ជាតិ
សុខភាព
ផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក កំពុង​ទាញ​យុវជនឱ្យប្រឈមនឹងជំងឺមិនឆ្លង
05, Jun 2024 , 8:09 pm        
រូបភាព
រូបភាព៖ ទំព័រហ្វេសប៊ុកក្រសួងសុខាភិបាល
រូបភាព៖ ទំព័រហ្វេសប៊ុកក្រសួងសុខាភិបាល
ក្រសួងសុខាភិបាល សង្កេតឃើញថា យុវជនកម្ពុជា​ មួយចំនួន កំពុងលង់ខ្លួនប្រើប្រាស់ផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក នៅតាមរបងសាលារៀន តាមហាងកាហ្វេ និងតាមទី​សាធារណៈមួយចំនួន។ ​ទន្ទឹមនឹងនេះ ការ​ផ្សព្វផ្សាយលក់ និងចែកចាយផលិតផលគ្រោះថ្នាក់ទាំងនេះ ក៏សម្ញែងឡើងយ៉ាងគគ្រឹកគគ្រេង ពិសេសតាមប្រព័ន្ធអនឡាញ។ ការប្រើប្រាស់ផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក នៅក្នុងចំណោម​យុវជន បង្កក្តីបារម្ភថា ពួកគេ កំពុងប្រឈមមុខនឹងជំងឺមិនឆ្លង ដែលមានដូចជាជំងឺមហារីក ជំងឺសរសៃឈាម និង​បេះដូង និងជំងឺសួតជាដើម។

លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈ​កម្មាធិការ​ត្រួតពិនិត្យ​ផលិតផលថ្នាំជក់ មានប្រសាសន៍ថា ផលិតផលថ្នាំជក់ ជាកត្តាហានិភ័យនៃ​ជំងឺ​មិនឆ្លងដូចជា ជំងឺមហារីក ជំងឺសរសៃឈាម និង​បេះដូង និងជំងឺសួត ដែលបានសម្លាប់​មនុស្ស​ប្រមាណ ៨លាននាក់ ក្នុងមួយឆ្នាំនៅទូទាំង​ពិភពលោក និងបង្កផលប៉ះពាល់​ដល់សេដ្ឋកិច្ច បរិស្ថាន និងសង្គម។ ​រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងបែបនេះ នៅ​ថ្ងៃទី៥ មិថុនានេះ ក្នុង​​ទិវាពិភពលោកគ្មានថ្នាំជក់ ឆ្នាំ​២០២៤ ដែលកម្ពុជាប្រារព្ធឡើង ក្រោមប្រធានបទ «ការពារកុមារពី​ផលិត​ផលថ្នាំជក់»។ 
 
បើតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាល ទិវា​ប្រារព្ធឡើង ដោយ​ផ្តោតសំខាន់លើការ​លាត​ត្រដាង​នូវយុទ្ធសាស្ត្ររបស់ឧស្សាហកម្មថ្នាំជក់ក្នុងការទាក់ទាញកុមារ និងយុវជន​ប្រើ​ប្រាស់ផលិតផលថ្នាំជក់ និងយកចិត្តទុកដាក់បន្ថែមទៀតការពារកុមារ និងយុវជនពីផលិត​ផល​ថ្នាំជក់ និងបារីអេឡិចត្រូនិក។ ​
 
​នៅក្នុងឱកាសនេះដែរ លោក ឈាង រ៉ា បានមានប្រសាសន៍បន្ថែមទៀតថា ​ឧស្សាហកម្មថ្នាំជក់​បានកែប្រែទម្រង់ ថ្មីៗ របស់​ផលិតផលថ្នាំជក់ដូចជាបង្កើត បារីអេឡិច​ត្រូនិក ផលិត​ផល​អេចឈ៍ ធី ភី(HTPs) និង​​ស៊ីស្សា(SISHA)ជាដើម ដែលមានច្រើនរូបរាង ច្រើនទំហំ និងមាន​ជាង ១៥ ០០០​រស​ជាតិ ដើម្បីទាក់ទាញកុមារ និងយុវជន។ 
  
 លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅក្នុងពិធីអបអរទិវាពិភពលោកគ្មានថ្នាំជក់ ឆ្នាំ២០២៤ ដែលរៀបចំនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។  រូបភាព៖ ទំព័រហ្វេសប៊ុ

បើទោះបីជារាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ បានខិតខំ​ទប់ស្កាត់ អប់រំ ផ្សព្វផ្សាយ និងបានដាក់ចេញនូវ​​ច្បាប់ស្តី​ពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទ​ដ្ឋានគតិយុត្តិនានា ដើម្បីត្រួតពិនិត្យផលិ​ត​ផល​ថ្នាំជក់ ក៏ដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏សង្កេតឃើញថា ផលិតផលថ្នាំជក់ដ៏​សម្បូរបែបនេះ កំពុងត្រូវបានប្រើប្រាស់​ដោយក្រុមយុវជនកម្ពុជា។ 
 
​លោក ឈាង រ៉ា លើកឡើងដូច្នេះ៖ «ទោះយ៉ាងណា រយៈពេល​កន្លង​មក​នេះ គេសង្កេតឃើញមានការប្រើប្រាស់​បារីអេឡិចត្រូនិចក្នុងចំណោម​យុវជន និងមានការ​ផ្សព្វ​ផ្សាយ និងលក់បារីអេឡិចត្រូនិចតាមរូបភាពផ្សេងៗ ដូចជាប្រព័ន្ធ​អនឡាញ តាមរបង​សា​លារៀន ឬទីកន្លែងណាត់ជួបមួយចំនួនទៀត ដោយប្រើប្រាស់​ខ្លឹម​សារបំភាន់ថា បារី​អេឡិចត្រូនិកជាឧបករណ៍សម្រាប់ផ្តាច់បារី និងជាផលិតផលដែលមាន​សុវត្ថិភាព​ជាងបារីធម្មតាជាដើម»។
 
ចំពោះមុខស្ថានភាពនេះលោករដ្ឋមន្ត្រី បានអំពាវនាវ ឱ្យគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងស្ថាប័ន​ពាក់​ព័ន្ធ​ទាំងអស់ រួមគ្នា​ទប់​ស្កាត់​ការ​ផ្សាយ​​ពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ និង​ចែក​ចាយ​ផលិត​ផលថ្នាំជក់ និងបារី​អេឡិច​ត្រូនិក ក៏ដូចជាហាមឃាត់ការជក់ ឬបង្ហុយផ្សែ​ង​ផលិត​ផល​ថ្នាំជក់នៅកន្លែងសាធារណៈ ដើម្បីការពារកុមារ និងយុវជនពីផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក។
​​
ទន្ទឹមនឹងនេះ លោក ឈាង រ៉ា ក៏​អំពាវនាវដល់យុវជន កុំសាកល្បងប្រើប្រាស់ផលិតផលថ្នាំជក់ ឬបារី​អេឡិចត្រូនិកនេះ ខណៈ​ក្រសួងសុខាភិបាល បាន​ខិតខំបង្កើតសេវាផ្តល់ប្រឹក្សា លះបង់​ទម្លាប់​ជក់បារី នៅតាមមណ្ឌលសុខភាព ដើម្បីបង្ការជំងឺមិនឆ្លងនៅទូទាំងប្រទេស៕

Tag:
 បារីអេឡិចត្រូនិក
  ថ្នាំជក់
© រក្សាសិទ្ធិដោយ thmeythmey.com