សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
រុស្ស៊ី៖៤០ភាគរយនៃប្រតិបត្តិការពាណិជ្ជកម្មក្រៅប្រទេស ប្រើប្រាស់ប្រាក់រូប្លិ៍
11, Jun 2024 , 8:59 am        
រូបភាព
ប្រាក់រូប្លិ៍រុស្ស៊ី ។ រូបភាព ៖ Xinhua
ប្រាក់រូប្លិ៍រុស្ស៊ី ។ រូបភាព ៖ Xinhua
ជិត ៤០ភាគរយ នៃទំហំពាណិជ្ជកម្មរបស់ប្រទេសនេះ បច្ចុប្បន្នត្រូវបានជួញដូរជាប្រាក់រូប្លិ៍។ នេះបើតាមសម្តីរបស់លោកវ្ល៉ាឌីមៀ ពូទីន ប្រធាធិបតីរុស្ស៊ី នៅថ្ងៃទី៧ ខែមិថុនា។

 
ពីវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg (SPIEF) ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា ការប្រើប្រាស់ប្រាក់រូប្លិ៍ គឺកើនឡើងប្រហែល ៣០ភាគរយ បើធៀបឆ្នាំមុន និងខ្ពស់ជាង ១៥ភាគរយ មុនពេលជម្លោះជាមួយអ៊ុយក្រែន។
 
អត្រាប្រតិបត្តិការដែលបានធ្វើឡើងជាប្រាក់ដុល្លារ អឺរ៉ូ និងរូបិយប័ណ្ណលោកខាងលិចផ្សេងទៀត ដែលទីក្រុងម៉ូស្គូចាត់ទុកថា គ្មានភាពទាក់ទាញមានការថយចុះ។ ការទូទាត់សម្រាប់ការនាំចេញរបស់រុស្ស៊ីជារូបិយប័ណ្ណទាំងនេះ បានធ្លាក់ចុះពាក់កណ្តាលកាលពីឆ្នាំមុន។
 
លោក ពូទីន បានអះអាងថា រុស្ស៊ីនឹងស្វែងរកការបង្កើនអត្រានៃការទូទាត់ជារូបិយប័ណ្ណ នៃប្រទេសសមាជិក BRICS ដែលជាសម្ព័ន្ធមិត្តសេដ្ឋកិច្ចរួមដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ 
 
«បណ្តាប្រទេស BRICS កំពុងធ្វើការដើម្បីបង្កើតប្រព័ន្ធទូទាត់ឯករាជ្យមួយ ដោយមិនមានការគាបសង្កត់ផ្នែកនយោបាយ ការក្លែងបន្លំ និងការដាក់ទណ្ឌកម្មពីខាងក្រៅ»។ លោកពូទីន បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី ៧ ខែមិថុនា។ នេះបើតាមសារព័ត៌មានរុស្ស៊ី Sputnik។ 
 
បើតាមលោកប្រធានាធិបតីរុស្ស៊ី បណ្តាប្រទេសជាមិត្តសមនឹងទទួលបានការយកចិត្តទុកដាក់ជាពិសេស ពីព្រោះពួកគេនឹងរៀបចំអនាគតសេដ្ឋកិច្ចពិភពលោក ហើយមានចំនួន៣ ភាគ ៤ នៃទំហំពាណិជ្ជកម្មជាមួយរុស្ស៊ីរួចទៅហើយ។ លោក ពូទីន លើកឡើងបែបនេះ ស្របពេលវិមានក្រឹមឡាំងប្រើវេទិកា SPIEF ដើម្បីស្វែងរកទំនាក់ទំនងថ្មីជាមួយបណ្តាប្រទេសនៅអាស៊ី អាម៉េរិកឡាទីន និងអាហ្វ្រិក។
 
ប្រធានាធិបតីរុស្ស៊ី មានផែនការលម្អិតសម្រាប់កំណែទម្រង់ដ៏សំខាន់ នៃទីផ្សារហិរញ្ញវត្ថុរបស់ប្រទេស រួមទាំងការបង្កើនតម្លៃទីផ្សារភាគហ៊ុនទ្វេដងនៅចុងទសវត្សរ៍នេះ កាត់បន្ថយការនាំចូល និងបង្កើនការវិនិយោគលើទ្រព្យសកម្មហិរញ្ញវត្ថុ។
 
ប្រទេសលោកខាងលិច បានព្យាយាមហ៊ុមព័ទ្ធទឹកប្រាក់ចំនួន ២ទ្រីលានដុល្លាររបស់រុស្ស៊ី ជាការឆ្លើយតបទៅនឹងការបង្កសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង នៅក្នុងខែកុម្ភៈឆ្នាំ ២០២២។ 
 
យ៉ាងណាមិញ សេដ្ឋកិច្ចរុស្ស៊ីរំពឹងថា នឹងកើនឡើងលឿនជាងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំងអស់នៅឆ្នាំនេះ ទោះបីជាមានការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ក៏ដោយ។ មូល និធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា ទំហំផលិតផលក្នុងស្រុកសរុប (GDP) របស់រុស្ស៊ីនឹងកើនឡើង ៣,២ភាគរយ នៅឆ្នាំ២០២៤ ដែលនឹងលើសពីអាម៉េរិកមានត្រឹម ២,៧ភាគរយ  ខណៈអាល្លឺម៉ង់ បារាំង និង​អង់គ្លេស ​ទំនង​ជា​មាន​កំណើន​ក្រោម ១ភាគរយ។ 
 
កន្លងមក រុស្ស៊ី បាន​អះអាង​ថា ទណ្ឌកម្ម​លោក​ខាង​លិច​លើ​ឧស្សាហកម្ម​សំខាន់ៗ​បាន​ធ្វើ​ឲ្យ​ខ្លួន​កាន់​តែ​ពឹង​លើ​ខ្លួន​ឯង។ ទន្ទឹមនេះ ការប្រើប្រាស់ឯកជន និងការវិនិយោគក្នុងស្រុកទំនងជានឹងងើបឡើងវិញ។ ការនាំចេញប្រេង និងទំនិញបានផ្លាស់ទិសដៅទៅកាន់ប្រទេសដូចជាឥណ្ឌា និងចិន ដែលជួយទីក្រុងម៉ូស្គូរក្សាប្រាក់ចំណូលនាំចេញដ៏រឹងមាំ៕
 

Tag:
 រុស្ស៊ី
  ពាណិជ្ជកម្ម
  ប្រាក់រូប្លិ៍
© រក្សាសិទ្ធិដោយ thmeythmey.com