RFI
អន្តរជាតិ
ក្រុមលោក​ដូណាល់ ត្រាំរៃអង្គាសបានលុយ​៥៣លានដុល្លារ ក្រោយលោកដូណាល់​ត្រាំ ត្រូវតុលាការរកឃើញថាមានទោស
06, Jun 2024 , 9:59 pm        
រូបភាព
ក្រុមលោក​ដូណាល់ ត្រាំរៃអង្គាសបានលុយ​៥៣លានដុល្លារ ក្រោយលោកដូណាល់​ត្រាំ ត្រូវតុលាការរកឃើញថាមានទោស AP - Spencer Platt
ក្រុមលោក​ដូណាល់ ត្រាំរៃអង្គាសបានលុយ​៥៣លានដុល្លារ ក្រោយលោកដូណាល់​ត្រាំ ត្រូវតុលាការរកឃើញថាមានទោស AP - Spencer Platt
ដោយ៖ឈាង បុប្ផា/RFI ខេមរភាសា
 
មួយសប្តាយ៍ ក្រោយពី​អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ​ត្រូវ​តុលាការ​រកឃើញថា ពិតមានកំហុសតាម​បទចោទប្រកាន់​ព្រហ្មទណ្ឌ​ក្នុងសំណុំរឿង​ប្រើលុយសូក បិទមាត់​តារាភាពយន្ត​អាសអាភាស ក្រុមយុទ្ធនាការ​ឃោសនា​របស់​លោក​បានអះអាងថា លោកដូណាល់ ត្រាំ​រៃអង្គាស​បាន​លុយប្រមាណ​៥៣​លាន​ដុល្លារ ក្នុងរយៈពេល​តែ​១ថ្ងៃ។ ចាប់តាំងពីត្រូវ​តុលាការ​ក្រុងញូវយ៉ក​បើកការជំនុំជម្រះ និង​សម្រេចថា ពិតជាមានទោសដូចការចោទប្រកាន់ លោកដូណាល់ ត្រាំ​បាន​ប្រកូកប្រកាស​ឲ្យ​ក្រុមគាំទ្រ​របស់លោក​បរិច្ចាគលុយ ពី​២០ ទៅ​៣០០០ដុល្លារ ដើម្បីជួយ​ឲ្យលោកអាចធ្វើ​យុទ្ធនាការឃោសនា​បោះឆ្នោត​​ ផ្តួល​លោក​ចូ បៃដិន។

 
អតីតប្រធានាធិបតី និងជាមហាសេដ្ឋីអចលនទ្រព្យ លោកដូណាល់ ត្រាំ​មិនចោលទម្លាប់​ យកសំណុំរឿងក្តីក្តាំរបស់លោកនៅតុលាការ​ទៅពង្វក់ អូសទាញអ្នកគាំទ្រ​រប​ស់លោក​ឲ្យ​បរិច្ចាគលុយដើម្បីយុទ្ធនាការឃោសនា​បោះឆ្នោតរបស់លោក។
 
ជាក់ស្តែង បន្ទាប់ពី តុលាការ​ក្រុងញូវយ៉កសម្រេចកាលពីថ្ងៃព្រហស្បតិ៍ ទី​៣០ឧសភា​ ​ថា លោកដូណាល់ ត្រាំ​ពិតជាមានទោសព្រហ្មទណ្ឌ​ក្នុងរឿងយកលុយឃោសនា​ឆ្នោតទៅសូកបិទមាត់តារាភាពយន្តអាសអាភៀស ​ក្រុមឃោសនា​បោះឆ្នោត​របស់​លោកដូណាល់ ត្រាំ​និយាយ​ថា នៅក្នុងរយៈពេល​តែមួយថ្ងៃ ឬ២៤ម៉ោង​ប៉ុណ្ណោះ​ អតីតប្រធានាធិបតី ដែលឈរឈ្មោះជា​បេក្ខជន​គូប្រជែង​នឹង​លោកចូ បៃដិន បានទទួលលុយពីអ្នកគាំទ្រ​របស់​លោក៥៣លានដុល្លារ តាមរយៈ​ការរៃអង្គាសតាមប្រព័ន្ធអនឡាញ។
 
តាំងពីថ្ងៃ​ដែលតុលាការ​ក្រុងញូវយ៉ក​ប្រកាស​ថា លោកដូណាល់ ត្រាំពិតជាមានកំហុសនៅ​ក្នុង​បទចោទប្រកាន់ព្រហ្មទណ្ឌទាំង​៣៤ អ្នកគាំទ្រ​របស់​លោកដូណាល់​ ត្រាំ​បាន​ទទួល​ជាបន្តបន្ទាប់ សារអ៊ីម៉ែល សំបុត្រ​ដែលនៅក្នុងនោះ លោកដូណាល់ ត្រាំ​បាន​អំពាវនាវ​ឲ្យ​ជនរួមជាតិគាំទ្រលោក ដើម្បីផ្តួល​លោកចូ បៃដិន។ លោកចូ បៃដិន​ដែលលោកដូណាល់ ត្រាំ​ចោទថា បានប្រើតុលាការអាមេរិកជា​ឧបករណ៍ រារាំងមិនឲ្យលោកអាច​ឈរឈ្មោះ​នៅក្នុងការបោះឆ្នោតប្រធានាធិបតី​នៅចុងឆ្នាំនេះ។ នៅក្នុងសារអ៊ីមែលផ្ញើទៅកាន់អ្នកគាំទ្រ លោកដូណាល់ ត្រាំ ដែលអះអាងថា ខ្លួនលោកជា​អ្នកទោស​នយោបាយ បាន​រិះគន់ បក្សប្រជាធិបតេយ្យ​ថា ចង់​ឲ្យ​លោកជាប់ពន្ធនាគារ ១៨៧ឆ្នាំ។ នៅក្នុងសារអ៊ីមែល ដែលមានរូបថតរបស់លោក ក្តាប់ដៃលើកឡើងលើ លោកដូណាល់ ត្រាំ ប្រាប់អ្នកគាំទ្រ​របស់ឲ្យជួយលោក តាមរយៈការបង់វិភាគទាន ២០ដុល្លារ ៤៧ដុល្លារ ១០០ ឬ​ដល់​៣៣០០ដុល្លារ។
 
លុយដែលបានមកពីការរៃអង្គាស​នឹងត្រូវប្រើសម្រាប់ការផ្លាស់ទីរបស់​បេក្ខជន ដូចជា​លោកដូណាល់ ត្រាំ ការចាយវាយលើ​បុគ្គលិក​របស់ក្រុមឃោសនា ការចំណាយ​លើ​ការស្ទង់មតិ ឬ​ការផ្សាយពាណិជ្ជកម្ម​តាមទូរទស្សន៍។
 
យុទ្ធសាស្រ្តបញ្ចុះបញ្ចូល​របស់​ក្រុមឃោសនាលោកដូណាល់ ត្រាំ​មាន​ប្រសិទ្ធិភាព​ក្នុងចំណោមអ្នកគាំទ្រដែលជឿថា លោកដូណាល់ ត្រាំជាជនរងគ្រោះ​នៅក្នុង​ការតាមប្រមាញ់របស់​ក្រុមមេធ្មប់។
អ្នកគាំទ្រ​មួយចំនួនដែលមិនសូវមានជីវភាពធូរធា​សុខចិត្ត​បេះពីមាត់ពី ក​ដើម្បី​យកលុយទៅ​ឲ្យលោកដូណាល់ ត្រាំ​ធ្វើឃោសនា​បោះឆ្នោត។ គំនិតរបស់ពួកគេ គឺ​ចង់​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​របស់លោកចូ បៃដិនចាញ់ឆ្នោត លែងមានឱកាស​មកនិយាយ​កុហក ប្រើសំណាញ់ច្បាប់ធ្វើបាបមេដឹកនាំរបស់ពួកគេ គឺលោកដូណាល់ ត្រាំ។
 
នៅក្នុងរឿងបោះឆ្នោតអាមេរិក លុយមិនមែនជា​រឿង​ដែលគេនិយាយ​លួចលាក់នោះទេ។ ផ្ទុយទៅវិញ វា​បញ្ជាក់ពី​មោទនភាពរបស់​ក្រុមអ្នកនយោបាយដែលមានសមត្ថភាពអូសទាញ​ឲ្យគេ​រៃអង្គាសប្រាក់ដើម្បីការឃោសនា​របស់​គណបក្ស។ នៅប៉ុន្មានខែមកនេះ ទាំងលោកចូ បៃដិន និងលោកដូណាល់ ត្រាំ​បានផ្តើម​យុទ្ធនាការស្វែងរកថវិការៀងៗខ្លួន ដោយមិនបង្អង់ដៃ។ ចំនួន​ប្រាក់​ដែលគេរៃអង្គាសបានពីអ្នកគាំទ្រ ពីគ្រប់ប្រភព អាច​ឲ្យ​គេ​វាស់ស្ទង់បាន​ពី​ថាមពល​ ការជឿជាក់របស់​អ្នកគាំទ្រ​ទៅលើបេក្ខជន​របស់ពួកគេ។ គេវាយតម្លៃថា ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤​ នឹងមាន​ការចាយប្រាក់​សន្ធឹកសន្ធាប់ ច្រើនជាងគេបំផុតនៅក្នុងប្រវត្តិអាមេរិក៕

© រក្សាសិទ្ធិដោយ thmeythmey.com