អន្តរជាតិ
កូរ៉េខាងត្បូង សម្លឹងប្រទេសអាហ្វ្រិក ដើម្បីទាញយកវត្ថុធាតុដើមផលិតសម្ភារអេឡិចត្រូនិច
05, Jun 2024 , 10:09 pm        
រូបភាព
លោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង នៅក្នុងវេទិកាធុរកិច្ចកូរ៉េ-អាហ្វ្រិកឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល ក្នុងថ្ងៃទី៥ ខែមិថុនា។ រូបភាព AFP
លោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង នៅក្នុងវេទិកាធុរកិច្ចកូរ៉េ-អាហ្វ្រិកឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល ក្នុងថ្ងៃទី៥ ខែមិថុនា។ រូបភាព AFP
កូរ៉េខាងត្បូង កំពុងសម្លឹងរកមើលបណ្តាប្រទេសនៅតំបន់អាហ្រ្វិក ក្នុងគោលបំណងនាំចូលរ៉ែ និងសារធាតុកម្រសម្រាប់ផលិតឧបករណ៍អេឡិចត្រូនិច និងថ្មផ្ទុកថាមពល។ ការពង្រីកប្រទេសនាំចូលវត្ថុធាតុដើមរបស់កូរ៉េខាងត្បូងបែបនេះ គឺធ្វើឡើងដើម្បីកាត់បន្ថយការទិញវត្ថុធាតុដើម ដ៏ច្រើនសន្ធឹកពីចិន។

 
សារធាតុកម្រ ជាវត្ថុធាតុដ៏សំខាន់ ដែលអាចយកទៅផលិតជាបន្ទះឈីប សម្ភារអគ្គិសនី ទូរសព្ទ និងរថយន្តជាដើម។ កូរ៉េខាងត្បូង ដែលជាប្រទេសមួយផ្តោតលើឧស្សាហកម្មអេឡិចត្រូនិច កំពុងសម្លឹករកបណ្តាប្រទេសអាហ្រ្វិក ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូលវត្ថុធាតុដើមដូចជាលីត្យូម និងសារធាតុ Graphite ពីចិន។ 
 
តាមរយៈសេចក្តីថ្លែងការណ៍រួមពីកិច្ចប្រជុំកំពូលរវាងកូរ៉េខាងត្បូង និងប្រទេសអាហ្វ្រិកនៅថ្ងៃទី៤ ខែមិថុនា មេដឹកនាំបានឯកភាពបើកវេទិកាកិច្ចសន្ទនាធាតុកម្រសំខាន់កូរ៉េខាងត្បូង និងអាហ្វ្រិក។ កូរ៉េខាងត្បូង ចាប់តាំងពីថ្ងៃទី៤ ខែមិថុនាមក បានទទួលមេដឹកនាំ និងមន្រ្តីពីបណ្តាប្រទេសអាហ្រ្វិកចំនួន ៤៨ សម្រាប់កិច្ចប្រជុំរយៈពេល ២ថ្ងៃ។ 
 
«ដោយទទួលស្គាល់កូរ៉េខាងត្បូង ដែលមានឧស្សាហកម្មឈានមុខ និងភាពចាំបាច់របស់អាហ្រ្វិកជាតំបន់មានធាតុកម្រសំខាន់ៗ យើងចាំបាច់ពង្រីកកិច្ចសហប្រតិបត្តិការផ្តល់ប្រយោជន៍ទៅវិញទៅមក និងចែករំលែកចំណេះដឹង រួមទាំងកម្រិតក្រសួង ដើម្បីអភិវឌ្ឍឧស្សាហកម្មពាក់ព័ន្ធធាតុកម្រ»។ សេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំកំពូលកូរ៉េខាងត្បូង និងអាហ្វ្រិក បានបញ្ជាក់បែបនេះ។ 
 
កន្លងមក រដ្ឋាភិបាលក្រុងសេអ៊ូល បានដាក់សារធាតុចំនួន ១០ជាធាតុកម្រសំខាន់ៗ ក្នុងនោះមានដូចជាលីត្យូម, នីកែល, សារធាតុ Cobalt, ម៉ង់ហ្គាណែហ្ស និងសារធាតុ Graphite ជាដើម។ គិតត្រឹមឆ្នាំ២០២២ កូរ៉េខាងត្បូង នាំចូលសារធាតុលីត្យូមចំនួន ៦៤ភាគរយ និងសារធាតុ Graphite ៩៤ភាគរយពីចិន។ 
 
ជាការពិត កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាហ្វ្រិក ដែលសម្បូរដោយធាតុកម្រ គឺពិតជាចាំបាច់សម្រាប់កូរ៉េខាងត្បូង ដែលត្រូវការធាតុកម្រខ្លាំង ក្នុងការពន្លឿនសេដ្ឋកិច្ច និងប្រកួតប្រជែងជាមួយប្រទេសនៅក្នុងតំបន់។ ម្យ៉ាងវិញទៀត កិច្ចសហប្រតិបត្តិការមួយនេះ នឹងជួយកូរ៉េខាងត្បូង កាត់បន្ថយការពឹងផ្អែកការនាំចូលធាតុកម្រឱ្យបានតិចជាង ៥០ភាគរយ នៅត្រឹមឆ្នាំ២០៣០ ស្របពេលបញ្ហាភូមិសាស្រ្តនយោបាយស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់។
 
នៅក្នុងពេលបច្ចុប្បន្ន ទំហំពាណិជ្ជកម្មរវាងកូរ៉េខាងត្បូង និងអាហ្រិក គឺតូចណាស់ ពោលគឺមានចំនួនតិចជាង ២ភាគរយនៃទំហំនាំចេញ និងនាំចូលរបស់កូរ៉េខាងត្បូង។ អាហ្វ្រិក ជាទ្វីបមួយដែលមានសារធាតុដូចជា នីកែល, ធាតុ Cobalt និងលីត្យូមជាដើម។ 
 
ដោយមានមើលពីតួនាទីដ៏សំខាន់របស់អាហ្វ្រិកក្នុងឧស្សាហកម្មរបស់ខ្លួន ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល បានប្រកាសផ្តល់ជំនួយ ១០ពាន់លានដុល្លារ ត្រឹមឆ្នាំ២០៣០ ទៅបណ្តាប្រទេសអាហ្វ្រិក៕

Tag:
 កូរ៉េខាងត្បូង
  អាហ្វ្រិក
© រក្សាសិទ្ធិដោយ thmeythmey.com