អន្តរជាតិ
លោក ម៉ូឌី​ ក្លាយជាមេដឹកនាំឥណ្ឌាដំបូងកាន់តំណែង៣អាណត្តិជាប់គ្នា បន្ទាប់ពីលោក Nehru
10, Jun 2024 , 4:29 pm        
រូបភាព
លោក នារិន្ទ្រា ម៉ូឌី ក្នុងពិធីស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីឥណ្ឌា នៅថ្ងៃទី៩ ខែមិថុនា។ រូបភាព AFP
លោក នារិន្ទ្រា ម៉ូឌី ក្នុងពិធីស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីឥណ្ឌា នៅថ្ងៃទី៩ ខែមិថុនា។ រូបភាព AFP
លោក នា​រិ​ន្ទ្រា ម៉ូ​ឌី នៅថ្ងៃទី៩ ខែមិថុនា បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីឥណ្ឌា នៅអាណត្តិទី៣។ លោក ម៉ូឌី បានក្លាយជាមេដឹកនាំឥណ្ឌាដំបូង ដែលបានកាន់តំណែង ៣អាណត្តិជាប់គ្នា បើគិតចាប់តាំងពីលោក Jawaharlal Nehru អតីតនាយករដ្ឋមន្រ្តីឥណ្ឌា។

 
បន្ទាប់ពីឈ្នោះការបោះឆ្នោតសភា ដែលបានរៀបចំប្រមាណ ២ខែកន្លងមក លោក នារិន្ទ្រា ម៉ូឌី បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រី នៅអាណត្តិទី៣ នៅថ្ងៃទី៩ ខែមិថុនា។ សម្ព័ន្ធប្រជាធិបតេយ្យជាតិ (NDA) ដែលដឹកនាំដោយលោកម៉ូឌី ទទួលបានអាសនៈ ២៩២អាសនៈ ពោលគឺលើសពីសំឡេងបង្កើតរដ្ឋាភិបាល ដែលតម្រូវឱ្យមានត្រឹម ២៧២អាសនៈនៅក្នុងរដ្ឋសភាប៉ុណ្ណោះ។ 
 
នៅក្នុងវ័យ ៧៣ឆ្នាំ លោក នារិន្ទ្រា ម៉ូឌី ត្រូវដឹកនាំរដ្ឋាភិបាលជាលើកដំបូង ដែលពឹងផ្អែកសម្ព័ន្ធបក្សប្រជាធិបតេយ្យជាតិ។ ក្នុងការបោះឆ្នោតរដ្ឋសភា ឆ្នាំ២០២៤ បក្សជាតិនិយម Bharatiya Janata ទទួលបានអាសនៈត្រឹម ២៤០ប៉ុណ្ណោះ ពោលគឺសំឡេងគាំទ្រថយចុះច្រើន បើធៀបនឹងឆ្នាំ២០១៤ និង២០១៩ ដែលទទួលបានសំឡេងភាគច្រើននៅក្នុងសភា។ 
 
ក្នុងពិធីស្បថចូលកាន់តំណែងរបស់លោកម៉ូឌី មេដឹកនាំនៅតំបន់អាស៊ីខាងត្បូងមួយចំនួនបានបង្ហាញវត្តមាន ក្នុងនោះមានដូចជា លោកស្រី Sheikh Hasina នាយករដ្ឋមន្រ្តីបង់ក្លាដែស, ប្រធានាធិបតីស្រីលង្កា លោក Ranil Wickremesinghe, នាយករដ្ឋមន្រ្តីនេប៉ាល់ លោក Pushpa Kamal Dahal និងប្រធានាធិបតីម៉ាល់ឌីវ លោក Mohamed Muizzu ជាដើម។ 
 
ទោះជាមេដឹកនាំឥណ្ឌា ដែលកាន់អំណាចជាប់ៗគ្នាបាន៣អាណត្តិក្តី លោក ម៉ូឌី ប្រឈមបញ្ហាច្រើននៅក្នុងប្រទេសត្រូវដោះស្រាយ ក្នុងនោះមានដូចជា បញ្ហាខ្វះការងាររបស់ប្រជាជន, ប្រាក់បៀវត្សទាប និងថ្លៃចំណាយប្រចាំថ្ងៃរបស់ប្រជាជនឡើងខ្ពស់ជាដើម។ 
 
កន្លងមក ក្រុមអ្នករិះគន់ បានលើកឡើងថា លោកម៉ូឌី បានបំផ្លាញប្រជាធិបតេយ្យឥណ្ឌា បង្រ្កាបលើក្រុមជនជាតិភាគតិចដូចជាម៉ូស្លីម រួមទាំងបំបិទសំឡេងប្រឆាំង និងប្រព័ន្ធសារព័ត៌មានថែមទៀត។
 
គួររម្លឹកថា លោក Jawaharlal Nehru អតីតនាយករដ្ឋមន្រ្តីឥណ្ឌា ធ្លាប់ឈ្នះការបោះឆ្នោត នៅក្នុងឆ្នាំ១៩៥១, ១៩៥៧ និង១៩៦២ មុនពេលទទួលមរណភាពនៅក្នុងឆ្នាំ១៩៦៤។ លោក Nehru ជានាយករដ្ឋមន្រ្តីឥណ្ឌា ដែលកាន់អំណាចបានយូរជាងគេបំផុត ក្នុងប្រវត្តិសាស្រ្តប្រទេសអាស៊ីខាងត្បូងមួយនេះ៕ 

Tag:
 ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com