ជាតិ
អ្នកជំនាញជួសជុល​ខឿនជណ្ដើរ និងបង្កាន់ដៃនាគនៅអង្គរវត្ត ដែលរងការខូចខាត
10, Jun 2024 , 6:59 pm        
រូបភាព
ការជួសជុលជណ្ដើរខាងត្បូងប្រាសាទអង្គរវត្ត។ រូបភាពពីអាជ្ញាធរជាតិអប្សរា៕
ការជួសជុលជណ្ដើរខាងត្បូងប្រាសាទអង្គរវត្ត។ រូបភាពពីអាជ្ញាធរជាតិអប្សរា៕
ដោយ៖ អោត រត់

សៀមរាប៖ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលខឿនជណ្ដើរ និងបង្កាន់ដៃនាគជាន់ផ្ទាល់ដីផ្នែកខាងលិច នៃជណ្ដើរខាងត្បូងប្រាសាទអង្គរវត្តបន្ទាប់ពីរងការខូចខាតអស់ជាច្រើនឆ្នាំរួចមក។ ការជួសជុលជាកិច្ចការអភិរក្សសំខាន់មួយដើម្បីធ្វើឱ្យទីតាំងនេះឈររឹងមាំ និងមានសោភ័ណភាពឡើងវិញម្ដងទៀត។


 
ការជួសផ្នែកខាងលិច នៃជណ្ដើរខាងត្បូងប្រាសាទអង្គរវត្តនេះ បន្ទាប់ពីអ្នកជំនាញបានបញ្ចប់ផ្នែកកើតរួចរាល់ កាលពីចុងឆ្នាំ២០២៣។ បើតាមអ្នកជំនាញ បង្កាន់ដៃនាគ និងជើងទម្រថ្មភក់ប្រវែង២២ម៉ែត្រ នៅចំណុចជួសជុលនេះ រងការខូចខាតដោយសារកត្តាអាយុកាល ទឹកភ្លៀងហូរច្រោះ។ ការណ៍នេះ បណ្ដាលឱ្យថ្មខឿនញែកចេញពីគ្នា និងធ្វើឱ្យទ្រេតខ្លាំងប្រឈមនឹងការដួលរលំ។
  
ការជួសជុលជណ្ដើរខាងត្បូងប្រាសាទអង្គរវត្ត។ រូបភាពពីអាជ្ញាធរជាតិអប្សរា៕ 

អាជ្ញាធរជាតិអប្សរា បានស្រង់សម្ដីលោក លោក សយ សុភារិន្ទ បុរាណវិទូ និងជាភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្តថា ក្រុមការងារត្រូវលើកបង្កាន់ដៃ និងក្បាលនាគ រុះរើផ្ទាំងថ្ម ដែលជាខឿននៃបង្កាន់ដៃនាគចេញ រួចសម្អាតកម្ទេចដីសិន ដើម្បីដំណើរការជួសជុល។ 
 
ប្រភពខាងលើសរសេរទៀតថា បន្ទាប់មកក្រុមការងារត្រូវរៀបចំពង្រឹងគ្រឹះ ដោយបន្ថែមល្បាយដី រៀបថ្មឱ្យអិបចូលគ្នា ហើយជួសជុលខ្លួននាគ ឬឆ្លាក់ថ្មថ្មីជំនួសវិញ ព្រមទាំងជួសជុលជើងទម្រនាគ ឱ្យមានភាពរឹងមាំសិន ទើបរៀបចំដាក់បញ្ចូលតាមកន្លែងដើមវិញ៕ 

លោក សយ សុភារិន្ទ បុរាណវិទូ និងជាភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត។ រូបភាព អាជ្ញាធរជាតិអប្សរា៕

Tag:
 Thmey Thmey
  ប្រាសាទអង្គរវត្ដ
  អាជ្ញាធរជាតិអប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com