ជាតិ
លោក សុខ សូកេន ចង់អភិវឌ្ឍន៍តំបន់ទេសចរណ៍​ភ្នំគូលែនឱ្យ​កាន់​តែ​ទាក់​ទាញ
10, Jun 2024 , 7:59 pm        
រូបភាព
សៀមរាប៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មានបំណង​អភិវឌ្ឍន៍ និង​កែ​លម្អ​ភ្នំគូលែន ឱ្យក្លាយជាតំបន់ទេសចរណ៍​ធម្មជាតិ​កាន់តែ​មានសោភ័ណភាពទាក់ទាញ ស្របនឹងគោលនយោបាយទស្សនាសៀមរាបឆ្នាំ២០២៤។

 
បំណងនេះ​ស្តែងឡើងតាម​រយៈទស្សនកិច្ចរបស់លោក សុខ សូកេន និងមន្ត្រីពាក់ព័ន្ធ ទៅកាន់ទីតាំងសំខាន់​ៗដូចជា មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខអាន ភ្នំ​គូលែន, តំបន់​ទឹកជ្រោះ ទីតាំង​ព្រះអង្គធំ និងទីតាំងលិង្គមួយពាន់ ​នៅ​តំបន់ឧទ្យាន​ជាតិ​ព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន​ នៅព្រឹកថ្ងៃទី១០ ខែមិថុនានេះ។
 
លោក សុខ សូកេន ​បានបញ្ជាក់ថា គោលបំណងសំខាន់នៃទស្សនកិច្ចរបស់ខ្លួន​នៅលើភ្នំ​គូលែន គឺ​ដើម្បី​ពិនិត្យ និងសិក្សា​មើលស្ថានភាពទូទៅ ព្រមទាំង​រិះគន់​មធ្យោបាយកែ​លម្អ​មួយចំនួន ដើម្បីប្រែក្លាយ​ទីតាំងទេសចរណ៍សំខាន់ៗនៅលើភ្នំ ​កាន់តែមានសណ្ដាប់ធ្នាប់ អនាម័យ និងក្លាយតែ​ទាក់ទាញ​។
 


ក្រៅពីភ្នំគូលែន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានជួបសំណេះសំណាលជាមួយប្រជា​សហ​គមន៍ទេសចរណ៍បឹងឈូក ក្នុងស្រុ​ក​បន្ទាយ​ស្រី និងបានរំឭកឱ្យ​​សហគមន៍​​ពង្រឹងសេវាកម្ម និងកែលម្អចំណុចអវិជ្ជមានខ្លះ ដើម្បីពង្រឹងភាពប្រកួតប្រជែងនៅក្នុងទីផ្សារ។
 
​បើតាម លោក សូកេន ​បច្ចុប្បន្ន ក្រសួងទេសចរណ៍ កំពុងធ្វើការងារមួយចំនួន ដែល​លោក​រដ្ឋមន្រ្តីហៅថា ​រៀបចំផ្ទះឱ្យ​បានល្អ និងផ្សព្វផ្សាយទៅកាន់គោលដៅនានា ក្នុងន័យទាក់​ទាញទេសចរឱ្យមកកម្សាន្ត​កម្ពុជា​​។ លោក សូកេន ក៏រំពឹងថា ជើងហោះហើរត្រង់ពីកម្ពុជា-ឥណ្ឌា ដែលនឹងចាប់ផ្តើ​មនៅ​ថ្ងៃ​ទី១៦ ខែមិថុនានេះ ​​ នឹងធ្វើឱ្យកម្ពុជាមាន​កំណើនទេសចរ​ដ៏ល្អឡើងវិញ​ជាមិនខាន៕









Tag:
 ភ្នំគូលែន
© រក្សាសិទ្ធិដោយ thmeythmey.com