អន្តរជាតិ
ប្រធានាធិបតី Palau ​រំពឹង​ថា​ចិន​នឹង​ព្យាយាម​ជ្រៀតជ្រែក​នៅក្នុង​ការ​បោះឆ្នោត
08, Jun 2024 , 9:39 pm        
រូបភាព
ប្រធានាធិបតីប្រទេស Palau លោក Surangel Whipps Jr. ថ្លែង​នៅ​ក្នុង​សន្និសីទសារព័ត៌មានមួយ នៅ​ទីក្រុងតូក្យូ កាលពីថ្ងៃទី៥ ខែមិថុនា
ប្រធានាធិបតីប្រទេស Palau លោក Surangel Whipps Jr. ថ្លែង​នៅ​ក្នុង​សន្និសីទសារព័ត៌មានមួយ នៅ​ទីក្រុងតូក្យូ កាលពីថ្ងៃទី៥ ខែមិថុនា
ដោយ: VOA
ប្រធានាធិបតី​ប្រទេស​ Palau ដែល​ជា​ប្រទេស​ជា​កោះ​មួយ​នៅ​តំបន់​ប៉ាស៊ីហ្វិក​រំពឹង​ថា ចិន​នឹង​ព្យាយាម​ជ្រៀតជ្រែក​នៅ​ក្នុង​ការបោះឆ្នោត​ជាតិ​នៅ​ចុង​ឆ្នាំ​នេះ ទាក់ទិន​នឹង​ការទទួល​ស្គាល់របស់​ខ្លួន​ដល់​កោះ​តៃវ៉ាន់។ នេះ​បើ​តាម​លោក​ប្រធានាធិបតី Surangel Whipps Jr. ដែល​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។



លោក Whipps បាន​និយាយ​ថា​ ការគាំទ្រ​នៃ​ការទទួលស្គាល់​របស់​ប្រទេស Palau ថា កោះតៃវ៉ាន់​ជា​រដ្ឋ​អធិបតេយ្យ​មួយ​ធ្វើឱ្យ​ខ្ញុំ​ជា ​«សត្រូវ‍» នៅ​ក្នុង​ក្រសែភ្នែក​របស់ចិន ដោយ​លោក​បាន​និយាយ​បន្ថែម​ទៀត​ថា ​ចិន​«ប្រហែល​ជា​ចង់​ដក​ខ្ញុំ​ចេញ​ពី​តំណែង ហើយ​ដាក់​នរណា​ម្នាក់​ផ្សេង​ទៀត​ដែល​មាន​គោលនយោបាយ​គាំទ្រ​ចិន»។
 
ក្នុង​ពេល​និយាយ​ទៅ​កាន់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្នុង​អំឡុងពេល​នៃដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​តូក្យូ ​នៅ​មួយខែ​មុន​ពេល​ដែល​ប្រទេស​ជប៉ុន​ធ្វើជា​ម្ចាស់ផ្ទះកិច្ចប្រជុំ​នៃ​មេដឹកនាំ​ប្រទេស​ជា​កោះ​នៅ​តំបន់​ប៉ាស៊ីហ្វិក លោក Whipps បាន​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា នៅក្នុង​ការបោះឆ្នោត​នីមួយៗ​ចិន​តែងតែ​មាន​ការពាក់ព័ន្ធ‍»។
 
Palau គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស១២ដែល​នៅតែ​ទទួលស្គាល់​កោះតៃវ៉ាន់ បន្ទាប់ពី​ប្រទេស Nauru ដែល​ស្ថិត​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​ដែល​បាន​បង្កើត​ទំនាក់ទំនង​ឡើងវិញ​ជាមួយ​ប្រទេស​ចិន នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​កោះ​តៃវ៉ាន់​បាន​រៀបចំ​ការបោះឆ្នោតជ្រើសរើស​ប្រធានាធិបតី​ កាលពី​ខែមករា​កន្លង​ទៅ​នេះ។
 
រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ប្រជែងគ្នា​ដណ្តើម​ឥទ្ធិពល​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក ខណៈ​ដែល​ចិន​បង្កើន​វត្តមាន​យោធា​របស់ខ្លួន​នៅក្នុង​តំបន់។
 
ក្នុង​ការស្វះស្វែង​បង្កើន​សមត្ថភាព​នៅក្នុង​តំបន់ សហរដ្ឋ​អាមេរិក​បាន​ចាប់ផ្តើម​បំពាក់​ប្រព័ន្ធ​រ៉ាដា​មើល​ឃើញ​ឆ្ងាយ OTH ហើយ​បាន​ពិភាក្សា​អំពី​ការដាក់​ពង្រាយ​ជា​អចិន្រ្តយ៍ពី​ប្រព័ន្ធ​ការពារ​មីស៊ីល Patriot របស់​សហរដ្ឋ​អាមេរិក ​នៅ​ក្នុង​ប្រទេស​ Palau។
 
លោក Whipps មិន​បានលម្អិត​អំពី​សក្តានុពល​នៃ​ប្រព័ន្ធ​ការពារ​មីស៊ីល Patriot ថា៖ «សហរដ្ឋ​អាមេរិក​បាន​និយាយ​ហើយ​ថា យើង​គិត​ថា ការគំរាម​កំហែង​មិនទាន់​កើត​មាន​នៅ​ឡើយ​ទេ ប្រសិនបើ​មាន​ការគំរាម​កំហែង ប្រាកដ​ណាស់ ពួកគេ​ទទួល​ខុសត្រូវ​ចំពោះ​សុវត្ថិភាព​របស់​យើង។ ពួកគេ​នឹង​ដាក់​ពង្រាយ​អាគុយ​សម្រាប់​ប្រព័ន្ធ​ការពារ​មីស៊ីល Patriot ទាំងនោះ‍»។
 
លោក Whipps ក៏​បាន​បញ្ជាក់​ផងដែរ​ថា រដ្ឋាភិបាល​របស់​ប្រទេស Palau ​បាន​ទទួល​រង​ការវាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណេត​កាលពី​ខែមីនា ដោយ​លោក​បាន​ស្តីបន្ទោស​ចិន​ចំពោះ​ឧប្បត្តិហេតុ​ដែល​គេ​បាន​ឃើញ​ឯកសារ​ចំនួន ២០.០០០ ត្រូវ​បាន​លួច​និង​លេចធ្លាយ​នៅ​លើ​បណ្តាញ​ងងឹត។
 
តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​ជប៉ុន​បាន​ឱ្យ​ដឹង​ថា លោក Whipps បាន​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida កាលពី​ថ្ងៃទី ៤ ខែមិថុនា ដែល​មេដឹកនាំ​ទាំងពីរ​បាន​បញ្ជាក់​ពី​ការធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​សន្តិសុខ​ដែន​សមុទ្ររវាង​ប្រទេស​ទាំងពីរ​កាន់តែ​ស៊ីជម្រៅ៕
 
ប្រែសម្រួល​ដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

© រក្សាសិទ្ធិដោយ thmeythmey.com