ជាតិ
ក្លិបអ្នកកាសែតកម្ពុជា ចាប់ដៃជាមួយសមាគមអ្នកសារព័ត៌មាន​ទូទាំងប្រទេស​ចិន
07, Jun 2024 , 3:09 pm        
រូបភាព
ប្រទេសចិន៖ ក្លិបអ្នកកាសែតកម្ពុជា បានចាប់ដៃជាមួយសមាគមអ្នកសារព័ត៌មាន នៃ​ប្រ​ទេសមហាយក្សមួយទៀតហើយ នៅថ្ងៃសុក្រ ទី៧ ខែមិថុនានេះ បន្ទាប់ពីក្លិបអ្នកកា​សែត​កម្ពុជា បានចាប់ដៃគូជាមួយសមាគមអ្នកសារព័ត៌មានបរទេស ជាបន្តបន្ទាប់​នៅក្នុងតំបន់​អាស៊ាន។

 
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ត្រូវបានអញ្ជើញទៅប្រទេសចិន ដើម្បីជួប ពិភាក្សាការងារលើកទីមួយជាមួយ លោកស្រី អ៊ូ សៀ សមាជិកក្រុមបក្សកុម្មុយនីស្តចិន​ និង ជាលេខាធិការ នៃលេខាធិការដ្ឋានសមាគមអ្នកសារព័ត៌មានទូទាំងប្រទេសចិន ក្នុងគោល បំណង ដើម្បីភ្ជាប់ទំនាក់ទំនងរវាងសមាគមនៃប្រទេសទាំងពីរ។ 
 
នៅក្នុងជំនួប នៅព្រឹកថ្ងៃទី៧ ខែមិថុនា នៅទីក្រុងគុនមីង ខេត្តយូណាន នៃប្រទេសចិន លោកស្រី អ៊ូ សៀ បានថ្លែងថា សមាគមអ្នកសារព័ត៌មានទូទាំងប្រទេសចិន ធ្វើការជាមួយ អ្នកសារព័ត៌មាន ១លាន២សែននាក់ នៅប្រទេសចិន រីករាយ​នឹងភ្ជាប់ទំនាក់ទំនងជាមួយ ក្លិបអ្នកកាសែតកម្ពុជា​ ដើម្បីធ្វើការរួមគ្នាលើវិស័យសារព័ត៌មាន។ 
 


លោក ពុយ គា បានជម្រាបជូនភាគីចិនថា ក្លិបអ្នកកាសែតកម្ពុជា មានបំណងធ្វើការជាមួយ អ្នកសារព័ត៌មានចិន តាមរយៈសមាគមអ្នកសារព័ត៌មានទូទាំងប្រទេសចិន ដើម្បីផ្សព្វផ្សាយ ព័ត៌មានល្អៗ ដែលអាចជួយជំរុញដល់កំណើនទេសចរណ៍ និងទុនវិនិយោគនៅកម្ពុជា ជួយ ទប់ស្តាត់ និងកាត់បន្ថយព័ត៌មាន ដែលនាំឱ្យមានការភាន់ច្រឡំ ក៏ដូចជាខ្សែភាពយន្ត "No More Bets" ដែលបានចាក់បញ្ចាំងកន្លងមក។ 
 
ភ្លាមៗនោះ លោកស្រី បានជម្រាប លោក ពុយ គា ថា លោកស្រីនឹងដឹកនាំប្រតិភូអ្នក សារព័ត៌មាន ទូទាំងប្រទេសចិនទៅកាន់កម្ពុជា នៅពេលឆាប់ៗខាងមុខនេះ ដើម្បីចុះ ហត្ថលេខា ភ្ជាប់ទំនាក់ទំនងជាផ្លូវការ ជាមួយក្លិបអ្នកកាសែតកម្ពុជាតែម្តង។ 
 
ក្លិបអ្នកកាសែតកម្ពុជា មានសមាជិកជាង ៦០០នាក់ មកពីជិត ២០០ស្ថាប័ន បានក្លាយ​ជា​សមាជិកសហព័ន្ធអ្នកសារព័ត៌មានអាស៊ាន នៅឆ្នាំ២០១៨ ដែលជាសហព័ន្ធសារព័ត៌មាន អាស៊ានតែមួយគត់ នៅក្នុងតំបន់៕





© រក្សាសិទ្ធិដោយ thmeythmey.com