RFI
អន្តរជាតិ
ចិនកំពុងអូសជើងចង់ចំណេញខ្លាំង​ លើ​គម្រោងបំពង់បង្ហូរឧស្ម័ន​ “Power of Siberia 2” របស់រុស្ស៊ី
09, Jun 2024 , 9:39 pm        
រូបភាព
លោកពូទីន កំពុងស្តាប់​លោក Alexei Miller អគ្គនាយកក្រុមហ៊ុនឧស្ម័នជាតិរុស្ស៊ី Gazprom នៅទីស្នាក់ការធំរបស់ Gazprom ទីក្រុងសាំងប៉េតេស្តបួរ ថ្ងៃទី៥ មិថុនា ២០២៤ AP - Pavel Bednyakov
លោកពូទីន កំពុងស្តាប់​លោក Alexei Miller អគ្គនាយកក្រុមហ៊ុនឧស្ម័នជាតិរុស្ស៊ី Gazprom នៅទីស្នាក់ការធំរបស់ Gazprom ទីក្រុងសាំងប៉េតេស្តបួរ ថ្ងៃទី៥ មិថុនា ២០២៤ AP - Pavel Bednyakov
ដោយ៖ម៉ម ពិសី/ RFI ខេមរភាសា

ចិននិងរុស្ស៊ីមានគម្រោងសាងសង់ បណ្តាញ​​​បំពង់បង្ហូរឧស្ម័ន​ដ៏វែងមួយ ឈ្មោះថា Power of Siberia 2 ដែលតភ្ជាប់ពី​តំបន់ស៊ីបេរី ឆ្ពោះទៅកាន់ខេត្តស៊ីនជាំងរបស់ចិន​។ ស្របពេល​ដែល​ប្រទេសអឺរ៉ុបបានឈប់ទិញឧស្ម័នរុស្ស៊ី គម្រោងដ៏ធំមហាសាលនេះ នឹងអនុញ្ញាតឲ្យរុស្ស៊ី អាចទទួល​បាននូវ​​​ប្រភពចំណូលដ៏ច្រើនសន្ធឹក​។ តែយ៉ាងណា គម្រោង​ដ៏ធំនេះហាក់នៅឆ្ងាយ​សន្លឹម​ មិនដូចការសង្ឃឹមរបស់រុស្ស៊ីទេ ព្រោះភាគីចិនដែលមានប្រៀប ​កំពុងតែអូសជើង និង​ដាក់លក្ខខណ្ឌកេង​ចំណេញ​ខ្លាំងបំផុត​។



ក្រុម​ហ៊ុនGazprom ដែលជាក្រុមហ៊ុនឧស្ម័នជាតិរបស់រុស្ស៊ី មានគម្រោងជាមួយចិន សាងសង់​បណ្តាញបំពង់បង្ហូរឧស្ម័ន ឈ្មោះថា Power of Siberia 2 តភ្ជាប់ពី​តំបន់ស៊ីបេរី ឆ្ពោះទៅខេត្ត​ស៊ីនជាំង​​។ Power of Siberia 2 មានប្រវែងសរុប៦០០០គីឡូម៉ែត្រ ពោលគឺ​វែងលើស​​បណ្តាញ​បំពង់ Power of Siberia 1 ដែលសាងសង់រួចកាលពី​​៥ឆ្នាំមុន ដល់ទៅ​៣ដង។​ នៅពេលសាងសង់រួច បំពង់បង្ហូរឧស្ម័ន​ Power of Siberia 2 នឹងមានសមត្ថភាព​​នាំឧស្ម័ន​លក់ទៅ​ឲ្យ​ចិន ក្នុងទំហំ៥ម៉ឺនលានម៉ែត្រគូបក្នុងមួយឆ្នាំ។
 
គួរបញ្ជាក់ថា គម្រោងនេះជាក្តីសង្ឃឹមធំណាស់ សម្រាប់រុស្ស៊ី ដែលកំពុងតែត្រូវការប្រាក់ជាខ្លាំង​ ក្នុងអំឡុងពេលនេះ​។ ក្រុមហ៊ុន​Gazprom ជាប្រភពចំណូល​មួយដ៏សំខាន់របស់រដ្ឋរុស្ស៊ី ក៏ប៉ុន្តែ​ប្រមាណ​១ឆ្នាំមកនេះ ក្រុមហ៊ុន​Gazprom ហាក់កំពុងឆ្លងកាត់ការលំបាកខ្លាំងណាស់ផ្នែកហិរញ្ញវត្ថុ នេះ​បើ​ផ្អែកតាម​កាសែត Financial Times ដែល​បាន​ពិនិត្យ​ របាយការណ៍​មួយរបស់ Gazprom។ តួលេខបូកសរុប​ឆ្នាំ​​២០២៣ បង្ហាញថាក្រុមហ៊ុនGazprom ខាត​ប្រាក់ចំនួន​ដល់ទៅ ៦៩០០លានដុល្លារ​។ វិបត្តិ​ខ្វះចំណូល ដោយសារតែបណ្តាប្រទេសអឺរ៉ុប បាននាំគ្នាឈប់ទិញឧស្ម័នរបស់រុស្ស៊ី បន្ទាប់ពី​រុស្ស៊ីបានលើកទ័ពចូលឈ្លានពានអ៊ុយក្រែន​។
 
ប្រឈមនឹងបញ្ហានេះ រុស្ស៊ីត្រូវតែរកមធ្យោបាយ រកអតិថិជនថ្មីដែលអាចទិញឧស្ម័នរបស់រុស្ស៊ីក្នុងទំហំធំ ឲ្យ​បានឆាប់បំផុត។ ដោយ​ផ្អែកលើកត្តាចំនួន​ប្រជាជន និង​កត្តាភូមិសាស្ត្រ គឺអតិថិជនថ្មីនេះ គ្មាននរណា​ល្អជាងចិនទេ សម្រាប់រុស្ស៊ី​។ ហេតុដូច្នេះហើយ បានជារុស្ស៊ី​បានប្រឹងប្រែង​ជំរុញឲ្យ​ចិន​​ចុះហត្ថលេខា កសាងបំពង់បង្ហូរឧស្ម័ន Power of Siberia 2 ជាមួយខ្លួន។
ថ្វីបើភាគីរុស្ស៊ី ធ្លាប់អួតថា​ ការដ្ឋានសាងសង់អាចនឹងចាប់ផ្តើមនៅក្នុងឆ្នាំ​២០២៤នេះ តែធាតុពិត​ជាក់ស្តែង អ្នកសង្កេតការណ៍ជាច្រើនបានលើកឡើងថា គ្មានសង្ឃឹមទេ។ ចិនដឹងថាខ្លួនមានប្រៀប កំពុងតែប្រើយុទ្ធសាស្ត្រអូសបន្លាយ​ពេលវេលា​។ លោក Thierry Bros អ្នកជំនាញ​វិស័យថាមពល​ដែល​តាមដានគម្រោងនេះ បាន​លើកឡើងថា ចិនអាចត្រូវការ​ឧស្ម័ន​បន្ថែមពីរុស្ស៊ី ខ្ទង់ប្រហែលជាឆ្នាំ​២០៣៥ឯណោះ ព្រោះថា​​បច្ចុប្បន្ននេះ ចិនមិនខ្វះ​​អ្នកផ្គត់ផ្គង់ឲ្យទេ។ ម្លោះហើយ ចិន​ប្រើវិធី​ ធ្វើ​ឲ្យអ្នកផ្គត់ផ្គង់ឲ្យខ្លួន​ ប្រកួតប្រជែងគ្នា​។ ជាក់ស្តែង​ចិនទើបតែចុះកិច្ចសន្យាទិញឧស្ម័ន​​របស់អ៊ីរ៉ាក់ ធ្វើឲ្យរុស្ស៊ីកាន់តែ​ចាញ់ប្រៀប។
 
បន្ថែមពីនេះ ភាគីចិនបានដាក់លក្ខខណ្ឌច្រើនខ្លាំងណាស់ ទៅលើភាគីរុស្ស៊ី​។ ប្រើប្រៀបធៀបទៅតម្លៃ ដែលរុស្ស៊ីធ្លាប់​លក់ឲ្យ​ប្រទេសអឺរ៉ុប គឺរុស្ស៊ីលក់ឲ្យ​ចិនថោក​ជាងរួចទៅហើយរាល់ថ្ងៃនេះ។ តែ​ចាប់ពីពេលនេះទៅ ចិនបាន​ទាមទារថា រុស្ស៊ីត្រូវតែលក់ឧស្ម័ន​ឲ្យខ្លួន ​ក្នុង​តម្លៃមួយ​ស្មើនឹងតម្លៃលក់ទៅឲ្យ​ប្រជាជនរុស្ស៊ីក្នុងស្រុក។ ជាងនេះទៀត ចិនបានទាមទារថា ក្រុមហ៊ុន​ Gazprom ត្រូវជាអ្នកចំណាយថ្លៃសាងសង់ បណ្តាញបំពង់បង្ហូរ​ Power of Siberia 2 ទាំងស្រុង​។​ បើតាមសម្តី​លោក Thierry Bros មានន័យថា ក្រុមហ៊ុន Gazprom ច្បាស់ជាត្រូវខាតដើមហើយ​គ្រានេះ​។
 
ពាក្យ​ថា “មិត្តភាពគ្មានទីបំផុតរវាងចិននិងរុស្ស៊ី” ដែល​លោកស៊ី ជីនពីងបានប្រកាស​នោះ បែបពិបាកលេបបន្តិចហើយ សម្រាប់លោកពូទីន​។ យ៉ាងណាក៏ដោយ ជម្រើសមានតិចណាស់ សម្រាប់ភាគីរុស្ស៊ី។ រដ្ឋរុស្ស៊ីមានហ៊ុនពាក់កណ្តាលក្នុង ក្រុមហ៊ុន Gazprom ដូច្នេះរុស្ស៊ីមិន​អាចបណ្តោយ​ឲ្យក្រុមហ៊ុននេះរលំបានទេ​។ ជាងនេះទៀត វិស័យ​នាំចេញឧស្ម័នគឺជាប្រភពការងារ​ដ៏សំខាន់ សម្រាប់ប្រជាជនរុស្ស៊ីនៅតាមតំបន់ដាច់ស្រយ៉ាលដែលមិនសូវមានសកម្មភាពសេដ្ឋកិច្ច​។ បើអត់ការងារធ្វើ កំហឹងប្រជាជនរុស្ស៊ីទល់​នឹងការដឹកនាំរបស់លោកពូទីនក៏នឹងកាន់តែមានខ្លាំង​។
 
កាលពីថ្ងៃចន្ទ ទី​៣មិថុនា នៅពេលអ្នកកាសែតចោទសួរអំពី​ការវិវឌ្ឍន៍​នៃ​​គម្រោង Power of Siberia 2 លោក Dmitri Peskov អ្នកនាំពាក្យ​វិមានក្រេមឡាំង បានឆ្លើយឲ្យតែផុតពីមាត់ ថា​កុំភ័យគម្រោងនេះ ចិននឹងរុស្ស៊ី​ប្រាកដជា​ត្រូវរ៉ូវគ្នាមិនខានទេ​។ ជាការកត់សំគាល់ជាក់ស្តែង គឺភាគីរុស្ស៊ី​ដឹងខ្លួនថា គម្រោងនេះមិនអាចចេញរួចឆាប់ៗ​នេះទេ ដោយសារតែចិន​វាយឫក។

យ៉ាងណាមិញ ពេល​លោក​ពូទីនធ្វើដំណើរទៅ​ប៉េកាំង កាលពីខែឧសភាថ្មីៗនេះ លោក​ Alexei Miller អគ្គនាយកGazprom មិនទាំងទៅជាមួយផង​។​ មានន័យថា រុស្ស៊ីគ្មានសង្ឃឹមថាអាច​មាន​ កិច្ច​ព្រមព្រៀង​ចុងក្រោយអនុម័ត​​គម្រោងនេះទេ។ តែលោក Thierry Bros បានពន្យល់ថា ទោះជាយ៉ាងណា ចិនក៏​មិនចង់ឲ្យ​របបរបស់​លោកពូទីន​រង្គោះរង្គោះដែរ។ ដូច្នេះនៅដំណាក់កាលចុងក្រោយណាមួយ​ របប​​របស់​លោក​​ពូទីន ស្លន់ស្លោ​​​​​រញីរញ័រ ជួប​ការ​លំបាក​ខ្លាំង នោះចិន​នឹង​អាចឆ្លើយថាព្រម លើគម្រោង​ Power of Siberia 2៕

© រក្សាសិទ្ធិដោយ thmeythmey.com