កីឡាអន្តរជាតិ
អន្តរជាតិ
Premier League ថានឹងមានកំហុងជាង១០០ដងក្នុង១រដូវកាល បើគ្មាន VAR
06, Jun 2024 , 8:29 pm        
រូបភាព
ក្របខណ្ឌ Premier League ចេញមុនបកស្រាយថា កំហុងឆ្គងក្នុងការប្រកួតស្តីពីការសម្រេចចិត្តរបស់អាជ្ញាកណ្តាលការប្រកួតជាង ១០០ករណី អាចនឹងកើតឡើងក្នុងមួយរដូវកាល ប្រសិនបើក្លិបនីមួយៗ បោះឆ្នោតគាំទ្រការដកប្រព័ន្ធអាជ្ញាកណ្តាលវីដេអូ (VAR) ចេញពីការប្រកួត។



នាពេលថ្មីៗនេះ Premier League បានផ្ញើរឯកសារសង្ខេបពីការប្រកួតក្នុងរដូវកាល ២០២៣-២៤ ទៅកាន់ក្លិបចំនួន ២០ មុនពេលមានកិច្ចប្រជុំជជែកអំពីលទ្ធភាពប្រើប្រាស់ VAR នាថ្ងៃទី៦ ខែមិថុនា។ Premier League ចង់ពន្យល់ពីផលប្រយោជន៍របស់ប្រព័ន្ធ VAR ទៅកាន់ក្លិបទាំង ២០ នឹងដើម្បីឱ្យប្រព័ន្ធបច្ចេកវិទ្យាមួយនេះបន្តប្រើក្នុងការប្រកួតដដែល។
 
បើតាមការលើកឡើងរបស់លោក Tony Scholes ប្រធានផ្នែកបាល់ទាត់របស់ Premier League ថ្ងៃទី៥ ខែមិថុនា ក្របខណ្ឌ Premier League បានផ្ញើរផែនការកែលម្អប្រព័ន្ធ VAR ទៅកាន់ក្លិបនីមួយៗ។ ឯសារតែបានផ្ញើរទៅកាន់ក្លិបទាំងនោះ ក៏ត្រូវបានឃើញដោយទូរទស្សន៍ BBC Sports ហើយក្នុងចំណោមផែកការកែលម្អនោះ ក៏មានចំណុចមួយនិយាយពីការលុបចោលប្រព័ន្ធ VAR តែម្តង។
 
ឯសារដដែលនោះ ក៏បានបង្ហាញថា ចំណោមផលវិបាកដែលនឹងប្រឈមជួបប្រទះខ្លាំងនោះគឺ ការកំណត់ការប្រកួតពីសំណាក់អាជ្ញាកណ្តាលលើទីលានដែលមិនត្រឹមត្រូវ នឹងមិនត្រូវបានកែប្រែបានឡើយ ប្រសិនបើគ្មានប្រព័ន្ធ VAR ក្នុងការប្រកួត។ Premier League ទទួលស្គាល់ការដក VAR ចេញ នឹងបណ្តាលឱ្យការរំខានខ្លាំង ទោះវាបន្ថយការពន្យារពេល ក្នុងការប្រកួតតិចជាងមុន ហើយកំហុសឆ្គងមានលក្ខណៈផ្លូវការកាន់តែច្រើន ប្រហែលជាង ១០០ករណីទូទាំងរដូវកាល ក៏ដូចជាមានសម្រេចចិត្តដ៏ចម្រូងចម្រាស អាចកើតឡើងក្នុងការប្រកួតសំខាន់ៗ។
 
របាយការណ៍ Premier League កាលពីរដូវកាលមុន កំហុសឆ្គងកើតមានឡើងត្រឹមតែ ៥ករណី ប៉ុណ្ណោះទៅលើប្រព័ន្ធ VAR ហើយមានចំនួន ១០៥ករណី ដែលប្រព័ន្ធ VAR បានផ្តល់ព័ត៌មានត្រឹមត្រូវទៅកាន់អាជ្ញាកណ្តាលការប្រកួត។ កាលពីរដូវកាល ២០២២-២៣ លីគបានប្រកាសថា ១១ករណី បានបង្កឡើងពីកំហុសឆ្គងរបស់ការសម្រេចចិត្តពី VAR ខណៈមានចំនួន ១០៥ករណី ដដែល ដែលជាការសម្រេចត្រឹមត្រូវ។
 
ហេតុផលផ្សេងទៀត ដែលត្រូវបានលើកឡើងដើម្បីរក្សាប្រព័ន្ធ VAR គឺថា Premier League មានការប្តេជ្ញាចិត្តតាមកិច្ចសន្យាចំពោះការចំណាយប្រតិបត្តិការសំខាន់ៗនៃប្រព័ន្ធ VAR សម្រាប់រយៈពេល ៣ឆ្នាំ ខាងមុខ។
 
យ៉ាងណា Premier League អាចនឹងក្លាយជាលីគកំពូលប្រចាំតំបន់អឺរ៉ុបមួយ ដែលនឹងអាចមិនប្រើប្រាស់ប្រព័ន្ធ VAR បន្តទៀត ប្រសិនបើការបោះឆ្នោត ស្នើឱ្យដកប្រព័ន្ធ VAR ពីសំណាក់ក្លិបទាំង ២០ ធ្វើទៅបានស​ម្រេច។ លីគក៏បានព្រមាន ទៅកាន់ក្លិបទាំងអស់ថា កម្រិតនៃផលប៉ះពាល់ដ៏ធំ ក៏នឹងកើតឡើងបើសិនជាពួកគេពិតជាចង់ដកប្រព័ន្ធ VAR ពិតមែន ខណៈក្រុមមន្ត្រីអាជ្ញាកណ្តាលអង់គ្លេស ក៏នឹងមិនអាចមានឱកាសសម្រាប់ទៅកាត់ក្តីការប្រកួតរបស់ UEFA និង FIFA ផ្សេងៗ ព្រោះតែគ្មានបទពិសោធន៍ល្អ ទាំងក្នុងទីលាន និង VAR។
 
រដូវកាល ២០២៣-២៤ ដដែល បញ្ហាប្រព័ន្ធ VAR ធ្លាប់បានកើតឡើងទៅលើក្រុម Wolverhampton Wanderers, Liverpool ជាដើម និងក្លិបមួយចំនួនផ្សេងទៀតស្ថិតក្នុងក្របខណ្ឌ Premier League ដែលបង្កឱ្យក្លិបទាំងនោះទាមទារឱ្យមានដំណោះស្រាយ និងចង់ដក VAR ចេញ។ តែយ៉ាងណាក្លិបដូចជា Manchester City, Arsenal និង Tottenham Hotspur ជាក្រុមដែលគាំទ្រ ផែកការកែលម្អ ហើយចង់ឱ្យប្រព័ន្ធ VAR ប្រើប្រាស់បន្ត៕

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com