពីការរំពឹងទុកចង់បានរបស់​លោក​ណារិនដ្រា ម៉ូឌី គណបក្ស​ (BJP)របស់​លោក និងបក្ស​សម្ព័ន្ធ ​បរាជ័យ​ មិនបានទទួល​៤០០​អាសនៈ ដែលគ្រប់គ្រាន់​ឲ្យ​លោក​ម៉ូឌីអាច​អំណាច​ទៅ​​ទាមទារ​ផ្លាស់ប្តូរ​រដ្ឋធម្មនុញ្ញ​ឥណ្ឌា។
 
គ្មានសំឡេងភាគច្រើននៅ​សភាដើម្បីធ្វើ​ព្យុះធ្វើភ្លៀង ផ្លាស់ប្តូររដ្ឋធម្មនុញ្ញ​តាម​ការប៉ងចង់បាន​របស់ខ្លួនមែន ប៉ុន្តែ គេជឿថា លោកណារិនដ្រា ម៉ូឌីនឹងមិនចោល​មហិច្ឆតា​របស់លោក​ដើម្បី​ដឹកនាំ​ប្រទេសរបៀបផ្តាច់ការ ដូចជា​ការប្រព័ន្ធតុលាការ​បង្រ្កាប​អ្នកប្រឆាំង ដើម្បី​ប៉ះប៉ូវ​ដល់​ការធ្លាក់ចុះ​សំឡេងឆ្នោត​លើកនេះ។
 
ឥណ្ឌា​ដែលជា​ប្រទេស​ប្រជាធិបតេយ្យធំជាងគេ​ក្នុងពិភពលោក ប៉ុន្តែ បានធ្លាក់ខ្លួនជា​ប្រទេស​ផ្តាច់ការ បិទសំឡេងអ្នកនយោបាយប្រឆាំង និង ដឹកនាំ​ដោយ​អ្នកជាតិនិយម​ ដូចជា​លោក​ម៉ូឌី។ ប៉ុន្តែ រឿងនេះ​មិន​សំខាន់ និង​រំខាន​ដល់​ប្រទេស​ប្រជាធិបតេយ្យផ្សេងទៀត ដូចជា​អាមេរិក និងអឺរ៉ុប​នោះទេ។ អាមេរិក​ធ្លាប់​បដិសេធ​មិន​ផ្តល់​ទិដ្ឋាការ​ឲ្យលោកម៉ូឌី​ទៅ​អាមេរិក​នៅ​ឆ្នាំ ២០០៥ ដោយសារ​តែ​ការសង្ស័យ​លោកម៉ូឌី​ជាប់ពាក់ព័ន្ធ​ក្នុងការប្រព្រឹត្តអំពើហិង្សាសម្លាប់​ប្រជាជន​កាន់អ៊ីស្លាមជាង ១០០០នាក់​នៅ​រដ្ឋ​ហ្គូចារ៉ាត់Gujarat កាលពី​ឆ្នាំ ២០០២។ ប៉ុន្តែ ​ក្រោម​ការដឹកនាំ​របស់​លោកម៉ូឌី ឥណ្ឌាដែលចេះបោះជំហាន​ មានទាំងទម្ងន់សេដ្ឋកិច្ច និង​នយោបាយ​នៅក្នុង​ពិភពលោក បាន​ក្លាយជា​សម្ព័ន្ធមិត្ត​ ដែលអាមេរិកត្រូវការ​ចាំបាច់​ដើម្បីយកទៅទប់ទល់​កម្លាំងចិន និង​រុស្ស៊ី។ ជាក់ស្តែង ទោះជា​អន់ចិត្ត​នឹង​ឥណ្ឌាដែលបដិសេធ​មិន​កាត់ផ្តាច់​ប្រភពចំណូលដល់​រុស្ស៊ី តាមរយៈ​ការបន្តទិញសព្វាវុធ និងប្រេង​ក្នុង​តម្លៃថោកពីរុស្ស៊ីក្តី ប៉ុន្តែ រដ្ឋបាល​លោក​ចូ បៃដិន​បានអញ្ជើញ​លោកម៉ូឌី ទៅ​សេតវិមាន ដើម្បី​បន្ត​សហការ​ ល្អូកល្អឺនជាមួយ រដ្ឋាភិបាល​របស់​លោកម៉ូឌី។
 
ប្រទេស​នៅអឺរ៉ុប​ភាគច្រើន ដូចជា​បារាំង​ជា​ដើម បាន​បិទភ្នែក មើលមិនឃើញ​ការរំលោភសិទ្ធិមនុស្ស មិនរិះគន់​អំណាចផ្តាច់ការរបស់​រដ្ឋាភិបាល​លោកម៉ូឌី ដើម្បី​ផលប្រយោជន៍ផ្ទាល់ខ្លួន។
 
ក្នុងនាមឥណ្ឌា​ជាអតិថិជន​សំខាន់​ដែលទិញយន្តហោះចម្បាំង និងកំពុង​ចុះកិច្ច​សន្យា​ទិញនាវាមុជទឹករបស់បារាំង ប្រធានាធិបតី​បារាំង​លោកម៉ាក្រុង​ធ្លាប់​​បាន​អញ្ជើញ​នាយករដ្ឋមន្រ្តីឥណ្ឌា​ឲ្យចូលរួម​ក្នុង​ពិធីបុណ្យជាតិ​បារាំង។
 
នៅក្រោម​ការដឹកនាំរបស់​លោកម៉ូឌី ជំហរនយោបាយ​របស់​រដ្ឋាភិបាល​ឥណ្ឌា​ជាមួយ​ប្រទេស​គូប្រជែង​របស់​អាមេរិក ដូចជា​ចិន និង​រុស្ស៊ី​ទំនង​គ្មាន​ការផ្លាស់ប្តូរ។ ជាមេដឹកនាំ​ជាតិនិយម ឥណ្ឌា​របស់​លោកម៉ូឌី​នឹង​ប្រកាន់ជំហរ​តឹងជាមួយ​ចិន ជាពិសេស​នៅតំបន់ជម្លោះ​ព្រំដែន ​ដែលមហាអំណាច​យក្សអាស៊ីទាំងពីរកំពុង​ឈ្លោះដណ្តើម​គ្រប់គ្រងរៀងៗខ្លួន។ ជាគូសត្រូវគ្នានៅព្រំដែន ប៉ុន្តែ ចិន​ជាដៃគូសេដ្ឋកិច្ច​ធំទី​២​របស់​ឥណ្ឌា។ ជាមួយរុស្ស៊ី វិញ លោក​ណារិនដ្រា​ ម៉ូឌី​ដែលធ្លាប់បាន​ផ្ញើសារ​អបអរ​ជ័យ​ជំនះ​របស់​លោកពូទីន​ឈ្នះឆ្នោតក្លាយជា​ប្រធានាធិបតី​នៅ​ប៉ុន្មាន​ខែ​មុននេះ នឹង​ឆ្លៀត​ឱកាស​ដែល​ពិភពលោក ​បែកបាក់គ្នាជា២បក្ស​ពួកដោយសារ​សង្រ្គាមអ៊ុយក្រែន និង​សង្រ្គាមហ្កាហ្សា ដើម្បី​ទិញប្រេង​ក្នុង​តម្លៃថោក​សម្រាប់​ជំរុញកំណើនសេដ្ឋកិច្ច​ឥណ្ឌា។
 
ឥណ្ឌា កូនអុក​របស់លោកម៉ូឌី ចេះលើកដំឡើងខ្លួន​ឲ្យមានតម្លៃ មានទម្ងន់នយោបាយដែលមិនអាច​មើលរំលង និង​មិនរងការដាក់សម្ពាធពីលោកខាងលិច បើទោះឥណ្ឌា​នៅ​រាប់រករុស្ស៊ី​ដែលធ្វើសង្រ្គាម​ឈ្លានពាន​អ៊ុយក្រែន។ មិនត្រឹមតែជួយប្រែមុខមាត់របស់​ឥណ្ឌា លោកម៉ូឌី​ខ្លួនឯង​ដែលជា​អ្នកជាតិនិយមខ្លាំងបំផុត និង​កាន់តែផ្តាច់ការ រើសអើង ក៏បានក្លាយខ្លួន​ជា​មនុស្ស​ដែលគេ​ស្វាគមរាប់រក។​

© រក្សាសិទ្ធិដោយ thmeythmey.com